ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ អាវីហ្សា និងប្អូនថ្លៃឧកញ៉ា ទ្រី ភាព មិនទាន់មានគម្រោងរៀបការ

ភ្នំពេញៈ មកទល់ពេលនេះ ចំណងស្នេហ៍ដ៏ផ្អែមល្ហែមរវាងតារាសម្ដែងស្រីស្រស់សោភា នាង ពេជ្រ អាវីហ្សា និងប្អូនថ្លៃរបស់លោក ទ្រី ភាព ដែលគេស្គាល់ថា ជាឧកញ៉ាសម្បូរសម្បត្តិម្នាក់ ក្នុងប្រទេសកម្ពុជា នៅមិនទាន់បង្ហាញឲ្យដឹងពីគម្រោងរៀបការនៅឡើយទេ បើទោះជាអ្នកទាំងពីរ ត្រូវបានគេឃើញកៀកកិតគ្នា និងបានប្រើពាក្យហៅគ្នាថា ប្ដីប្រពន្ធ ទាំងនៅខាងក្រៅឆាក និងក្នុងការបង្ហោះសារឆ្លើយឆ្លងគ្នានៅលើហ្វេសប៊ុក។ យ៉ាងណាមិញ គេចាត់ទុកថា លោក ហ៊ា ហេង ដែលជាប្អូនប្រុសភរិយារបស់លោក ទ្រី ភាព មានស្នេហ៍ស្មោះចំពោះនាង ដោយក្រៅពីបានហួងហែងចំពោះនាងក្នុងនាមជាគូស្នេហ៍ ក៏បានប្រកាសឲ្យគេដឹងថា នាងជានារីដែលលោកប្រាកដប្រជា មិនដូចបុរសវ័យក្មេងសម្បូរទ្រព្យផ្សេងទៀត ដែលច្រើនតែលាក់លៀមជាមួយតារាស្រីនោះទេ។

ពេជ្រ អាវីហ្សា បានសារភាពប្រាប់ Post News ថា បុរសជាគូស្នេហ៍របស់នាង ពិតជាសែស្រឡាយក្នុងក្រុមគ្រួសាររបស់លោក ទី្រ ភាព ដោយនាង និងគ្រួសារនេះ គឺឧស្សាហ៍ឡើងចុះគ្នា ប្រៀបដូចជាគ្រួសារតែមួយនោះផង។ នាងបានបង្ហើបថា គ្រួសាររបស់លោក ទ្រី ភាព មិនបានរើសអើងចំពោះខ្លួន ដែលជាតារាសិល្បៈនោះទេ ផ្ទុយទៅវិញ គឺមានតែការផ្ដល់តម្លៃ ទើបធ្វើឲ្យស្នេហារបស់នាង និងលោក ហ៊ា ហេង កាន់តែស្អិតល្មួតនឹងគ្នា បើទោះជាលោក ហ៊ា ហេង ត្រូវគេដឹងថា ប្រច័ណ្ឌច្រើនដែលធ្វើឲ្យ ពេជ្រ អាវីហ្សា ស្មុគចិត្តម្ដងៗក្នុងការងារសិល្បៈ។

នាងនិយាយថា រវាងនាង និងសង្សារ ត្រូវការចំណាយពេលយល់ចិត្តគ្នាបន្ថែមទៀត ទើបកំណត់ថ្ងៃមង្គលការ ហើយបើដល់ថ្ងៃមង្គលការ នាងក៏មិនលាក់នោះដែរ គឺនឹងប្រកាសដោយបើកចំហរតែម្ដង។ នាងបង្ហើបថា «រឿងហ្នឹង(រៀបការ)អត់ទាន់ដឹងទេ ប៉ុន្តែអាចឆាប់ ឬនៅតិចទៀត!»

យ៉ាងណាមិញ យោងតាមរូបភាព និងសកម្មភាពរបស់នាងជាមួយគូស្នេហ៍ គឺចំណងស្នេហ៍របស់នាង ត្រូវគេមើលឃើញថា មានភាពរឹងមាំ បើទោះជានាង និងប្អូនថ្លៃរបស់លោក ទ្រី ភាព មិនទាន់មាននៅឡើយ សូម្បីពិធីភ្ជាប់ពាក្យ ឬស្ដីដណ្ដឹង។ មានការបញ្ជាក់ថា គ្រួសារខាងប្រុស ដែលសុទ្ធតែជាត្រកូលអ្នកជំនួញល្បីឈ្មោះបានទទួលយកនាងថា ជាសមាជិកថ្មីម្នាក់ និងបានទទួលស្គាល់នាងជាគូស្នេហ៍បេះមិនដាច់របស់លោក ហ៊ា ហេង រួចទៅហើយ ទើបក្រុមគ្រួសាររបស់លោក ទ្រី ភាព ជាពិសេស គឺប្រពន្ធរបស់លោកផ្ទាល់តែម្ដងមានភាពស្និតស្នាលជាមួយនាង មិនខុសពីសាច់ញាតិម្នាក់។

ជាក់ស្ដែង ក្នុងពិធីខួបកំណើតកូនប្រុសរបស់លោក ទ្រី ភាព និងពិធីផ្សេងៗ ដែលលោក និងគ្រួសាររៀបចំឡើង មិនមានពិធីណាមួយដែលគ្មានវត្តមាន ពេជ្រ អាវីហ្សា នោះទេ។ នាងក៏បានបង្ហាញសកម្មភាពថតរូប និងរាំរែកយ៉ាងសប្បាយៗនៅក្នុងពិធីនោះផងដែរ។

មានការបញ្ជាក់ថា អ្នកទាំងពីរ បើចង់រៀបការពេលណា គឺក្រុមគ្រួសារខាងប្រុសចាត់ចែងឲ្យភ្លាម ប៉ុន្តែមកពីអ្នកទាំងពីរ ចង់ស្ថិតនៅជាសង្សារ និងចង់មានការស្វែងយល់ចិត្តគ្នាឲ្យច្បាស់លាស់ជាងនេះបន្តិចសិន ទើបអាពាហ៍ពិពាហ៍របស់ ពេជ្រ អាវីហ្សា និងប្អូនប្រុសភរិយាលោក ទ្រី ភាព មិនទាន់លេចឡើង។ នាងត្រូវគេប្រដូចថា និងមានសំណាង បន្ទាប់ពីបានក្លាយខ្លួនជាកូនប្រសាររបស់គ្រួសារអ្នកជំនួញល្បីឈ្មោះ គឺលោកឧកញ៉ា ទ្រី ភាព នោះ៕

photo_2016-05-23_11-22-44 (2) photo_2016-05-23_11-22-44 photo_2016-05-23_11-22-45 (2) photo_2016-05-23_11-22-45 photo_2016-05-23_11-22-46 photo_2016-05-23_11-22-47 (2) photo_2016-05-23_11-22-47 photo_2016-05-23_11-22-48 (2) photo_2016-05-23_11-22-48 photo_2016-05-23_11-22-49 (2) photo_2016-05-23_11-22-49 photo_2016-05-23_11-22-50 (2) photo_2016-05-23_11-22-50 photo_2016-05-23_11-22-51 (2) photo_2016-05-23_11-22-51 photo_2016-05-23_11-22-52

មតិយោបល់