ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្ពុជា រងការរិះគន់ខ្លាំងឡើង ក្រោយពីថៃកាន់តែអភិរក្សសិល្បៈបុរាណ

នៅលើបណ្ដាញហ្វេសប៊ុក គេឃើញមានការកោតសរសើរចំពោះគំនិតច្នៃប្រឌិតរបស់ប្រទេសថៃ ដែលបានកែច្នៃសិល្បៈបុរាណដែលជាវប្បធម៌ដើមរបស់ខ្មែរ មកធ្វើជាអត្តសញ្ញាណរបស់ខ្លួន បង្ហាញលើឆាកអន្តរជាតិ។ អមដោយការកោតសរសើរនោះ ក៏មានការរិះគន់យ៉ាងចាស់ដៃផងដែរចំពោះកម្ពុជា ដែលត្រូវគេស្គាល់ថាជាម្ចាស់ដើមនៃវប្បធម៌ទាំងនោះ តែមានការកែច្នៃទម្រង់បុរាណរបស់ខ្លួនមករំលេចលើឆាកអន្តរជាតិតិចតួចជាងប្រទេសដែលបានចម្លង។

ក្រោយការបង្ហោះលើហ្វេសប៊ុករបស់លោក កៅ សីហា អ្នកដឹកនាំសម្ដែងនៅហង្សមាស ជុំវិញគំនិតច្នៃប្រឌិតរបស់ជនជាតិថៃ ដែលបានយកសិល្បៈបុរាណមកច្នៃជាសម្លៀកបំពាក់ឲ្យបវរកញ្ញាប្រចាំខេត្តរបស់ខ្លួន កាលពីឆ្នាំ២០១៦ និងសម្រាប់ឆ្នាំ២០១៧នេះ បានធ្វើឲ្យផ្ទុះគំនិតរិះគន់ភ្លាមៗ ដល់ក្រុមអភិរក្សវប្បធម៌របស់កម្ពុជា ជាពិសេសគឺសំដៅរិះគន់ដល់ក្រសួងវប្បធម៌ ដែលមិនបានធ្វើយុទ្ធនាការច្នៃម៉ូដម្កុដ និងសម្លៀកបំពាក់ក្នុងសម័យបុរាណណាមួយ មកធ្វើការប្រកួតប្រជែងស្នាដៃដូចគ្នានឹងនៅប្រទេសថៃ ដើម្បីលើកទឹកចិត្តឲ្យមានការរំលេចសិល្បៈបុរាណ ផ្សព្វផ្សាយលើឆាកអន្តរជាតិ។

ម្នាក់ៗរិះគន់ថា ថៃគ្រាន់តែជាប្រទេសចម្លងសិល្បៈរបស់កម្ពុជាយកទៅប្រើប៉ុណ្ណោះ តែគេមានគំនិតធ្វើឲ្យសិល្បៈទាំងនោះមានជីវិតរស់រវើក ដោយគេបានទាំងយកវេទិកាប្រកួតបវរកញ្ញា និងការប្រកួតបុរសឯកអន្តរជាតិជាដើម ធ្វើជាវេទិកាបង្អួតស្នាដៃទាំងនោះផង។ ប៉ុន្តែផ្ទុយពីកម្ពុជា ដែលជាម្ចាស់ដើម ក្រៅពីមិនស្ថាប័នថ្នាក់លើបំផុសលើការប្រកួតប្រជែងស្នាដៃទាំងនោះ ឲ្យបានទូលំទូលាយដូចគ្នានឹងប្រទេសថៃហើយ គឺសូម្បីតែពេលក្រុមហ៊ុនឯកជនដឹកនាំយកតារារបស់ខ្មែរទៅប្រកួតលើឆាកអន្តរជាតិ ក៏បណ្ដោយឲ្យក្រុមហ៊ុនទាំងនោះរៀបចំសម្លៀកបំពាក់មុនឆ្លុះបញ្ចាំងពីវប្បធម៌ខ្មែរធ្វើឲ្យមានការរិះគន់ផងដែរ។

អ្នកចាប់អារម្មណ៍ចំពោះស្នាដៃប្លែកៗរបស់ថៃនិយាយថា ក្រសួងវប្បធម៌កម្ពុជា គួរតែមានចំណាត់ការតម្រូវឲ្យក្រុមហ៊ុនដែលដឹកនាំតារាខ្មែរស្លៀកពាក់សម្លៀកបំពាក់ដែលមានការកែច្នៃក្រោមការចាត់ចែងរបស់ក្រសួង និងគួរតែបំផុសឲ្យមានការប្រកួតស្នាដៃច្នៃប្រឌិតបែបនេះ ដើម្បីឲ្យមានការចាប់អារម្មណ៍កែច្នៃទម្រង់បុរាណបែបនេះឲ្យបានច្រើនលើកក្នុងមួយឆ្នាំដូចគ្នានឹងប្រទេសថៃ។

ក្នុងនោះគេជឿជាក់ថា អ្នកច្នៃប្រឌិតខ្មែរនឹងអាចកែច្នៃឈុតសម្លៀកបំពាក់បានល្អៗជាងអ្វីដែលថៃកំពុងបង្អួតភ្នែកមហាជននោះផង ប្រសិនបើកម្ពុជាមានការលើកទឹកចិត្តឲ្យមានការប្រកួតប្រជែងស្នាដៃឲ្យទូលំទូលាយបែបនេះដូចគ្នានឹងប្រទេសថៃ។

ឆ្លើយតបនឹងការរិះគន់នេះ លោកថៃ នរសត្យា រដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្លាប់បានប្រកាសថា ក្រសួងក៍មានគំនិតរៀបចំឲ្យមានការប្រកួតស្នាដៃកែច្នៃបែបនោះផងដែរ ប៉ុន្តែវាពាក់ព័ន្ធនឹងលទ្ធភាព និង ធនធានមនុស្សតែម្ដង។ លោកថា គ្រប់លើកដែលមានវេទិកាបង្ហាញពីសិល្បៈរបស់ខ្មែរលើឆាកអន្តរជាតិ គឺក្រសួងតែងតែបានរំលេចនូវអត្តសញ្ញាណរបស់ខ្លួនបែបនេះឲ្យគេស្គាល់ខ្មែរ ដោយមិនមែនមិនបានយកចិត្តទុកដាក់ដូចអ្វីដែលបានលើកឡើងឡើយ។

យ៉ាងណាមិញលោកទទួលស្គាល់ថា កម្ពុជាពិតជាបានកែច្នៃ និងផ្សព្វផ្សាយពីសិល្បៈបុរាណរបស់ខ្លួន ក្នុងប្រទេស និងលើឆាកអន្តរជាតិនៅមានកម្រិត បើធៀបនឹងប្រទេសថៃដែលគេមានទាំងហិរញ្ញវត្ថុ និងធនធានមនុស្សលើកិច្ចការនេះ៕

មតិយោបល់