តាំងពីម៉ោង១រសៀលថ្ងៃទី១១ កក្កដា មុននេះ គេឃើញតារាល្បីៗប្រចាំប្រទេសថៃ និងតារាខ្មែរច្រើនរូបបង្ហាញខ្លួនប៉ះគ្នាក្នុងព្រឹត្តិការណ៍គម្រប់២ឆ្នាំរបស់ទូរទស្សន៍PNN នៅសណ្ឋាគារភ្នំពេញ។ តារាខ្មែរភាគច្រើនគឺជាតួសម្ដែងក្នុងរឿងភាគដែលបានផលិត និងចាក់ផ្សាយនៅPNN ហើយតារាថៃដែលបានបង្ហាញខ្លួនគឺសុទ្ឌតែជាតារាល្បីប្រចាំប្រទេសថៃ ដោយក្រៅពីមានវត្តមានតារាសម្ដែង តារាចម្រៀងល្បីៗ ក៍មាន Miss Grand Thailand ប្រចាំឆ្នាំ២០១៣ ម្នាក់ផងដែរ។
អ្នករៀបចំកម្មវិធីនិយាយថាវេទិកាដែលតម្រូវឲ្យតារាខ្មែរ និងថៃប៉ះគ្នាមួយនេះ នឹងក្លាយជាប្រវត្តិសាស្ត្រថ្មីមួយ ក្នុងបំណងអបអរខួប២ឆ្នាំ ដែលPNN បានបើកដំណើរនៅកម្ពុជា និងដើម្បីប្រមែប្រមូលតារាទាំងនោះ ឲ្យមកបង្ហាញខ្លួន និងបានយល់ដឹងពីកម្មវិធីចាស់ៗ និងគម្រោងកម្មវិធីថ្មីៗ ដែលនឹងលេចឡើងនៅPNN ក្រោយខួប២ឆ្នាំផង។ តារាថៃ និងខ្មែរទាំងនោះត្រូវបានប្រកាសថា មានគម្រោងផលិតខ្សែភាពយន្តរួមគ្នា ជាច្រើន ដើម្បីរំលេចរសជាតិប្លែកដល់ទស្សនិកជន។ ជាក់ស្ដែងក្នុងរឿង”ត្រីសូល” ដែលផលិតដោយPNN ដែរនោះ ត្រូវបានប្រកាសថាមានតួសម្ដែងជាតារាខ្មែរផង និងថៃផងសម្ដែងរួមគ្នា ដោយPNN ក៏នឹងគ្រោងផលិតរឿងដែលមានលក្ខណៈសហការគ្នាបែបនេះច្រើននាពេលខាងមុខ។
តារាខ្មែរដែលបានបង្ហាញខ្លួននាថ្ងៃនោះ មានលោក ទេព រិន្ទដារ៉ូ កញ្ញាដួង ម៉ានិច្ច លោកណាខុន លោកចន អាឡិចហ្សូរ៉ា កញ្ញាសូដា នីតា កញ្ញាយូប៊ីន លោកខាត់ វ៉ៃហាំង និងតារាល្បីៗជាច្រើនរូបទៀតៗ។ ដោយឡែកសម្រាប់តារាមកពីប្រទេសថៃរួមមាន កញ្ញា Taew តារាសម្ដែងល្បីឈ្មោះប្រចាំប៉ុស្តិ៍លេខ៣ថៃ និងតារាសម្ដែងថៃ២រូបទៀតគឺ Pethនិង Mai។ ក្នុងនោះវត្តមាន Miss Grand 2013 របស់ប្រទេសថៃក៏ធ្វើឲ្យមានការចាប់អារម្មណ៍ផងដែរ។ តារាកម្ពុជា និងថៃទាំងអស់ត្រូវបានប្រកាសថានឹងមាការងារសម្ដែង សិល្បៈរួមគ្នាពេញមួយល្ងាចថ្ងៃទី១១ កក្កដានេះ នៅលើវេទិកាតន្ត្រីក្នុង សណ្ឋាគារភ្នំពេញ ដើម្បីបង្កើនភាពស្និទ្ធិស្នាលផង និងដើម្បីបញ្ចេញសមត្ថភាពបង្អួតអ្នកគាំទ្រខ្លួនផង៕
មតិយោបល់