ព័ត៌មានសិល្បៈ និងកម្សាន្ត

យីវ ម៉ូលីកា ឡើងអង្គុយកៅអីជំទាវក្លែងក្លាយ

បោះបង់សិល្បៈអស់រយៈពេលច្រើនឆ្នាំ តារាសម្ដែងល្បីឈ្មោះគួរសមអ្នកនាង យីវ ម៉ូលីកា បានត្រឡប់មកកាន់ពិភពសម្ដែងជាថ្មីវិញហើយកាលពីអំឡុងដើមឆ្នាំ២០១៧ ដោយក្រៅពីត្រូវគេកត់សម្គាល់ថាមានរូបសម្រស់ស្រស់ស្អាតជាងមុន ក៏ឡើងកាលីពណាស់ដែរ បើធៀបនឹងកាលពីពេលនាងចូលប្រឡូកសិល្បៈដំបូងៗក្នុងអំឡុងឆ្នាំ២០១៧។ មកទល់ពេលនេះគេកត់សម្គាល់ថាទីផ្សារសម្ដែងរបស់នាងស្ទុះឡើងកាន់តែប្រសើរ ដោយក្រៅពីឃើញសកម្មភាពនឹងការងារសិល្បៈ ក៏បានតំណែងជំទាវក្លែងក្លាយមួយយ៉ាងឡូយ ទុកគ្រាន់បង្អួតអ្នកជុំវិញខ្លួនផងដែរ។

យីវ ម៉ូលីកា បានអះអាងថាក្រោយពីនាងហក់ចូលសិល្បៈជាថ្មី នាងទទួលបានតំណែងជាតារាភាពយន្តភ្លាមៗក្នុងរឿងភាគជាបន្តបន្ទាប់ ដែលសុទ្ធតែជារឿងភាគវីដេអូល្អ ដូចជារឿង«នាវាជីវិត»ដែលដឹកនាំឲ្យលោកគាំ ចន្ធី របស់ទូរទស្សន៍អប្សរា រឿង«ទូកបាត់ច្រវ៉ា»ដែលភាពយន្តភាគរបស់PNN រឿង«ប្រអប់សំបុត្រចោលទុក្ខ»ភាពយន្តភាគរបស់My TV និងរឿង«ផ្កាព្រៃស្រទាប់មាស»ភាពយន្តភាគថ្មីសន្លាងរបស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥។ យ៉ាងណាមិញ នាងសារភាពថាមិនទាន់មានឱកាសទទួលបានភាពលេចធ្លោខ្លាំងក្លាក្រោយការត្រឡប់ចូលសម្ដែងជាថ្មីនោះទេ បើទោះជាក្រុមផលិតដែលធ្លាប់រុញច្រាននាងឲ្យមានឈ្មោះបោះសំឡេងកាលពីអតីតកាល បានលើកស្ទួយនាងក្នុងប៉ុន្មានខែនេះ ឲ្យនាងមានមុខម្ដងទៀត។

នាងថាការប្រឹងប្រែងបានជួយឲ្យនាងកាន់តែមានកម្លាំងចិត្តក្នុងការងារសម្ដែង ជាពិសេសក្នុងពេលដែលនាងទើបនឹងត្រូវបានផលិតករច្រើនឡើង ឲ្យសម្ដែងជាតួអង្គបន្តិចម្ដងៗក្នុងរឿង។ ទោះជាមិនអាចមានឱកាសបានសម្ដែងជាតួឯក ដោយសារតែហេតុផលការត្រឡប់ចូលសិល្បៈរាងជ្រុលអាយុបន្តិច តែនាងប្រកាសថាសប្បាយចិត្តសម្រាប់តំណែងដែលក្រុមផលិតករផ្ដល់ឲ្យ ជាពិសេសនៅពេលបានសម្ដែងជាតួបងស្រី តួម្ដាយ ដែលកាន់តែមានការទទួលស្គាល់ជាងមុន។ នាងកាន់តែមានកម្លាំងចិត្តបន្ថែមទៀត នៅពេលភាពយន្តរឿង«ផ្កាព្រៃស្រទាប់មាស»ផ្ដល់ឱកាសឲ្យនាងសម្ដែងជាតួអង្គជំទាវ ដែលមានសំណាងបានស្លៀកពាក់កាលលីបៗ រស់នៅផ្ទះធំហ៊ឺហា មានអង្គរក្សធ្វេងស្ដាំ ដែលអាចឲ្យនាងបានតុបតែងខ្លួនជានារីថ្នៃថ្នូរ ជួយបង្កើនសម្រស់របស់នាងឲ្យស្អាត និងទាក់ទាញមួយកម្រិត។

បើទោះជាតំណែងជំទាវដែលនាងបានឡើងអង្គុយ គ្រាន់តែជាជំទាវក្នុងរឿងមិនខុសពីជំទាវក្លែងក្លាយ តែនាងប្រាប់ថាសប្បាយចិត្ត ដោយសារតែអាចយល់ដឹងគួរសមពីការរស់នៅរបស់អ្នកមានឋានៈជំទាវ និងអាចរៀបរឹកឲ្យសមជាជំទាវ ដែលនាងនិយាយថាមិនធ្លាប់ដឹង។ នេះជាលើកទី១ដែលនាងបានសម្ដែងជាតួអង្គជំទាវ ហើយក៏ជារឿងដំបូងផងដែរដែលនាងយល់ថានឹងជួយឲ្យនាងលេចធ្លោជាងការសម្ដែងណាៗទាំងអស់ ដោយសារតែបានលេងចរឹកជាអ្នកមានឋានៈខ្ពង់ខ្ពស់ និងត្រូវគេឲ្យតុបតែងក្លាយជារបៀបអ្នកកាលីបខ្ពស់។ នាងមិនរំពឹងថាជីវិតខាងក្រោយនឹងបានក្លាយជាជំទាវនោះទេ តែនាងយល់ថាបានត្រឹមតែឡើងកៅអីជំទាវនៅក្នុងភាពយន្តក៏គ្រប់គ្រាន់ដែរ។

យីវ ម៉ូលីកា បញ្ជាក់ថាការសម្ដែងប្រភេទណាក៏នាងអាចសម្ដែងបានទាំងអស់ ប៉ុន្តែបើឲ្យសម្ដែងជាតួជំទាវ គឺនាងងាយស្រួលរៀបរឹក ដោយសារតែនាងចូលចិត្តតែងខ្លួនស្អាតៗ បើទោះជាត្រូវផលិតករតម្រូវឲ្យតែងមុខជារៀងចំណាស់បន្តិច។ នាងក៏ជាសមាជិកមួយរូបរបស់គ្រួសារតារាកម្ពុជាផងដែរ ទើបក្រៅពីលេចធ្លោក្នុងការសម្ដែងក៏ឃើញមុខសកម្មក្នុងកិច្ចការងារសប្បុរធម៌ ដោយក្នុងព្រឹត្តិការណ៍កម្រាលព្រំក្រហមដើម្បីមន្ទីរពេទ្យគន្ធបុប្ផាកាលពីអំឡុងខែ៥ របស់គ្រួសារតារាកម្ពុជានៅស្ដាតអូឡាំពិក នាងក៏លេចធ្លោណាស់ដែរនៅក្នុងវេទិកាដែលចម្រុះដោយតារាល្បីនាពេលនោះ៕

មតិយោបល់