ព័ត៌មានជាតិ

កូនតំណាងរាស្ត្រ ឡូយ សុផាត បាញ់ផ្អើលក្រុងស្ទឹងត្រែង

ស្ទឹងត្រែងៈ ស្នូរកាំភ្លើងបានផ្ទុះឡើងជាច្រើនគ្រាប់ទាំងកណ្ដាលរាត្រី ចេញពីផ្ទះលោក ឡូយ សុផាត តំណាងរាស្ត្រខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងប្រហែល២យប់ អធ្រាត្រចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ បង្កជាការភ្ញាក់ផ្អើលពេញក្រុងស្ទឹងត្រែង ប៉ុន្តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសឡើយ។

ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែលជា២យប់ ឈានចូលថ្ងៃទី២៥ ខែឧសភានេះ មានករណីបាញ់រះជាច្រើនគ្រាប់ចេញពីម្ដុំផ្ទះអតីតអភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សុផាត ដែលស្នូរកាំភ្លើងនេះ ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ អះអាងថា បានឮស្នូរបាញ់ប្រហែល៤ទៅ៥គ្រាប់ អាចជាកាំភ្លើងខ្លី ហើយបន្តិចក្រោយមក ក៏ឮស្នូរកាំភ្លើងវែង សង្ស័យកាំភ្លើង AK បាញ់រះអស់ជិត១បង់ទៀត។

ប្រភពពីនាយទាហានសុំមិនបញ្ចេញឈ្មោះម្នាក់ បានលួចបង្ហើបប្រាប់ Post News ថា ជនបាញ់រះបង្កការភ្ញាក់ផ្អើលពេញកណ្ដាលក្រុងនោះ ជាកូនប្រុសរបស់លោក ឡូយ សុផាត គឺលោក ឡូយ សុផាន់ណា ជាមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង។ តែទោះជាយ៉ាងណា រហូតមកដល់ថ្ងៃត្រង់ថ្ងៃទី២៥ ខែឧសភានេះ នៅមិនទាន់មានប្រភពច្បាស់ការណ៍ណាមួយអាចបញ្ជាក់ពីហេតុការណ៍ផ្ទុះអាវុធនេះឡើយ។

ជុំវិញករណីនេះ Post News មិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោក ឡូយ សុផាត បានឡើយនៅព្រឹកថ្ងៃនេះ៕

១ ២

មតិយោបល់