ព័ត៌មានសិល្បៈ និងកម្សាន្ត

ចុម! វណ្ណា វត្តី ឡើងកាលីបជិះសុទ្ធតែ Hummer

យោងតាមការទម្លាយផ្លូវការ តារាសម្ដែងដែលត្រូវគេស្គាល់ថាជាតារាចម្រៀងរបស់ផលិតកម្ម BN ផង គឺ កញ្ញា វណ្ណា វត្តី បានឡើងកាលីពជិះរថយន្តម៉ាក Hummer ប្រមាណជាមួយរយ:មកហើយ បន្ថែមពីលើរថយន្តដែលនាងប្រើប្រចាំថ្ងៃ និងផ្ទះវីឡាដែលនាងទើបតែសម្ញ៉ែង។ ឆ្លើយតបនឹងការរំលេចដំណឹងនេះ សមីខ្លួនទទួលស្គាល់ថាជាការពិត តែនាងនៅតែបដិសេធថានោះមិនមែនជារថយន្តដែលជាកាដូរបស់គូស្នេហ៍ ឬពីបុរសណាម្នាក់ដែលនៅក្រោយខ្នងនាងឡើយ។

វណ្ណា វត្តី និយាយថារថយន្តម៉ាក Hummer 2005 ពណ៌ខ្មៅដែលនាងប្រើប្រាស់នោះ នាងទិញមួយរយ:មកហើយ ប៉ុន្តែបណ្ដាលមកពីនាងមិនដែលបង្អួតទើបអ្នកខ្លះទើបតែដឹង។ នាងថារថយន្តនោះនាងបានទិញក្នុងតម្លៃប្រមាណជា៤ម៉ឺនដុល្លារ ដោយសារតែនាងស្រឡាញ់ភាពស៊ីវិល័យរបស់រថយន្តនេះ ក្រោយពីឃើញគេជិះ។

នាងសម្រេចប្រើរថយន្តមួយនេះតែពេលចុះខេត្តប៉ុណ្ណោះ ប៉ុន្តែបើការចេញថតនៅភ្នំពេញ គឺនាងមិនសូវពាល់នោះទេ ដោយសារតែនាងមិនចង់ឲ្យមានការភ្ញាក់ផ្អើល និងកុំឲ្យគេថានាងសម្ញ៉ែងរថយន្តម៉ាកកាចពេក។ នាងនៅតែអះអាងថាក្រៅពីការងារសិល្ប: គឺនាងមានមុខជំនួញផ្ទាល់ក្នុងការកុម្ម៉ង់ទំនិញពីប្រទេសថៃរយ:ពេលច្រើនឆ្នាំមកហើយ ដោយមុខជំនួញរបស់នាងគឺក្រៅពីជួយឲ្យនាងមានលុយទិញផ្ទះ ទិញវីឡា និងរថយន្តបូករួមទាំង Hummer ចុងក្រោយ ក៏ជួយឲ្យនាងមានខុនដូជួលដើម្បីបង្កើនប្រាក់កម្រៃផងដែរ។

យ៉ាងណាមិញ ការសម្ដែងដែលបានឈានឡើងក៏ជួយឲ្យនាងទទួលបានប្រាក់ចំណូលល្អប្រសើរផងដែរ បន្ថែមពីលើឱកាសដែលនាងបានច្រៀងនៅក្នុងផលិតកម្ម BN តាមរយ:ការបញ្ចេញបទចម្រៀងជាច្រើនវាយលុកទីផ្សារចុងក្រោយ។ នាងថាមិនខ្វល់រឿងអ្នកណាជឿ ឬមិនជឿនោះទេ ប៉ុន្តែអ្វីដែលនាងចង់ប្រកាស គឺរថយន្តHummer ដែលទើបនឹងមានអ្នកចាប់អារម្មណ៍ដឹងនេះ គឺជាកម្មសិទ្ធិរបស់នាង ដោយមិនមែនជារបស់បុរសណាម្នាក់ឲ្យនាងប្រើប្រាស់មួយរយ: ឬទិញឲ្យហើយប្រឈមនឹងការដកយកវិញនោះទេ៕

មតិយោបល់