ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌុច លីដា បន្តជាប់មន្ទិលរឿងស្រឡាញ់ភេទដូចគ្នា

ភ្នំពេញ: ក្រោយពីមានព័ត៌មាន បែកបាក់ពីបុរសជាម្ចាស់ហាងថតរូបល្បីឈ្មោះ និងបុរសសម្បូរទ្រព្យស្ដុកម្នាក់ កាលពី២ឆ្នាំមុន គេចាប់អារម្មណ៍ថាតារាសម្ដែងល្បីឈ្មោះនាង ឌុច លីដា ហាក់ឃ្លាតកាន់តែឆ្ងាយ ពីស្នេហាស្រីប្រុស និងងាកមកភពប្រសព្វច្រើនជាងជាមួយនារីដូចគ្នា ជាពិសេសនៅពេលដែលធ្លាយដំណឹងថា នាងគឺមាននារីស្រឡាញ់ភេទដូចគ្នាតាមឆាឆៅ។

ជាមួយ និងការលេចឡើងនូវព័ត៌មានរសើ់បនេះ នាងហាក់ប្រឹងលាងជម្រះ តែមិនបាត់ធំក្លិនអាស្រូវនោះសោះ ដោយសារតែការអះអាងរបស់នាង និងទង្វើគឺផ្ទុយស្រឡះពីគ្នា។ ក្នុងបទសម្ភាសន៍ចុងក្រោយជាមួយ Post News នាងបានទទួលស្គាល់ថា នាងពិតជាមានទំនាក់ទំនងជិតស្និទ្ធជាមួយនារីច្រើននាក់ ជាជាងបុរសនាពេលចុងក្រោយ។

យ៉ាងណាមិញនាងបានបញ្ជាក់ថា ក្នុងចំណោមមិត្តភក្តិរបស់នាង គឺមិនមាននារីស្រឡាញ់ភេទដូចគ្នាទេ ហើយបើទោះជាមាន ក៏នាងមិនដឹងពីជម្រៅចិត្តរបស់គេដែរ។ នាងនៅតែអះអាងថា រវាងនាង និងតារាសម្ដែងស្រីម្នាក់ ដែលចាប់ផ្ដើមកៀកកិតគ្នា លើសពីមិត្តភាព មិនជាប់ជំពាក់រឿងស្រឡាញ់ភេទដូចគ្នា។

នាងសារភាពថា ខ្លួនចាប់ផ្ដើមមានអារម្មណ៍ ឈប់រើសអើងមនុស្សស្រឡាញ់ភេទដូចគ្នានោះទេ ប៉ុន្តែមិនមានន័យថានាងបានទទួលយករូបភាពនោះ ដើម្បីបន្តទំនាក់ទំនងខុសធម្មជាតិ បណ្ដាលឲ្យមានការរិះគន់នោះទេ។ នាងថាមនុស្សទាំងពីរជំពូកនោះ សុទ្ធតែចំណុចល្អ មិនខុសពីមនុស្សដែលមានអារម្មណ៍ស្រឡាញ់ភេទផ្ទុយ ហើយនាងនៅតែប្រកាន់ជំហរ ទទួលយកពួកគេជាមិត្តភក្តិ ប្រសិនបើគេពួកគេធ្វើល្អចំពោះខ្លួន ដោយមិនគិតថានារីស្រឡាញ់ភេទដូចគ្នា ឬបុរសស្រឡាញ់ភេទដូចគ្នា មិនធ្វើការរាប់អាននោះឡើយ។

នាងហាក់មានអារម្មណ៍រសើប នៅពេលមានការបញ្ជាក់ថា តើនាងពេលនេះ បានក្លាយជានារីប្ដូរអារម្មណ៍ស្រឡាញ់ស្រី ទៅហើយក្រោយពេលមានរឿងខកចិត្ត ឬនៅតែមានអារម្មណ៍ស្រឡាញ់មនុស្សប្រុសដដែល។ នាងថា ទៅថ្ងៃអនាគតនាងចង់បង្កើតគ្រួសារ ជាមួយបុរស ប៉ុន្តែមកពីនាងមិនទាន់រកឃើញស្នេហា ឬមិនទាន់រកឃើញអ្នកត្រូវចិត្តជាបុរស ទើបនាងជ្រើសយកនារីធ្វើជាមនុស្សកៀកកិតនៅក្នុងពេលនេះ។

បើទោះជាទង្វើដែលបានស្ដែងឡើង ហាក់បង្ហាញកាន់តែច្បាស់ថា នាងមានចំណូលចិត្តសេពគប់ជាមួយនារី ហើយមើលទៅទំនងនឹងត្រូវគេចោទថា ស្រឡាញ់ស្រីដូចគ្នា ក៏នាងមិនខ្វល់នឹងការចោទឡើងនោះដែរ ដោយនាងបញ្ជាក់ថា នារីដែលនាងកៀកកិត បូករួមទាំងតារាស្រីម្នាក់ ដែលនាងយកចិត្តទុកដាក់រហូតធ្វើឲ្យគេសង្ស័យនោះ គឺមិត្តភ័ក្រ្តនឹងគ្នាប៉ុណ្ណោះ។ យ៉ាងណាមិញ លីដា រមែងប្រែប្រួលទឹកមុខ នៅពេលមានសំណួរចោទថា តើនាងគឺជានារីស្រឡាញ់ភេទដូចគ្នា ឬយ៉ាងណា?

នាងសារភាពថា មាននារីស្រឡាញ់ភេទដូចគ្នាតាមឆាឆៅ ប៉ុន្តែរហូតមកទល់ពេលនេះ នាងនៅតែមិនទាន់ទទួលយកទំនាក់ទំនងរញ៉េរញ៉ៃទាំងនោះទេ ទើបនាងនៅតែយល់ថា ខ្លួនឯងនៅជាស្រីដដែល បើទោះជានាងហាក់មានចំណូលចិត្ត រាប់អានជាមួយនារីជិតស្និទ្ធិ ដោយមិនខ្វល់ពីការតាមប្រមាញ់។

ឌុច លីដា បញ្ជាក់ថា បើនាងរកឃើញបុរសជាទីស្រឡាញ់ ទំនងរវាងនាង និងនារីដូចគ្នា នឹងត្រូវកាត់បន្ថយ ប៉ុន្តែសម្រាប់ពេលនេះ បើទោះជាមានការលើកឡើងពីរឿងនេះក្ដីក៏នាងមិនខ្វល់នោះដែរ។ នាងបានចោទថា ការទម្លាយថានាងចូលចិត្តសេពគប់ តារាស្រីវ័យក្មេងដែលចូលសិល្បៈក្រោយខ្លួន ព្រោះតែនាងស្រឡាញ់ភេទដូចគ្នា គឺជាដំណឹងឈ្នានីស ដែលនាងយល់ថា ជារឿងធម្មតារបស់តារាសិល្បៈ ដែលចូលចិត្តយករឿងមិនពិតមកបំភ្លៃចំពោះខ្លួន។ លីដា នៅតែអះអាងថា ខ្លួនមានអារម្មណ៍ស្រឡាញ់មនុស្សប្រុស ប៉ុន្តែនាងថាមកពីប្រុសភាគច្រើន មានបំណងលែងសើចច្រើនជាង ទើបនាងមិនរវល់៕

photo_2016-05-25_11-35-31 photo_2016-05-25_11-35-30 photo_2016-05-25_11-35-33 photo_2016-05-25_11-35-32 photo_2016-05-25_11-35-34 photo_2016-05-25_11-35-34 (2)

មតិយោបល់