ព័ត៌មានសិល្បៈ និងកម្សាន្ត

អេ ភូថង ទទួលផ្ទះមួយល្វែងពីលោកស្រី ហ៊ុន ម៉ាណា

ភ្នំពេញៈ អតីតកីឡាល្បីឈ្មោះលោកអេ ភូថង បានបង្ហាញអារម្មណ៍ត្រេកអរចង់ហោះ បន្ទាប់ពីលោកស្រី ហ៊ុន ម៉ាណា អគ្គនាយកទូរទស្សន៍បាយ័ន បានប្រគល់ផ្ទះមួយកន្លែងឲ្យលោក និងក្រុមគ្រួសារ ដើម្បីឲ្យលោកមានផ្ទះរស់នៅសមរម្យ។

ការផ្ដល់ជូននេះ គឺបន្ទាប់ពី មានការដឹងឮជាទូទៅថាលោកអេ ភូថង និងក្រុមគ្រួសារមិនមានផ្ទះផ្ទាល់ខ្លួន និងរស់នៅតែបុរីកីឡា ដែលមិនសមនឹងកេរ្តិ៍ឈ្មោះរបស់លោក ក្នុងនាមជាកីឡាករល្បីម្នាក់។ ផ្ទះដែលបានប្រគល់ជូននេះ គឺស្ថិតនៅបុរីសន្ដិភាព២ ចុះពីផ្លូវជាតិលេខ៣ហួសរង្វង់មូលចោមចៅ ដោយលោកឧកញ៉ា ប៉ែន កាក់ គឺជាអ្នកតំណាងលោកជំទាវហ៊ុន ម៉ាណា ប្រគល់ជូនលោកនឹងគ្រួសារកាលពីថ្ងៃទី២៣ឧសភាម្សិលមិញ។

អ្នកស្រីសុម៉ាលី ភរិយារបស់លោកអេភូថង បានអះអាងថា កន្លងមកអ្នកស្រី និងគ្រួសារធ្លាប់មានផ្ទះរស់នៅផ្ទាល់ខ្លួនដែរ ស្ថិតនៅបុរីសន្ដិភាព២នេះ ប៉ុន្តែដោយសារស្វាមីធ្លាក់ខ្លួនឈឺ និងបណ្ដាលមកពីអត់លុយចិញ្ចឹមក្លិប ក្នុងពេលមិនទាន់បិទទើបតែចេះតែមានការខ្វះខាតប្រាក់កាក់ ហើយឈានដល់ការលក់ចោល ដើម្បីយកប្រាក់ទៅដោះស្រាយជីវភាព និងដើម្បីបានសងបំណុលដែលជាប់ជំពាក់ជំពិន។ អ្នកស្រីថា គ្រួសាររបស់អ្នកស្រីធ្លាក់ខ្លួនជួលផ្ទះគេនៅអស់រយៈយ៉ាងយូរ មុនពេលបានកន្លែងរស់នៅដែលខាងសហព័ន្ធប្រគល់ឲ្យនៅស្ដាតចាស់។ អ្នកស្រីថា ហេតុផលដែលនាំឲ្យអ្នកស្រីអស់ផ្ទះ គឺដោយសារតែត្រូវផ្គត់ផ្គង់កីឡាករក្នុងក្លិប ដែលមួយរយៈមុន ស្វាមី និងអ្នកស្រីបានសម្រេចចិត្តបើកប្រដាល់។ អ៊ីចឹងហើយទើបអ្នកស្រីសប្បាយចិត្ត បន្ទាប់ពីទទួលផ្ទះមួយល្វែងថ្មី នៅលើទីតាំងចាស់ដែលអ្នកស្រី និងស្វាមីមិននឹកស្រមៃថានឹងបាននោះ។

អ្នកស្រីប្រកាសថា នឹងប្រឹងតស៊ូ មិនលក់ផ្ទះនេះ ដូចមុនទៀតទេ បើទោះជាត្រូវប្រឈមនឹងភាពវេទនាយ៉ាងណាក៏ដោយ។ ម្យ៉ាងមកពីពេលនេះ អ្នកស្រីក៏បានបម្រើការជាអ្នកឲ្យពិន្ទុប្រដាល់នៅប៉ុស្ដិ៍បាយ័ន ហើយលោកអេភូថង ក៏បានការងារនៅប៉ុស្ដិ៍លេខ៥ និងសុទ្ធតែបានទទួលបង្ហាត់សិស្សនៅតាមក្លិបផ្សេងៗជាប្រចាំនោះផង ទើបអ្នកស្រីថា បញ្ហាទីទ័លនឹងលែងកើតមានទៀតហើយ បន្ទាប់ពីមានផ្ទះរស់នៅ ផ្ទាល់ខ្លួនជាថ្មីឡើយវិញនេះ។ អ្នកស្រីថា មុននេះ ក៏មានសប្បុរសជនផ្ដល់ជាម៉ូតូ និងទឹកប្រាក់ជាហូរហែរ ជួយដល់គ្រួសារអ្នកស្រីផងដែរ ទើបបញ្ហាធ្វើដំណើរនឹងមិនចោទទៀតឡើយ៕

photo_2016-05-24_12-08-12 photo_2016-05-24_12-08-13 photo_2016-05-24_12-08-15 photo_2016-05-24_12-08-07 photo_2016-05-24_12-08-09

មតិយោបល់