ភ្នំពេញ: នៅលើហ្វេសប៊ុករបស់អ្នកនាង ម៉េង កែវពេជ្ជតា អ្នកនាងបានបង្ហាញអារម្មណ៍អន់ចិត្ត ដោយបើកចំហរតែម្ដងចំពោះ ចំណាត់ការរបស់ក្រសួងវប្បធម៌ និងករណីដែល ដេនី ក្វាន់ ស្លៀកពាក់ស៊ិចស៊ីកាលពីថ្ងៃទី១៧ ឧសភា ក្នុងពេលក្រសួងតម្រូវឲ្យ ដេនី ក្វាន់ទៅទទួលការអប់រំ។
ក្នុងនោះអ្នកនាង ក៏នៅតែអន់ចិត្តមិនទាន់ចប់ផងដែរ ចំពោះការប្រមាថរបស់ ដេនី ក្វាន់ ក្នុងពេលផ្ទុះឡើងនូវជម្លោះ ពាក្យសម្ដីជាមួយគ្នាបើទោះជា ដេនី ក្វាន់ បានបង្ហោះការសុំទោសជាសាធារណៈរួចទៅហើយ។
នៅក្នុងចម្លើយតបទៅកាន់ប្រិយមិត្តនៅក្នុងហ្វេសប៊ុក នៅពេលមានព័ត៌មានសុំទោសរបស់កញ្ញា ដេនី ក្វាន់ ត្រូវបានបង្ហោះឲ្យអ្នកនាងបានឃើញ នៅក្នុងគណនេយ្យផ្ទាល់ខ្លួនរបស់អ្នកនាង តារាចម្រៀង ម៉េង កែវពេជ្ជតា បានសរសេររិះគន់ ទៅកាន់ក្រសួងវប្បធម៌ ដោយមានន័យសំដៅថា អ្នកនាងមិនអាចទទួលយកនោះទេ ដែលក្រសួងវប្បធម៌មិនមានចំណាត់ការណាមួយ ទៅលើ ដេនី ក្វាន់ បន្ទាប់ពីនាងធ្វើខ្លួនស៊ិចស៊ី បណ្ដាលឲ្យមានការរិះគន់ពេញស្រទាប់មហាជន និងបានទាំងស្លៀកពាក់លិចលើខើចក្រោម ក្នុងថ្ងៃទៅជួបក្រសួងនោះទៅទៀត ប៉ុន្តែក្រសួងនៅតែទទួលជួប ហើយមិនមានការស្ដីបន្ទោស។
ក្នុងនោះអ្នកនាងក៏បានរិះគន់ដល់ជំហររបស់ ដេនី ក្វាន់ ផងដែរ ដែលមុនការបង្ហោះសុំទោស គឺបញ្ជាក់ថាខ្លួនមិនយល់ព្រមទទួលខុស ចំពោះការប្រមាថមកលើអ្នកនាង ប៉ុន្តែចុងក្រោយបែរជាបានកែប្រែជំហរ។ អ្នកនាងបញ្ចេញអារម្មណ៍ឆ្លើយតប ទៅកាន់អ្នកផ្ដល់យោបល់ថា «មុនហ្នឹងប្រកាសដាច់ខាត មិនសូមទោសខ្ញុំទេ។ នេះប្រហែលជាខ្លាចអ្វីមួយ ទើបប្រឹងប្រញាប់ចេញមកសូមទោសទាំងមិនចង់។ ហ៊ឺខ្ញុំហាក់អន់ចិត្ត និងក្រសួងយើងណាស់ ស្លៀកពាក់បែបហ្នឹងក៍អាចទទួលជួបបានដែរ វាខុសពីពួកខ្ញុំ បើហ៊ានតែខុសបន្តិច ម៉ែអឺយអត់មើលមុខអាឡូវហេហេ!»។
ការលើកឡើងរបស់អ្នកនាង ត្រូវអ្នកលេងហ្វេសប៊ុកភាគច្រើនយល់ស្រប និងអះអាងថាឈុតដែល ដេនី ក្វាន់ បានស្លៀកក្នុងពេលឡើងទៅជួបលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ កាលពីថ្ងៃទី១៧ ឧសភា ដែលមានអ្នកកាសែតនៅចាំធ្វើកិច្ចសម្ភាសន៍ច្រូងច្រាង គឺជារឿងមិនគួរនឹងក្រសួងផ្ដល់កិត្តិយសឲ្យ។
