បើទោះជាអ្នកគ្រូ គង់ ណារី មិនមានកូនចៅ និងប្ដីសី ជាបង្អែក ក៏ពិធីបុណ្យសពរបស់អ្នកគ្រូ នៅតែត្រូវបានរៀបចំយ៉ាងសមរម្យនៅបរិវេណវត្តស្រះចក ដោយសាច់ញាតិ និងកូនសិស្សៗរបស់អ្នកគ្រូ ដែលជាអ្នករួមចំណែកក្នុងការចាត់ចែងបុណ្យសពរបស់អ្នកគ្រូ នៅតែបានឯកភាពបូជាសពរបស់អ្នកគ្រូ ក្នុងពេលវេលាមួយកំណត់។ សពរបស់អ្នកគ្រូ ត្រូវបានឯកភាពអោយបូជា នៅវេលាម៉ោង៩យប់ថ្ងៃទី ២៣ មករា ដោយសារតែពេលវេលានោះគឺជាពេលវេលាល្អប្រសើរ។
លោក សន សុវណ្ណារ៉ា កូនសិស្សរបស់អ្នកគ្រូ និងជាអ្នកចាត់ចែងក្នុងពិធីបុណ្យសពរបស់អ្នកគ្រូមួយរូបដែរ បានអះអាងថា គ្រួសារទាំងមូលសម្រេចបូជាសពអ្នកគ្រូនៅវេលាយប់ថ្ងៃពុធទី២៣ មករា គឺដោយសារតែមានការបញ្ជាក់ពីខាងព្រះសង្ឃថា ពេលវេលាមួយនោះ គឺល្អសម្រាប់សាច់ញាតិបងប្អូន និងជាពេលល្អមួយដើម្បីអោយវិញ្ញាណរបស់អ្នកគ្រូបានទៅដល់សុគតិភព។ លោកអះអាងថា សពរបស់អ្នកគ្រូកំណត់ធ្វើបុណ្យដល់យប់ថ្ងៃពុធ ដើម្បីអោយដល់ថ្ងៃព្រហស្បតិ៍ទី២៤ មករា គឺជាបន្តធ្វើពិធីបុណ្យ៧ថ្ងៃបន្តទៀតតែម្ដង ដើម្បីកុំអោយពិបាករើរោងចុះឡើង និងកុំអោយពិបាកបន្តកម្មវិធី៧ថ្ងៃ។ លោកថាក្នុងពិធីបូជាសពរបស់អ្នកគ្រូក្នុងវេលាម៉ោង៩ យប់នោះ ត្រូវបានអញ្ជើញអ្នកមានកិត្តិយសមួយចំនួនដើម្បីអោយធ្វើជាកិត្តិយស ប៉ុន្តែមិនទាន់ដឹងថាតើអ្នកជាន់ខ្ពស់ និងតារាសិល្បៈណាខ្លះអាចមកចូលរួមបាននោះទេ។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសពរបស់អ្នកគ្រូ គង់ ណារី ដ្បិតតែបានធ្វើឡើងសមមុខសមមាត់របស់អ្នកគ្រូ បើទោះជាអ្នកគ្រូមិនមានកូនចៅ និងស្វាមី ដើម្បីជំហរធ្វើបុណ្យ ប៉ុន្តែគេកត់សម្គាល់ថាមិនសូវមានភ្ញៀវកិត្តិយសច្រើនទេចូលរួម។ អ្នកដែលបានបង្ហាញខ្លួនភាគច្រើនច្រើនតែអុជធូបតែមួយភ្លែត ហើយក៏មិនមានច្រើនដែរ ទើបធ្វើអោយពិធីបុណ្យសពរបស់អ្នកគ្រូហាក់ស្ងាត់ជ្រងំ មិនសមនឹងកិត្តិយសរបស់អ្នកគ្រូ នៅក្នុងសិល្បៈ ដែលគួរតែមានមន្ត្រីធំៗ និងតារាសិល្បៈកុះករចូលរួម។ នៅក្នុងពិធីនោះ គេឃើញក្មួយបង្កើតរបស់អ្នកគ្រូកោសក់បួសមុខភ្លើងអោយ ខណៈដែលតុបាយសម្រាប់ទទួលភ្ញៀវ ហាក់ស្ងាត់សល់តុច្រើនជាងមានភ្ញៀវចូលរួម៕
មតិយោបល់