គេកត់សម្គាល់ថាភាពយន្តរឿង«មន្តស្នេហ៍លេខា»ទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងចំណោមភាពយន្តភាគដែលបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍កាលពីអំឡុងពាក់កណ្ដាលឆ្នាំ២០១៧។
ភាពយន្តនេះត្រូវបានផលិតករប្រកាសថានឹងបំលែងអោយក្លាយជាភាពយន្តខ្នាតធំហើយដាក់លក់សំបុត្រគ្រប់រោងនៅថ្ងៃទី១៨ កញ្ញាទៅវិញ ដើម្បីវាយលុកនៅតាមបណ្ដារោងភាពយន្តទំនើបជាថ្មីម្ដងទៀត បើទោះជាសាច់រឿងទាំងមូលទើបនឹងត្រូវគេដឹងរួចទៅហើយ នៅលើកញ្ចក់ទូរទស្សន៍។
លោក អ៉ិន សុភិន និយាយថាក្នុងពេលដ៏ខ្លីភាពយន្តភាគរឿង «មន្តស្នេហ៍លេខា» នឹងប្រែខ្លួនជាភាពយន្តខ្នាតធំ ដោយលោកនៅតែរំពឹងថាក្នុងពេលដាក់បញ្ចាំងតាមរោងជាថ្មីម្ដងទៀត គឺរឿងមួយនេះនឹងទទួលជោគជ័យមិនខុសពីពេលដាក់ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍នោះឡើយ។
ខុសពីភាពយន្តជាច្រើនដែលគេតែងតែផលិតជាភាពយន្តខ្នាតធំដាក់បញ្ចាំងតាមរោងមុន ទើបគេសម្រេចដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ ដើម្បីលាក់បាំងសាច់រឿង សម្រាប់ភាពយន្តមួយនេះលោកអះអាងថានឹងបើកប្រវត្តិសាស្រ្តធ្វើបែបបញ្ច្រាសមកវិញ ដើម្បីវាយលុកទីផ្សារ។
លោកថានេះជារឿងទី១ ដែលខាងផលិតករសម្រេចកែច្នៃជាភាពយន្តខ្នាតធំ ក្រោយពេលសាច់រឿងទាំងមូលត្រូវបានគេដឹងភាគច្រើនរួចទៅហើយនៅលើកញ្ចក់ទូរទស្សន៍។ យ៉ាងណាមិញ លោកថាសម្រាប់អ្នកចង់ទស្សនារឿងមួយចប់ដោយស្រួល ហើយមិនបានតាមដាននៅលើកញ្ចក់ទូរទស្សន៍គឺពិតជានៅតែចាប់អារម្មណ៍ជាមួយភាពយន្តដែលមានការគាំទ្រមួយនេះ ទើបលោកយល់ថាការបង្រួមសាច់រឿង«មន្តស្នេហ៍លេខា»អោយក្លាយជាភាពយន្តខ្នាតធំ នឹងមានការចាប់អារម្មណ៍មិនខុសពីពេលភាពយន្តទាំងមូលដំណើរការដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នោះឡើយ។
នេះជាភាពយន្តល្អមួយប្រចាំឆ្នាំ២០១៧ ដែលលោកប្រកាសថានឹងធ្វើការដាក់បញ្ចាំងគ្រប់រោងភាពយន្តពីថ្ងៃទី១៨ កញ្ញា នេះ ដោយសាច់រឿងមួយនេះក៏ទទួលបានការគាំទ្រខ្លាំងតាំងពីនៅជារឿងប្រលោមលោកផងដែរ។ ហេតុផលតែមួយគត់ ដែលធ្វើអោយភាពយន្តមួយនេះ ត្រូវបានដាក់បញ្ចាំងក្រោយបញ្ចាំងចប់នៅលើកញ្ចក់ទូរទស្សន៍គឺដោយសារសម្អាងថាភាពយន្តមួយនេះ ក្នុងពេលនៅជាប្រលោមលោកក៏មានអ្នកនិយមអាន ហើយដឹងពីសាច់រឿងច្រើនទៅហើយនៅតែមានអ្នកទស្សនាច្រើន ទើបលោកយល់ថាបើទោះជារឿងមួយនេះត្រូវគេបង្ហោះនៅលើYoutube ខ្លះៗ ក៏ពិតជានៅតែមានអ្នកចង់ទស្សនានៅពេលសាច់រឿងសំខាន់ទាំំងមូលត្រូវបានបង្រួមជាភាពយន្តខ្នាតធំដែលមានរយៈពេលជាងមួយម៉ោងនៅក្នុងរោងកុននោះផងដែរ។
យ៉ាងណាមិញ លោកថាមិនទាន់ច្បាស់ថាភាពយន្តនេះនឹងដាក់បញ្ចាំងបានជោគជ័យកម្រិតណានោះទេ ខណៈដែលភាពយន្តមួយនេះគឺមហាហង្សគ្រាន់តែផលិតអោយក្រុមហ៊ុនមួយ ហើយការសម្រេចដាក់បញ្ចាំងតាមរោងក៏ជាសម្រេចចិត្តរបស់ម្ចាស់រឿងផ្ទាល់ ដែលលោកមានការចាប់អារម្មណ៍ថាក៏មិនធម្មតាផងដែរ៕
មតិយោបល់