កាលយប់ថ្ងៃទី៧ កក្កដា លោក កុយ ស៊ីឌឿន តារាចម្រៀង ដែលត្រូវបានគេស្គាល់ថាជាក្រុមប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរក្នុងអាណត្តិអ្នកនាងចន ច័ន្ទលក្ខិណា ដែលទើបជាប់ថ្មី និងជាម្ចាស់ផលិតកម្មឌីភី បានបង្អួតភាពផ្អែមល្ហែមរបស់ខ្លួនជាមួយនឹងភរិយាយ៉ាងផ្អែមល្ហែមក្នុងពិធីខួបអាពាហ៍ពិពាហ៍គម្រប់១៤ឆ្នាំ ដែលមានអ្នកសារព័ត៌មាន និងតារាសិល្បៈយ៉ាងច្រើនកុះករចូលរួម។ ក្រៅពីបានជូនកាដូយ៉ាងមានតម្លៃចំពោះភរិយាជាគ្រឿងអលង្ការយ៉ាងមានតម្លៃ លោកក៏បានឱបថើបភរិយាដើម្បីបង្ហាញនូវភាពរឹងមាំនៃចំណងស្នេហ៍ផងដែរ។
លោក កុយ ស៊ីឌឿន និយាយថាដោយសារតែលោកចង់ធ្វើកម្មវិធីជួបជុំមិត្តភក្តិជាតារាសិល្បៈឲ្យចំថ្ងៃ៧ ខែ៧ និងឆ្នាំ២០១៧ ដែលលោកចាត់ទុកថាជាកាលបរិច្ឆេទកម្រជួប ទើបលោកសម្រេចចំណាយថវិកាដល់ទៅប្រមាណ១ម៉ឺនដុល្លារ ដើម្បីរៀបចំពិធីនេះ។ នៅក្នុងពិធីរបស់លោកត្រូវគេឃើញចូលរួមដោយតារាល្បីៗយ៉ាងច្រើនកុះករ ដោយតារាទាំងនោះកាន់តែយប់ជ្រៅកាន់តែសម្រុកទៅ។ នៅក្នុងពិធីនោះទាំងតារាសិល្បៈ និងក្រុមអ្នកសារព័ត៌មានសុទ្ធតែកោតសរសើរពីសុភមង្គលរបស់លោកគ្រប់គ្នា ដោយសារតែលោក និង ភរិយាបានបង្ហាញក្ដីស្រលាញ់ចំពោះគ្នាដោយស្នាមថើបទៅវិញទៅមក និងសន្យាថាបន្តកាន់ដៃគ្នាក្នុងផ្លូវរួមគ្នាអស់មួយជីវិត។
គិតត្រឹមវេលាម៉ោង៨យប់នាថ្ងៃនោះ គេឃើញតារាល្បីៗភាគច្រើនបានបង្ហាញខ្លួនចូលរួមដូចជា អ្នកនាងលី ម៉ារីណា អ្នកនាងឈួន សុវណ្ណឆៃ អ្នកនាង ចាន់ តារាទី អ្នកនាងប៉េងប៉ោង អ្នកនាងគ្រត អ្នកនាងប៉ែន សុផានី នាយក្រឹម លោកសុះ ម៉ាច នាយសានម៉ៅ កញ្ញាសុន ស្រីពេជ្រ លោកឈួន ពន្លឺ លោកនាង វ៉ាងសាន់ លោកឃីងសាន់ តារាចម្រៀងឌីភី លោកនាយឃ្លោក លោកកុល សំភោ អ្នកនាងយ៉ុង ចាន់កណ្ណិកា និងតារាល្បីៗជាច្រើនរូបទៀត ខណៈដែលនៅវេលាយប់ជ្រៅ ពិធីកាន់តែឃើញតារាល្បីៗសម្រុកបង្ហាញខ្លួន៕
https://youtu.be/WV7ttZbNMz0
មតិយោបល់