ភ្នំពេញ: គ្រាន់តែក្រឡេកឃើញ រថយន្តម៉ូឌែល X1 ថ្មីស្រឡាងរបស់ក្រុមហ៊ុនឧស្សាហកម្មធនធ្ងន់ BMW ភ្លាម ពិតជាលង់នឹងភាពស្រស់សង្ហាររបស់វា មិនខានឡើយ។ ប៉ុន្តែសុំកុំមើលតម្លៃ ត្រូវសិក្សាអំពីលក្ខណៈសម្បត្តិរបស់វាជាមុនសិន សឹមសម្រេចចិត្ត។
រថយន្ត BMW ស៊េរីត្រកូល X នេះ បង្ហាញនូវលក្ខណៈពិសេស ផ្នែកខាងក្រៅរបស់ខ្លួន បង្អួតទាំងផ្នែកខាងមុខ និងខាងក្រោយរាងខ្លីបន្តិច រួមផ្សំនឹងប្រវែងគម្លាតពីកង់មុខមកកង់ក្រោយវែង ដែលជាលក្ខណៈពិសេសរបស់ឡានស្ព័រ ប្រភេទ SAV សម្រាប់ BMW X1 បង្កើតនូវបច្ចេកវិទ្យាទំនើប និងគំនិតច្នៃប្រឌិតថ្មី ខុសប្លែកពីផលិតផលផ្សេងៗ ដែលគ្រាន់តែធ្វើការកែលម្អ ត្រឹមតែរូបរាង ឬលក្ខណៈសម្បត្តិបន្តិចបន្តួច ឬដដែលៗប៉ុណ្ណោះ។
ទស្សនវិស័យរបស់ BMW ស៊េរី X លើចំណែកផ្នែកខាងក្នុងវិញ គឺនៅតែរចនាឡើង និងថែរក្សាទ្រង់ទ្រាយដើម យ៉ាងហ្មត់ចត់ ដោយការផលិតផ្សំពីវត្ថុធាតុដើមប្រណីតៗ មានគុណភាពខ្ពស់ និងមានភាពស្វ័យប្រវត្ត ព្រោះ BMW X1 អាចចល័តទីតាំង និងកម្ពស់ សម្រាប់ភាពងាយស្រួលរបស់អ្នកធ្វើដំណើរ។ ក្រៅពីប្រណីតភាព និងភាពទាក់ទាញ ផ្នែកខាងក្នុងរថយន្ត ក៏មានលក្ខណៈពិសេសច្រើនទៀត ដូចជា កៅអីដែលចល័ត នៅជួរទី២ អាចបត់ផ្នែកបង្អែកដោយស្វ័យប្រវត្ត សមតាមបំណងរបស់អ្នកធ្វើដំណើរ ទៀតផង។
ទន្ទឹមនឹងនេះ រថយន្ត BMW ម៉ូឌែល X1 បំពាក់ម៉ាស៊ីនសាំង ក៏ដូចជាម៉ាស៊ីនម៉ាស៊ូត ដែលមានជម្រើសថាមពលខ្លាំង និងប្រសិទ្ធភាពខ្ពស់ ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសន្សំសំចៃ Efficient Dynamics ដែលនឹងផ្តល់ភាពរំភើប ដល់ម្ចាស់រថយន្ត ដោយចំណាយសាំងត្រឹមតែ 6.6 លីត្រក្នុង ១០០គីឡូម៉ែត្រ ព្រមទាំងកាត់បន្ថយឧស្ម័នកាបូនិច CO2 ក្នុងបរិមាណ ១៥២ក្រាមក្នុង ១គីឡូម៉ែត្រ ដើម្បីកាត់បន្ថយជាតិពល ចូលបិរិស្ថាន។
លោក ភីធឺ ប្រុងហ្គឺ អគ្គនាយករបស់ក្រុមហ៊ុន BMW ប្រចាំប្រទេសកម្ពុជា ក្នុងកម្មវិធីសម្ពោធកន្លងមក ធ្លាប់បានមានប្រសាសន៍បញ្ជាក់ថា៖ អ្នកបើកបររថយន្ត BMW ស៊េរី X របស់យើង សុទ្ធសឹងជាបុគ្គល ដែលមានគំនិតឈានមុខ ក្នុងការបើកបរ ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់។ ពួកគេរិះគិតពីឱកាសនាពេលអនាគត ហើយរថយន្តរបស់គាត់ បញ្ជាក់ពីអត្តចរិត និងសកម្មភាពរស់រវើក ក្នុងជីវិតរបស់ពួកគាត់។ BMW X1 ស៊េរីថ្មីនេះ គឺជាការបញ្ជាក់ច្បាស់ ទៅនឹងទំនើបភាពរបស់រថយន្ត គុណភាពកម្រិតខ្ពស់ និងភាពឥតខ្ចោះ។ និយាយឲ្យខ្លី គឺឥតខ្ចោះគ្រប់ចំណុច តែម្តង។
គួរបញ្ជាក់ថា BMW X1 គឺជាដៃគូពិសេសរបស់លោក លោកស្រី ធុរកិច្ចជន និងអភិជន គ្រប់ពេលធ្វើដំណើរ គ្រប់ទីកន្លែង។ លើសពីនេះទៅទៀត BMW X1 មានល្បឿនលឿនរស់រវើក ងាយស្រួលបើកបរទាំងក្នុងក្រុង និងជនបទ ប្រើប្រាស់ដូចរថយន្តស្ព័រ ផងដែរ៕
មតិយោបល់