ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្មវិធី«Komsan Talkshow » ប្រកាសប្ដូរពេលវេលាផ្សាយផ្ទាល់!

បន្ទាប់ពីបានដំណើរការកម្មវិធីបន្តផ្ទាល់ជាមួយតារាល្បីៗបាន៣សប្ដាហ៍មានការសំណូមពរជាច្រើនសុំឲ្យកម្មវិធីកិច្ចសម្ភាសន៍បន្តផ្ទាល់មួយនេះប្ដូរពេលវេលាទៅផ្សាយផ្ទាល់នៅពេលយប់វិញ ដើម្បីឲ្យអ្នកតាមដានមានលទ្ធភាពបានទស្សនាកិច្ចសម្ភាសន៍ និងបានជជីកសួរដេញដោលតារាកិត្តិយសដោយផ្ទាល់។ ដើម្បីបំពេញជូនតាមសំណូមពរនេះ កម្មវិធី«Komsan TalkShow» នឹងដំណើរការកែប្រែពេលវេលាផ្សាយផ្ទាល់ ដោយនឹងផ្សាយបន្តផ្ទាល់នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ដដែល តែធ្វើនៅវេលាម៉ោង៦និង៣០នាទីល្ងាច រហូតដល់ម៉ោង៨យប់វិញ។

ស្ថាបនិកគ្រួសារតារាកម្ពុជាដែលជាអ្នករៀបចំកម្មវិធីនេះ បានអះអាងថា រយ:ពេល៣សប្ដាហ៍កន្លងមកកន្លងតារាកិត្តិយសចំនួន៣គូបានធ្វើឲ្យកម្រើកកម្មវិធីយ៉ាងខ្លាំងជាមួយនឹងកិច្ចសម្ភាសន៍យ៉ាងក្ដៅគគុកដែលបានធ្វើឡើងជាមួយអ្នកនាង ឈិន សុធារី ជាមួយអ្នកនាងស្វែង សុជាតា និងចុងក្រោយគឺជាមួយលោក រិន សាវ៉េត និងលោក ហុងដា ពាក់ព័ន្ធនឹងរឿងរ៉ាវជាច្រើនដែលបានកើតឡើង។ កម្មវិធីនេះ បានផ្ដល់ឱកាសឲ្យតារាទាំងអស់ដែលមានរឿងរ៉ាវ មានស្នាដៃថ្មីៗ បានបង្ហាញសំឡេង និងចំណាប់អារម្មណ៍ជាសាធារណ: ដោយក្នុងវគ្គទី១គឺជាការលាតត្រដាងជុំវិញស្នាដៃ និងជីវប្រវត្តិរូបសង្ខេបរបស់តារាសិល្ប: វគ្គទី២គឺជាកិច្ចសម្ភាសន៍ក្ដៅៗជាមួយអ្នកនាងលី ម៉ារីណា និងលោក នាង វ៉ាងសាន់ និងវគ្គទី៣គឺជាឆ្លើយសំណួររបស់អ្នកទស្សនាតាមរយ:ទូរស័ព្ទ ពីសំណាក់អ្នកខលចូល។

អ្នករៀបចំកម្មវិធីដដែលបន្តថា ការសម្រេចដោះដូរពេលវេលាផ្សាយផ្ទាល់ គឺតម្រូវតាមការចង់បានរបស់អ្នកទស្សនាភាគច្រើន ហើយក៏មានបំណងចង់ឲ្យកម្មវិធីនេះកាន់តែកម្រើកនៅលើផេក Post Komsan ដែលជាអ្នកផលិតកម្មវិធីបន្តផ្ទាល់នេះផងដែរ៕

មតិយោបល់