កំពង់ស្ពឺៈ បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវបានជនសង្ស័យកាប់ បណ្តាលឱ្យរងរបួសធ្ងន់ ដើម្បីប្លន់យកម៉ូតូមួយគ្រឿងតែមិនបានសម្រេច កាលពីវេលាម៉ោង១៤និង២០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ ស្ថិតត្រង់ចំណុចចំការមន ក្នុងភូមិអាយាន ឃុំពាងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោ ពីង ពៅ អធិការរងទទួលបន្ទុកព្រហ្មទណ្ឌ ស្រុកឧដុង្គ បានឱ្យដឹងថា ជនរងគ្រោះក្នុងករណីប្លន់ ខាងលើមាន ឈ្មោះ ផាន យ៉ាន ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 2O.8827 ជាអ្នករត់ម៉ូតូឌុប ត្រូវបានជនសង្ស័យចាក់ និងអា.ក រងរបួសធ្ងន់ ក្រោយពីធ្វើសកម្មភាពប្លន់ម៉ូតូរងគ្រោះរួច ជនសង្ស័យត្រូវបានសមត្ថកិច្ចបង្ក្រាបបានភ្លាមៗដកហូតម៉ូតូ ប្រគល់ជូនជនរងគ្រោះវិញផងដែរ។
លោកអធិការរងបន្តថា មុខសញ្ញាជនសង្ស័យលួច មានស្ថានទម្ងន់ទោស (ប្លន់) មានឈ្មោះ ព្រំ ចាន់មុន្នី ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិអំពិល ឃុំកក់ ស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមផ្លូវច្បាប់។
លោក អធិការបានបន្តថា មុខពេលកើតហេតុជនសង្ស័យ បានប្រើល្បិចហៅម៉ូតូឌុបជិះពីម្តុំអង្តែនទួលគោកមកកាន់ស្រុកឧដុង្គ ពេលដល់ចំណុចចំការមន ឃុំពាំងល្វា ជាកន្លែងស្ងាត់ ជនសង្ស័យបាន យកកាំបិតចាក់.ក និងដើមទ្រូង បណ្តាលឱ្យរងរបួសក្នុងគោលបំណងប្លន់យកម៉ូតូ ប៉ុន្តែមិនបានសម្រេច ដោយជនរងគ្រោះស្រែកឱ្យគេជួយ នឹងមានអន្តរាគមន៍ ភ្លាមពីសមត្ថកិច្ចឈានដល់ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការនគរបាល ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកម៉ូតូប្រគល់ជួនជនរងគ្រោះវិញ៕
មតិយោបល់