ព័ត៌មានសិល្បៈ និងកម្សាន្ត

នីឡា នៅតែតូចចិត្តរឿងអ្នករិះគន់ជាន់ពន្លិច!

បើទោះជាមានការសូមទោសជាសាធារណ: និងពន្យល់ពីកំហុសអចេតនាយ៉ាងណាក៏ដោយ ក៏អ្នករិះគន់តារាកំប្លែងនីឡា នៅតែមានដោយហាក់មិនទទួលយកការទទួលកំហុស និងសុំទោសរបស់នាងជុំវិញការច្រឡំយកជើងជាន់លើទង់ជាតិ ក្នុងពេលដែលនាងសម្ដែង។ កំហុសឆ្គងនេះបានកើតឡើងប្រមាណជា៤ឆ្នាំមកហើយ ហើយនាងក៏ធ្លាប់សូមទោសនៅក្នុងពេលម្ដងរួចហើយ ទើបនាងតូចចិត្តដែលខ្លួនទទួលកំហុស និងសូមទោសជាថ្មីទៅហើយ នៅតែមានអ្នករិះគន់ក្រោយពេលវីដេអូកំប្លែងមួយនោះត្រូវគេចាប់អារម្មណ៍ជាថ្មីនៅពេលនេះទៀត។

នីឡា និយាយថាកំហុសឆ្គងដែលបានកើតឡើងកាលពី៤ឆ្នាំមុននោះ គឺកើតមានឡើងតាំងពីនាងនៅក្មេងមិនទាន់ចេះលេងកំប្លែងច្បាស់លាស់ និងមិនទាន់ចេះគិតមកម្ល៉េះ។ នាងបង្ហាញការសោកស្ដាយ និងនៅតែភ័យពីការរិះគន់តាក្រោយពីការធ្វើខុសត្រូវបានគេចែកចាយ ហើយប្រើពាក្យជេរប្រទិចនាងដោយពាក្យសម្ដីមិនល្អ។ នាងបានចេញមុខសូមទោស និងទទួលយកការរិះគន់តាំងពីពេលវីដេអូកាលពី៤ឆ្នាំត្រូវគេលើកមកនិយាយជាថ្មីនោះម្ល៉េះ តែនាងខកចិត្តដែលការសូមទោសហាក់នៅគ្មានការអភ័យទោសទាំងស្រុង។

នាងទទូចឲ្យបញ្ចប់នូវការដាក់កំហុស ដោយសារកំហុសឆ្គងនោះនាងធ្លាប់បានសុំទោសតាំងពី៤ឆ្នាំមុន និងថាមិនដែលប្រកែកថានាងមិនខុសនោះទេ សូម្បីតែវីដេអូកំប្លែងនោះត្រូវគេយកមករិះគន់ជាថ្មី ក្នុងពេលដែលនាងធ្លាប់បានប្រកាសសូមទោសដដែលៗមកហើយ។ នាងនៅតែភ័យ និងតែងដេកយំក្រោយពេលសុំទោសម្ដងជាពីរដង នៅតែមានអ្នកជេរប្រទិច និងរិះគន់ថានាងដោយពាក្យសម្ដីធ្ងន់ៗ។

ក្នុងនោះអ្នកសិល្ប:ដូចគ្នា និងផលិតករមួយចំនួន ក៏ហាក់មិនទទួលនូវការសុំទោសរបស់នាងទាំងស្រុងនោះដែរ ដែលកាន់តែធ្វើឲ្យនាងតូចចិត្តចំពោះកំហុសអចេតនាដែលបានកើតឡើង។ នាងប្រើពាក្យថាសូមទោស និងថាការជាន់ទង់ជាតិក្នុងពេលកំប្លែងធ្វើជាអ្នកគាំទ្រកីឡាករកម្ពុជានៅក្នុងពេលនោះ គឺនាងធ្វើឡើងដោយមិនបានចាប់អារម្មណ៍ពីកំហុសទាល់តែសោះ។ នាងសុំឲ្យដឹងអ្នកដែលរិះគន់ផ្ដល់ការអធ្យាស្រ័យ ដោយនាងបញ្ជាក់ថាមនុស្សមិនអាចមិនមានអ្នកណាមិនធ្លាប់ខុសទេ សំខាន់ខុសហើយទទួលយកកំហុសឆ្គងហើយសូមខ្លួនកែប្រែ។ នាងថាបើកាលនោះនាងធំពេញវ័យ និងមានការយល់ដឹងច្រើនដូចពេលនេះ កំហុសអចេតនាមិនកើតមានទេ ប៉ុន្តែមកពីនាងនៅខ្ចីគំនិត ហើយក្នុងពេលនោះគិតតែភ័យរឿងកំប្លែងមិនបានត្រូវប៉ារ៉ូល ទើបក្លាយជាខុសដោយមិនដឹងខ្លួន។ នាងប្រកាសមិនខឹងនឹងអ្នករិះគន់ទេ តែខឹង និងតូចចិត្តខ្លួនឯងហេតុអ្វីប្រហែសទៅជាន់ទង់ជាតិនៅក្នុងពេលនោះ?

មតិយោបល់