ភ្នំពេញៈ បើទោះជាឪពុកបង្កើតរបស់លោក ហួ ឡាវី បានទទួលអនិច្ចកម្ម និងត្រៀមបូជានៅល្ងាចថ្ងៃទី១៥ ខែធ្នូ ក៏តារាចម្រៀងកញ្ញា វី ស្រីណែត ដែលជាចៅបង្កើតនៅមិនទាន់ទៅគោរពសពជីតារបស់ខ្លួនឡើយ។ ក្នុងនោះនាងបានអះអាងថាមិនបានចូលរួមបូជាសពជីតាដូចគ្នា ដោយសារតែនាងបានជាប់កុងត្រាបំពេញការងារជាមួយម្ចាស់ក្រុមហ៊ុនមួយ ដែលមិនអាចខកខានបាន។
វី ឌីណែត បានបង្ហាញអារម្មណ៍សោកសៅនៅក្នុងពិធីសម្ពោធរឿង «កំពូលល្ងង់នៅអាស៊ី» ថា « តាំងពីជីតារបស់ខ្លួនស្លាប់កាលពីថ្ងៃទី១៤ ខែធ្នូ នាងមិនទាន់បានទៅអុជធូប ឲ្យសពរបស់លោកតានាងនៅឡើយ ដោយនៅល្ងាចថ្ងៃទី១៥ ធ្នូនេះ សពនឹងត្រូវបូជា ក៏មិនអាចឲ្យនាងទៅចូលរួមបាន។ នាងថាជីតាទទួលមរណភាពចំថ្ងៃដែលនាងត្រូវជាប់កុងត្រាច្រៀងឲ្យគេ តាំងពីយូរមកហើយ ហើយនាងមិនអាចលើកពេលនឹងកិច្ចការនោះបាន ទើបនាងមានការសោកស្ដាយយ៉ាងខ្លាំងដែលនាងបែរជាត្រូវខកខានក្នុងពិធីដ៏សំខាន់មួយនេះ»។ នាងបានបន្តថា ក្នុងចំណោមកូនចៅទាំងអស់មិនបានទៅតែនាងម្នាក់ប៉ុណ្ណោះ ប៉ុន្តែនាងក៏បានអុជធូបសុំទោស និងបួសសួងសុំឲ្យជីតារបស់នាង បានទៅកាន់សុគតិភពផងដែរ។ នាងថាក្រោយរួចរាល់ការងារនៅថ្ងៃស្អែកឬខានស្អែក នាងនឹងឡើងទៅកំពង់ចាមភ្លាម ដើម្បីទៅជួយចាត់ចែងក្នុងពិធីបុណ្យ៧ថ្ងៃខាងមុខ។
វី ឌីណែត បញ្ជាក់ថា ជីតារបស់នាងមានឈ្មោះ ហួរ លីឈាន ជាឪពុកបង្កើតរបស់ឪពុកនាង ដោយលោកបានទទួលមរណកាលកាលពីថ្ងៃទី១៤ ធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ៦ល្ងាច ក្នុងជន្មាយុ៨៨វស្សា ចំពេលដែលនាងបង្ហាញខ្លួនក្នុងពិធីសម្ពោធរឿង«កំពូលល្ងង់នៅអាស៊ី»នៅផ្សារទំនើបអ៊ីអន ជាមួយតារាៗយ៉ាងច្រើនកុះករ។
នាងថាគ្រួសារមិនអាចទុកសពយូរថ្ងៃបាននោះទេ ដោយសារថ្ងៃព្រហស្បតិ៍ទី១៥ ធ្នូ ជាពេលវេលាល្អផង ទើបឪពុករបស់នាងសម្រេចបូជាសពក្នុងថ្ងៃនេះ ដោយមិនរង់ចាំឲ្យនាងរួចរាល់ការងារ។ នាងថាពិធីបុណ្យជីតានាងធ្វើនៅខេត្តកំពង់ចាម ជាកន្លែងស្រុកកំណើតរបស់លោក ហួ ឡាវី ជាឪពុកនាងផ្ទាល់៕
មតិយោបល់