យ៉ាងណាមិញ លោកគឹម សាន ប្អូនប្រុសរបស់ ដេនី ក្វាន់ ធ្លាប់បានបញ្ជាក់ហើយថា ឈុតដែលនាងស្លៀកពាក់នោះមិនហួសហេតុទេ គឺគ្រាន់តែមើលទៅមានលក្ខណៈបែបស៊ីវិល័យបន្តិចប៉ុណ្ណោះ។ លោកថាឈុតនោះ ជាឈុតរបស់តារាល្បី នៅក្នុងប្រទេសថៃ ហើយមិនត្រូវបានទុកថា សំលៀកបំពាក់មិនសមភ្នែកនោះទេ និងរឹតតែមិនមានន័យ មើលស្រាលចំពោះក្រសួងទៅទៀត។ លោកទទូចឲ្យមើលឃើញពីចំណុចវិជ្ជមាន របស់បងស្រីខ្លួន និងបញ្ចប់ការកត់សម្គាល់លើចំណុចមិនល្អ ដោយសារតែនាងបានទទួលខុសចំពោះ ភាពស៊ិចស៊ីទៅហើយ។
អ្នកនាង ម៉េង កែវពេជ្ជតា នៅតែបង្ហាញពីការអន់ចិត្តទាំងលើករណីក្រសួង និង ដេនី ក្វាន់ ដែលបានបង្ហោះសារតិះដៀលអ្នកនាង ឡើងផ្អើលមហាជន ប៉ុន្តែចុងក្រោយ គឺគ្រាន់តែការសុំទោស ក៏ត្រូវសមាគមសិល្បករខ្មែរ និងក្រសួងវប្បធម៌ កោតសរសើរ និងលើកទឹកចិត្ត។ អ្នកនាងសរសេរថា «ញុំសសៃប្រសាទ តែញុំស្លៀកពាក់ជិតត្រឹមត្រូវ តែគាត់វិញកើតអីដែរ បានស្រាតខោអាវបោះចោលអស់ចឹង!»។
ពាក់ព័ន្ធនិងការមិនអស់ចិត្តរបស់អ្នកនាង ម៉េង កែវពេជ្ជតា នេះ គេមិនឃើញមានការតតាំងពីកញ្ញា ដេនី ក្វាន់ និងអ្នកគាំទ្រដូចមុនទៀតទេ បើទោះជាការបង្ហោះរបស់អ្នកនាងបានរិះគន់ចំៗ ទៅលើនាង និងចំណាត់ការមិនមានប្រសិទ្ធភាពរបស់ក្រសួងវប្បធម៌។
លោក សុះ ម៉ាច ប្រធានសមាគមសិល្បៈករខ្មែរធ្លាប់អះអាងថា ករណីដៀលគ្នាទៅវិញទៅមករវាងអ្នកនាង ម៉េង កែវពេជ្ជតា និងដេនីក្វាន់ គឺជារឿងឯកជន ទើបខាងសមាគម និងក្រសួងវប្បធម៌ គឺលោកថៃ នរៈសត្យា សម្រេចមិនធ្វើការលូកដៃ បើទោះជាសភាពនៃជម្លោះពាក្យសម្ដីនោះ ត្រូវគេមើលឃើញថាតារាស្រករក្រោយគឺ ដេនី ក្វាន់ បានប្រើពាក្យមិនសមរម្យ ទៅលើរៀមច្បង ដែលធ្វើឲ្យតម្លៃអ្នកសិល្បៈរងការរិះគន់។ លោកនិយាយថា «ក្រសួង ឬសមាគមមិនអាចទៅដាក់បន្ទុកលើតារាណាម្នាក់ ដោយសារតែបញ្ហាឈ្លោះគ្នាហ្នឹងកើតទេ ព្រោះនោះជារឿងបុគ្គល!»។ យ៉ាងណាមិញ លោកក៏ហាក់អន់ចិត្តបន្តិចដែរ ដែលដេនី ក្វាន់ ទៅជួបក្រសួងកាលពីថ្ងៃទី១៧ ឧសភា ហើយនៅតែប្រើសំលៀកពាក់ចេញក្បាលពោះនាថ្ងៃនោះ៕
មតិយោបល់