ខុសពីតារាក្មេងៗ ដែលមានកេរ្តិ៍ឈ្មោះ ហើយក្លាយជាតារាមានបាន តារាសម្ដែងជើងចាស់ ដែលត្រូវគេស្គាល់ថាជាតួម្ដាយទាំង២នេះ បែរជាអះអាងថា ការសម្ដែងភាពយន្តរបស់ខ្លួន ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក គឺសម្រាប់តែបង់ថ្លៃឈ្នួលបន្ទប់ ដែលជួលរស់នៅមិនចង់គ្រប់នោះផង កុំថាឡើយបានសល់មានបាន។ នោះគឺដោយសារតែអ្នកទាំងពីរ មានសកម្មភាពសម្ដែងច្រើន ប៉ុន្តែចំណូលទាបហើយការចំណាយគឺខ្ពស់។
អ្នកស្រី ញឹម សុខា បានថ្លែងក្នុងពិធីជប់លៀងបិទបញ្ចប់សកម្មភាពថតរឿង «កញ្ញាជើងខ្លាំង» របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កាលពីយប់ថ្ងៃទី២០ មករា ថា អ្នកស្រីថតរឿងរយៈពេលជាង២០ឆ្នាំ កន្លងមក បានតម្លៃខ្លួនទាបៗ ខ្លាំងណាស់ ដោយកាលពីមុនផលិតករហ៊ានអោយតែមួយថ្ងៃ១០ដុល្លារ ឬយ៉ាងច្រើន២០ដុល្លារប៉ុណ្ណោះ ទើបអ្នកស្រីថតរឿងច្រើនឆ្នាំ កាន់ខែកាន់វស្សា ប៉ុន្តែលុយសល់ គឺមិនមាន ហើយរកតែលុយបង់ថ្លៃឈ្នួលផ្ទះ យ៉ាងលំបាកមិនគ្រប់។
អ្នកស្រីថា ផលិតករភាគច្រើនមិនសូវហ៊ានអោយតម្លៃខ្លួនខ្ពស់ ដល់តួចាស់ៗនោះទេ ហើយបើហ៊ានតែសុំ តវ៉ាគឺមិនយកថតតែម្ដង ដោយអះអាងថា យកតួថ្មីៗ មកតែងធ្វើចាស់ ក៏អាចថតបាន។ អ្នកស្រីបន្តថា ខ្លួនទើបតែមានសំណាងថត បានក្នុងមួយរឿង ចន្លោះពី៥០០ទៅ១ពាន់ដុល្លារ នៅប៉ុស្ដិ៍លេខ៥ ក្នុងប៉ុន្មានរឿងចុងក្រោយប៉ុណ្ណោះ ខណៈដែលតម្លៃដែលទទួលបានចុងក្រោយនេះ ក៏ត្រូវប្រើពេលពី៣ខែទៅ៤ខែទើបចប់។
អ្នកស្រីនិយាយថា «តួចាស់ៗ ដូចខ្ញុំថតច្រើនរឿងមែន ប៉ុន្តែតម្លៃខ្លួនគឺគេអោយថោកៗណាស់ មិនមែនដូចតួក្មេងៗ អ្នកខ្លះទើបថតសោះបានដល់ មួយថ្ងៃដល់រយ និងខ្លះដល់ពាន់នោះទេ តម្លៃប៉ុណ្ណឹងហើយ អោយតែគេហៅថតអោយច្រើន គឺវាអត់ទៅទៀត អ៊ីចឹងហើយទើបតួចាស់ៗ ដូចខ្ញុំអត់មានសល់អី ហើយតើធ្លាក់ខ្លួនឈឺគឺអត់លុយ!»។ អ្នកស្រីថា ខ្លួនត្រូវបង្ខំចិត្តទទួលថតទាំងឈឺទាំងជា ដោយសាររាល់ថ្ងៃត្រូវរកលុយសម្រាប់បង់ថ្លៃ បន្ទប់ជួលតម្លៃ៧០ដុល្លារ នៅម្ដុំបឹងសាឡាង និងត្រូវចិញ្ចឹមកូន និងចៅៗពីរបីនាក់ក្នុងបន្ទុក។
អ្នកស្រី អ៊ឹម ផល្លារ ដែលអះអាងថា សម្ដែងភាពយន្តប្រមាណជាង២០ឆ្នាំដែរ បានត្អូញត្អែរថា នៅពីក្រោយការសម្ដែង អ្នកស្រីស្ទើរមិនមានលទ្ធភាព រកលុយមកបង់ថ្លៃបន្ទប់ជួលតម្លៃ៥០ដុល្លារ នៅជាន់ខាងលើ នៅម្ដុំផ្សារតាប៉ាងតែម្ដង ជាពិសេសនៅក្នុងកាលៈទេសៈ ដែលខាងផលិតករមិនសូវហៅអ្នកស្រី អោយសម្ដែងនាងពេលចុងក្រោយ។ អ្នកស្រីថាខ្លួនសម្ដែងជាង២០ឆ្នាំមែន ប៉ុន្តែអោយតែហ៊ានសុំមួយថ្ងៃ៣៥ ឬ៤០ដុល្លារ គឺអត់មានអ្នកហៅថតតែម្ដង ខណៈការសម្ដែងមិនតិចរឿង តែរកតែលុយទិញខោអាវជជុះស្លៀកអត់ចង់បាន។
អ្នកស្រីថាខ្លួនទើបតែត្រូវផលិតករ នៅប៉ុស្ដិ៍លេខ៥ហៅសម្ដែង ក្នុងប៉ុន្មានរឿងចុងក្រោយ ហើយហ៊ានអោយមួយថ្ងៃ ដល់៥០ដុល្លារប៉ុណ្ណោះ ប៉ុន្តែក៏ទើបតែបាន និងមិនសូវជាបានច្រើនថ្ងៃក្នុងមួយរឿងនោះដែរ ទើបអ្នកស្រីទទូចអោយប៉ុស្ដិ៍លេខ៥ ជួយផ្ដល់ឱកាសអោយអ្នកស្រីបានថតអោយញឹកញាប់ថែមទៀត ដើម្បីបន្តលទ្ធភាពក្នុងការរស់នៅ។ ជាមួយនឹងការបង្ហើបអោយដឹងនេះ ពីស្ថានភាពនៅក្រោយខ្នងនេះ ទើបគេកត់សម្គាល់ថា តារាសម្ដែងចាស់ៗ រមែងជួបបញ្ហាជីវភាព នៅក្រោយពេលធ្លាក់ខ្លួនឈឺ ហើយសម្ដែងលែងកើត៕
មតិយោបល់