ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រុមប្រឹក្សាសមាគមសិល្បករខ្មែរ ប្រកាសដំឡើងLaptop ១៥គ្រឿងដល់សិស្សឆ្នើមបាក់ឌុប

ភ្នំពេញៈ ខណៈដែលការប្រលងបាក់ឌុបត្រូវបានចាប់ផ្ដើមនៅព្រឹកថ្ងៃច័ន្ទទី២២ សីហានេះ ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន្ត កុដិលេខ២៤ ដែលអ្នកណាក៏ស្គាល់ថាជាក្រុមប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរបានប្រកាសជាថ្មីថា ព្រះអង្គនឹងផ្ដល់Laptop រហូតដល់១៥គ្រឿង ជួយដល់អ្នកបានពិន្ទុខ្ពស់ពីការប្រលងបាក់ឌុបនៅក្នុងឆ្នាំនេះ។ នេះជាការផ្ដល់បន្ថែម ក្នុងពេលដែលប៉ុន្មានថ្ងៃមុនព្រះអង្គមានសង្ឃដីកាថា គ្រោងផ្ដល់ត្រឹមតែ១០គ្រឿងដល់សិស្សដែលមានពិន្ទុខ្ពស់ពីការប្រលងបាក់ឌុបនោះ។

ព្រះអង្គ នី សុវណ្ណមុនីរ៉េត បានបញ្ជាក់ពាក់ព័ន្ធនឹងបញ្ហានេះថា ដោយសារតែព្រះអង្គយល់ថាចំនួនLaptop ដែលព្រះអង្គប្រកាសផ្ដល់ឲ្យមានចំនួនត្រឹមតែ១០គ្រឿង ហាក់នៅមានចំនួនតិចនៅឡើយ ទើបព្រះអង្គសម្រេចប្រកាសជាថ្មីគឺបន្ថែម៥គ្រឿងបន្ថែមទៀតផ្ដល់ដល់សិស្សប្រលងបាក់ឌុបដែលមានពិន្ទុខ្ពស់ ឲ្យកាន់តែមានកម្លាំងចិត្ត។ យ៉ាងណាមិញ រង្វាន់Laptop ស៊េរីទំនើប ដែលព្រះអង្គប្រកាសផ្ដល់ជូននោះ គឺសម្រាប់តែសិស្សប្រលងបាក់ឌុបដែលមានពិន្ទុខ្ពស់នៅខេត្តស្វាយរៀងប៉ុណ្ណោះ ដោយសារតែព្រះអង្គបានកត់សម្គាល់ថាសិស្សភាគច្រើននៅខេត្តស្វាយរៀងមានកម្រិតជីវិតខ្វះខាត និងចង់លើកទឹកចិត្តដល់សិស្សនៅក្នុងខេត្តនេះ ឲ្យខំប្រលងឆ្នាំនេះ។

ព្រះអង្គមានសង្ឃដីកាថា Laptop ចំនួន១៥គ្រឿង ដែលប្រកាសផ្ដល់ជូនដល់អ្នកមានពិន្ទុខ្ពស់នៅខេត្តស្វាយរៀងពីការប្រលងបាក់ឌុបនេះ គឺមិនគិតចំពោះសិស្សនោះប្រលងបាននិទេសអ្វីនោះទេ សំខាន់ឲ្យតែបានពិន្ទុខ្ពស់ក្នុងចំណោម១៥នាក់នាំមុខគេប្រចាំខេត្តស្វាយរៀង គឺនឹងទទួលបានLaptop ម្នាក់មួយគ្រឿងពីព្រះអង្គដោយស្វ័យប្រវត្តិ។ ប៉ុន្តែក៏ត្រូវមានការបញ្ជាក់ពីខាងមន្ទីរអប់រំ យុវជន និងកីឡារបស់ខេត្តស្វាយរឿងពីលេខរៀងរបស់អ្នកមានពិន្ទុខ្ពស់នោះផងដែរ ដើម្បីកុំឲ្យមានការបន្លំណាមួយនៅពេលព្រះអង្គផ្ដល់រង្វាន់ឲ្យ ឬពេលមកបើករង្វាន់ពីព្រះអង្គនៅកុដិលេខ២៤របស់ព្រះអង្គនៅវត្តនាគវ័ន្ត។

ការប្រកាសរបស់តំណាងជាន់ខ្ពស់ក្រុមប្រឹក្សាសមាគមសិល្បករខ្មែរអង្គនេះ បានជះឥទ្ធិពលយ៉ាងខ្លាំងក្នុងការជំរុញទឹកចិត្តរបស់សិស្សប្រលងបាក់ឌុបក្នុងខេត្តស្វាយរៀងឲ្យកាន់តែមានកម្លាំងចិត្តប្រឹងប្រែង។ ព្រះតេជគុណ នី សុវណ្ណមុនីរ៉េត បានបន្តសង្ឃដីកាថា នាពេលកន្លងមកព្រះអង្គបានជួយជ្រោមជ្រែងដល់សិស្សក្រីក្រ និងផ្ដល់គ្រឿងឧបភោគបរិភោគ ព្រមទាំងថវិការាប់មិនអស់ច្រើនមកហើយជួយដល់តារាសិល្បៈចាស់ៗ និងក្មេងកំព្រា ទើបព្រះអង្គសម្រេចព្រះទ័យលើកទឹកចិត្តដល់សិស្សប្រលងបាក់ឌុបឆ្នាំនេះវិញម្ដង បើទោះជាក្នុងជំហាននេះគឺបានផ្ដល់ឲ្យតែសិស្សនៅខេត្តស្វាយរៀង៕

photo_2016-08-22_00-15-47photo_2016-08-22_00-15-53photo_2016-08-22_00-15-57photo_2016-08-22_00-16-00photo_2016-08-22_00-16-15photo_2016-08-22_00-16-18photo_2016-08-22_00-16-22

មតិយោបល់