ព័ត៌មានសិល្បៈ និងកម្សាន្ត

ចន ច័ន្ទលក្ខិណា ប្រកាសសារមួយ ល្មមអោយអ្នកសិល្បៈស្រឡាំងកាំង

ក្នុងពិធីសម្ពោធរឿង «ទារុណកម្មខ្មោច» របស់អ្នកនាងចន ច័ន្ទលក្ខិណា កាលពីល្ងាចថ្ងៃទី២៥ កម្ភៈ នៅផ្សារទំនើបអ៊ីអន១ សិល្បការិនីរូបនេះ បានអះអាងថា ភាពយន្តខ្មែរនាពេលចុងក្រោយមានការថយកម្លាំងយ៉ាងគំហុក ដោយសារតែខ្វះការជ្រោមជ្រែង និងយកចិត្តទុកដាក់ពីអ្នកសិល្បៈដូចគ្នា ជាពិសេសចំពោះតារាសិល្បៈ ដែលយល់ថាខ្លួនមិនបានចូលរួមសម្ដែង គឺមិនគួរនឹងចូលរួមលើកស្ទួយស្នាដៃ រឿងនោះតែម្ដង។ អ្នកនាងថា មានតែអ្នកសិល្បៈប៉ុណ្ណោះ ដែលជួយបំផុស និងលើកស្ទួយអោយភាពយន្តមួយ ក្លាយជារឿងពុះកញ្ជ្រោល ទើបធ្វើអោយស្នាដៃមានមហាជនចាប់អារម្មណ៍ និងចង់គាំទ្រ។

អ្នកនាងចន ច័ន្ទលក្ខិណា ម្ចាស់ផលិតកម្មសិល្បៈភាពយន្ត ដែលជាអ្នកសហការផលិតរឿង «ទារុណខ្មោច» ជាមួយផលិតករលោក ហ៊ុយ យ៉ាឡេង បានថ្លែងបញ្ជាក់ថា បើស្នាដៃមួយមិនមានការចូលរួមបំផុស ពីអ្នកសិល្បៈអោយបានស្រុះគ្នា គឺមិនខុសពីធ្វើអោយស្នាដៃនោះ ដួលរលំបន្តិចម្ដងៗ ហើយបង្កអោយប៉ះពាល់ដល់ការងារសម្ដែងរបស់តារាទាំងនោះ ជាពិសេសក្នុងពេលដែលស្នាដៃមួយ ដាក់បញ្ចាំងមិនជោគជ័យ គឺបណ្ដាផលិតករ នឹងចាប់ផ្ដើមបញ្ចប់ការផលិតបន្តិចម្ដងៗ ជាក់ជាមិនខាន។ អ្នកនាងថា គឺដល់ពេលហើយ ដែលតារាសិល្បៈត្រូវរួមកម្លាំងគ្នា ដោយស្នាដៃណា ក៏គួរតែជួយបំផុស ដើម្បីអោយបានដឹងកាន់តែទូលាយដល់ស្រទាប់មហាជន ហើយវាច្បាស់ណាស់ថា ភាពយន្តដែលមានចូលរួមបំផុស ពីអ្នកសិល្បៈ គឺពិតជាមានអ្នកគាំទ្រច្រើនជាងភាពយន្ត ដែលខ្វះអ្នកសិល្បៈចូលរួមបំផុស។

អ្នកនាងប្រកាសថាដរាបណា អ្នកនាងនៅតែមានតំណែងជាប្រធានសមាគមអ្នកនាង នឹងបន្តផលិតភាពយន្ត ដើម្បីជួយអោយតារាសិល្បៈ មានការងារអោយបានច្រើន ក៏ដូចជាដើម្បីអោយវិស័យភាពយន្តខ្មែរ មានការរីកចំរើនខ្លាំងផង។ ការបប្រកាសរបស់អ្នកនាង គឺស្របពេលដែលគេសម្គាល់ថា តារាសិល្បៈរមែងចាំមើលបំណាំគ្នា និងមិនសូវស្រុះដៃគ្នា ក្នុងលើកស្ទួយភាពយន្ត ដែលខ្លួនមិនបានសម្ដែងនោះទេ ដោយតារាមួយចំនួនមិនត្រឹមតែមិនជួយបំផុស ពីស្នាដៃទាំងនោះ គឺថែមទាំងបណ្ដុះបង្អាប់ពីស្នាដៃទាំងនោះផង។ អ្នកនាងសប្បាយចិត្តយ៉ាងខ្លាំង ដែលក្នុងពិធីសម្ពោធរឿង «ទណ្ឌកម្មខ្មោច» ដែលជាស្នាដៃរបស់ផលិតកម្មអ្នកនាង មានតារាសិល្បៈចូលរួមកុះករ ដោយអ្នកនាងបញ្ជាក់ថា សកម្មភាពស្រុះគ្នា ពីតារាសិល្បៈនោះហើយ ដែលជាកម្លាំងចិត្តរបស់ផលិតករ ហើយឈានដល់ការទាក់ទាញមហាជន អោយចាប់អារម្មណ៍ ចំពោះស្នាដៃណាមួយ។

នៅក្នុងពិធីនោះ គេកត់សម្គាល់ថា មានតារាសិល្បៈស្ទើរមួយចំហៀងប្រទេស ចូលរួមជាភ្ញៀវកិត្តិយស ដោយតារាសិល្បៈ និងផលិតករដែលបានបង្ហាញខ្លួន ក៏សុទ្ធសឹងតែជាតារាល្បីៗ នៅក្នុងពិភពសិល្បៈនោះផង។ នៅក្នុងពិធីនោះ គេឃើញអ្នកនាង មានពិធីដង្ហែរក្បួនលោក តាគង់ ណៃ ដែលតារាចម្រៀងចាប៉ីដងវែង ដើម្បីអោយលោក បានទទួលកិត្តិយស ក្នុងនាមជាវិរៈសិល្បករមួយរូបនោះផង មុនពេលអោយលោកបកស្រាយចាប៉ីដងវែង នៅលើវេទិកា។

លោក ហ៊ុយ យ៉ាឡេង អ្នកដឹកនាំរឿង និងជាអ្នកនិពន្ធ បានអះអាងថា គ្មានអ្វីសប្បាយចិត្តជាងស្នាដៃរបស់ខ្លួន ទទួលបានការគាំទ្រ និងចូលរួមយ៉ាងច្រើនកុះករពីតារាសិល្បៈនោះទេ ដោយលោកបានចាត់ទុកថា ស្នាដៃរឿង «ទារុណកម្មខ្មោច»ដែលគ្រោងនឹងដាក់លក់សំបុត្រ នៅថ្ងៃទី២៨ កុម្ភៈនេះ នឹងទទួលបានការចាប់អារម្មណ៍ខ្លាំងក្លា ពីស្រទាប់មហាជននោះផង។ លោកថាក្ដីរំពឹងនៅមិនទាន់មានខ្ពស់នោះទេ ប៉ុន្តែផ្អែកតាមការគាំទ្រ ពីតារាសិល្បៈយ៉ាងច្រើនកុះករ ក្នុងថ្ងៃសម្ពោធ គឺភាពយន្តនេះ បានធ្វើអោយលោកមើលឃើញពីការសង្ឃឹមខ្ពស់ ស្របគ្នាដែលភាពយន្តនេះ ក៏រំលេចពីសម័យប៉ុលពត ហើយលាយលំ ដោយភាពភ័យរន្ធត់តាំងពីដើមដល់ចប់ផង៕

មតិយោបល់