ព័ត៌មានសេដ្ឋកិច្ច

គម្រោងព្រលានយន្តហោះសៀមរាបថ្មី តម្លៃ៩០០លានដុល្លារ កំពុងដោះស្រាយបញ្ហាបច្ចេកទេស

ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរ Emirates កាលពីពេលថ្មីៗនេះ​ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការអាកាសចរស៊ីវិល បានឲ្យដឹងថា គម្រោងព្រលានយន្តហោះនៅខេត្តសៀមរាប កំពុងស្ថិតក្រោមការចចារ ដោះស្រាយលើបញ្ហាបច្ចេកទេស បន្ទាប់ពីមានការឯកភាពគ្នារួចមកហើយ រវាងក្រុមហ៊ុនឯកជន និងរាជរដ្ឋាភិបាលកម្ពុជា។

ព្រលានយន្តហោះសៀមរាបថ្មី គ្រោងនឹងចំណាយប្រមាណ​ ៩០០លានដុល្លារអាមេរិក សាងសង់លើផ្ទៃដី ៧០០ហិកតា ដែលស្ថិតនៅ ស្រុកសូទ្រនិគម ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីតំបន់អង្គរ។

គម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះ ត្រូវបានចុះកិច្ចព្រមព្រៀងរួចរាល់ហើយ កាលពីខែតុលា ឆ្នាំ២០១៦ កន្លងទៅ ហើយជាការឆ្លើយតប ក្រុមហ៊ុនចិន គ្រោងនឹងចំណាយពេល ៣ឆ្នាំ ដើម្បីសាងសង់។

អាកាសយានដ្ឋានថ្មី នៅខេត្តសៀមរាប នឹងអាចឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរណ៍ ក៏ដូចជាសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺជម្រុញឲ្យមានការហោះហើរត្រង់មកកម្ពុជា មកទស្សនាប្រាសាទអង្គរវត្តដ៏ទាក់ទាញបំផុត។

លើសពីនេះទៅទៀត ការសាងសង់ព្រលានយន្តហោះថ្មី ចម្ងាយឆ្ងាយពីតំបន់ប្រាសាទ គឺអាចការពារផលប៉ះពាល់ដោយសម្ពាធសំឡេង ដែលអាចប៉ះពាល់ដល់ប្រាសាទនានាផងដែរ។

គួរជម្រាបដែរថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ ២០១៧នេះ ចំនួនអ្នកដំណើរឆ្លងកាត់កម្ពុជា មានចំនួន ៣.៥លាននាក់ ដែលមានកំណើនប្រមាណ ២២ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន៕

មតិយោបល់