ខណៈដែលការប្រឡងតារាបង្ហាញនៅក្លឹបGL កាលពីយប់ថ្ងៃទី៧ ខែកក្កដា យប់មិញត្រូវបានគេកត់សម្គាល់ថា គឺជាជំនួបតារាបង្ហាញម៉ូដជាទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ក្លឹបមួយនេះ ដែលមានការចាប់អារម្មណ៍ភាគច្រើនពីអ្នកទស្សនា តារាសម្ដែងកញ្ញា ទឹម រដ្ឋា បែរជាបង្ហាញការរិះគន់ទៅវិញទៅនឹងសកម្មភាពដើរម៉ូដនាយប់នោះរបស់អ្នកប្រកួតជាពិសេសបេក្ខនារី។ យ៉ាងណាមិញនាងបានសរសើរថា នេះជាព្រឹត្តិការណ៍ប្រកួតអាជីពមួយធំ ដែលក្លឹបGL ធ្វើឡើងដើម្បីជួយឲ្យតារាដែលមានសមត្ថភាពបានក្លាយជាតារាបង្ហាញអាជីព។
កញ្ញា ទឹម រដ្ឋា ដែលត្រូវបានកម្មវិធីជ្រើសជាគ្រូវបង្ហាត់បេក្ខជនបេក្ខនារីផង និងជាគណកម្មការវាយតម្លៃផង បានលើកឡើងថាកញ្ញាមានការខកចិត្តដែលខ្លួនបានចំណាយខាតបង់ការងាររហូតដល់ជាងមួយខែមកធ្វើការបង្វឹក ប៉ុន្តែចុងក្រោយបេក្ខនារីដែលទាំង១៤រូបដែលបានឈានឡើងកាលពីយប់ថ្ងៃទី៧ កក្កដា បែរជាដើរខុសក្រឡា និងដើរមិនត្រូវតាមអ្វីដែលនាងបង្ហាត់ឡើងវ៉ល់ពេញឆាក។ នាងថាបេក្ខនារីទាំងនោះប្រហែលជាភ័យទើបចងចាំនូវអ្វីដែលនាងបង្ហាត់បង្ហាញមិនបាន តែនាងក៏សរសើរផងដែរចំពោះការប្រឹងប្រែងរបស់បេក្ខជន និងបេក្ខនារីមួយចំនួនផងដែរ។
មិនខុសគ្នាដែរ លោក អ៊ុន សុធា ដែលជាគ្រូបង្វឹកដូចគ្នា និងជាគណៈកម្មការ ក៏បានអន់ចិត្តចំពោះសកម្មភាពដើរម៉ូដច្រើនត្រឡប់របស់បេក្ខជនប្រកួតមួយចំនួនផងដែរ។ យ៉ាងណាមិញលោកថា បេក្ខជនដែលមានកំហុសឆ្គងគឺមានចំនួនមិនច្រើនដូចជាបេក្ខនារីនោះទេ។
កញ្ញាទឹម រដ្ឋា បានអះអាងថា កញ្ញានឹងចំណាយពេលប្រមាណជា៣សប្ដាហ៍ទៀតដើម្បីកែដំណើរ និងក្រឡាដើររបស់បេក្ខនារី ដោយរំពឹងថាសកម្មភាពដើរម៉ូដប្រកួតប្រជែងមួយនេះសម្រាប់បេក្ខនារី១០រូបដែលនឹងសល់នៅវគ្គចុងក្រោយនឹងគ្មានការរិះគន់។
លោក ខេវិន ជាគ្រូបង្ហាញម៉ូដ និងជាអ្នកគ្រប់គ្រងទូទៅប្រចាំក្លឹបGL បានអះអាងថានេះមិនមែនជាការប្រកួតតារាបង្ហាញម៉ូដលើកទី១ដែលក្លឹបរបស់លោកចំណាយប្រាក់រៀបចំនោះទេ ប៉ុន្តែអាចចាត់ទុកថាជាការប្រកួតទ្រង់ទ្រាយធំលើកទី១សម្រាប់ក្លឹបរបស់លោកក្នុងឆ្នាំ២០១៧នេះ។
លោកថាការប្រកួតនេះ ដើម្បីផ្ដល់ឱកាសដល់អ្នកមានសមត្ថភាពឲ្យមានអាជីពច្បាស់លាស់ តាមរយៈការផ្ដល់អ្នកជំនាញឲ្យបង្វឹកពួកគេតាំងពីដំណាក់កាលដាក់ពាក្យ រហូតដល់ប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ លោកថាកម្មវិធីនេះមានបេក្ខជនបេក្ខនារីសរុបជាង១០០នាក់ចូលប្រកួត ហើយក្រោយការបង្វឹកមួយរយៈក៏ជម្រើសបានស្រី១៥ប្រុស១៥ឲ្យឡើងប្រកួតគ្នា។ លោកថាពួកគេនឹងទទួលការបង្វឹកពីទឹម រដ្ឋា និងលោក អ៊ុន សុធា រហូតដល់ចប់កម្មវិធីដោយអ្នកដើរម៉ូដដែលល្អចំនួន៦រូបប្រុសនិងស្រី នឹងត្រូវបាបជ្រើសឲ្យឈរលេខ១លេខ២និងលេខ៣ដើម្បីទទួលបានប្រាក់រង្វាន់ និងការងារ។
លោកទទួលស្គាល់ថាសកម្មភាពដើរម៉ូដយប់មិញ ពិតជាមានការខុសច្រើនជាពិសេសបេក្ខនារីតែលោកយល់ថា នោះគ្រាន់តែជាកំហុសឆ្គងដែលបេក្ខជន និងបេក្ខនារីអាចកែលម្អបានប៉ុណ្ណោះ។
គួរបញ្ជាក់ថា វេទិកាបង្ហាញម៉ូដប្រចាំឆ្នាំនេះត្រូវបានធ្វើឡើងនៅក្លឹបGL ស្ថិតនៅតាមបណ្ដោយផ្លូវត្រសក់ផ្អែម ជិតសណ្ឋាគារសង់អេលីហ្សេ វេលាម៉ោង១០យប់ ដោយការប្រកួតនឹងគ្រោងធ្វើឡើងរាល់យប់ថ្ងៃសុក្រ ដើម្បីជម្រុះយកលេខ១ដល់លេខ៣នៅយប់ថ្ងៃទី២៩ កក្កដា៕
https://youtu.be/0xHoxvpRr2I
មតិយោបល់