ព័ត៌មានសិល្បៈ និងកម្សាន្ត

ជាង១០ម៉ឺនដុល្លារ ប្រកាសចំណាយលើការផលិតរឿងស្ដីពីជម្លោះក្នុងសង្គមយ៉ាងស្រួចស្រាល

កាលពីព្រឹកថ្ងៃទី១៦ មិថុនា លោក អ៉ិន ម្ចាស់ផលិតកម្ម មហាហង្ស បានប្រកាសចំណាយទុនយ៉ាងតិច១០ម៉ឺនដុល្លារ ផលិតរឿងភាគថ្មីមួយ ដោយគ្រោងដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍។ លោកថារឿងនេះមានចំណងជើងថា«មរតកចុកឈាម» ដោយសាច់រឿងសំខាន់គឺនិយាយពីជម្លោះយ៉ាងស្រួចស្រាលរវាងបងប្អូន និងបងប្អូន ដែលលោកបញ្ជាក់ថាគឺឆ្លុះបញ្ចាំងពីសង្គមទាំងស្រុងនាពេលបច្ចុប្បន្ន។

លោកបានថ្លែងក្នុងពិធីក្រុងពាលីសម្ពោធរឿងថា ដើម្បីបំពេញចំណូលចិត្តរបស់ស្រ្តីមេផ្ទះ ដែលចូលចិត្តទស្សនារឿងភាគនៅតាមកញ្ចក់ទូរទស្សន៍ ទើបលោកសម្រេចចិត្តបោះទុនផលិតរឿងនេះ ដោយបានទាំងជ្រើសយកពិធីករពិធីការិនីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ អោយសម្ដែងជាតួឯកផង ដើម្បីអោយកាន់តែមានការចាប់អារម្មណ៍។ លោកថារឿងនេះ បង្ហាញទាំងស្រុងពីបងប្អូនដែលធ្លាប់តែស្រឡាញ់គ្នា ធ្លាប់តែសាមគ្គីគ្នា តែដល់លទ្ធផលចុងក្រោយគឺដោយសារតែប្រាក់ក៏សុខចិត្តឈ្លោះគ្នា បែកបាក់គ្នា និងប្រើគ្រប់មធ្យោបាយដើម្បីដណ្ដើមយកកេរ្តិ៍របស់ឪពុកម្ដាយ ដោយមិនខ្វល់ពីទឹកចិត្ត និងមនោសញ្ចេតនារបស់បងប្អូន។ លោកថារឿងនេះនឹងក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងធំមួយនៅក្នុងសង្គមនាពេលបច្ចុប្បន្ន ដោយលោកប្រកាសថាខ្លួននឹងធ្វើអោយផ្ទៃរឿងក្លាយការជាពញាក់អារម្មណ៍ចំពោះអ្នកគិតតែប្រយោជន៍ភ្លេចគិតគ្រួសារ ទទួលរងនូវបទពិសោធន៍ឈឺចាប់។

លោកទទួចអោយបណ្ដាផលិតករងាកមកផលិតរឿងដែលស្ដែងអោយឃើញពីការអប់រំអោយច្រើនជាងផលិតដើម្បីកម្សាន្ត ដើម្បីទុកគ្រាន់ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គមផង និងជួយកែលម្អផ្នត់គំនិតរបស់អ្នកទស្សនា។ រឿងនេះគ្រោងផលិតរយៈពេល៣ខែ ដោយលោកប្រកាសថា នឹងដំណើរការផ្សាយនៅលើទូរទស្សន៍អាស៊ីអាគ្នេយ៍ក្នុងម៉ោងមាស នៅអំឡុង៣ខែក្រោយបើទោះជារឿងថតមិនទាន់ចប់។ អ្វីដែលលោកជឿជាក់គឺភាពយន្តនេះ ចម្រុះដោយតារាល្បីៗជើងចាស់ និងជើងថ្មី ដែលលោកយល់ថានឹងមានចំណុចទាក់ទាញ៕

មតិយោបល់