ព័ត៌មានសិល្បៈ និងកម្សាន្ត

ខ្ញីចាស់ ម៉ៅ ស៊ីណាត ឡើងកាន់តំណែងពិធីការិនី «Komsan Talkshow»

ក្រោយការប្រកាសលាឈប់របស់លោក នាង វ៉ាងសាន់ ដោយសារតែត្រូវហង្សមាសដាក់បម្រាម តារាចម្រៀងសំឡេងផ្អែមអ្នកនាង ម៉ៅ ស៊ីណាត ត្រូវបានបង្ហើបថានឹងក្លាយជាពិធីការិនីថ្មីជំនួសតំណែងរបស់លោក ក្នុងកម្មវិធី «Komsan Talkshow» ។

វត្តមានរបស់អ្នកនាងក្នុងកម្មវិធីដែលមានប្រជាប្រិយភាពមួយនេះ ធ្វើឲ្យម្នាក់ៗមានភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែអ្នកនាងត្រូវគេស្គាល់ត្រឹមថាជាតារាចម្រៀង តែបែរឡើងអង្គុយកៅអីពិធីការិនីខុសពីអាជីពរបស់អ្នកនាងឡើងកាលីប ក្នុងពេលដែលកម្មវិធីនេះ មានពិធីករពិធីការិនីច្រើនទៀតចង់បានតំណែងនេះមិនខុសគ្នា។

អ្នករៀបចំកម្មវិធីបានអះអាងថា ហេតុផលដែលអ្នកនាង ម៉ៅ ស៊ីណាត ត្រូវបានជ្រើសជាពិធីករជំនួសលោក នាង វ៉ាងសាន់ គឺដោយសារតែអ្នកនាងជាអតីតពិធីការិនីប្រចាំនៅប៉ុស្តិ៍លេខ៩ កាលពី១២ឆ្នាំមុន និងដោយសារតែអ្នកនាងនៅតែមានប្រជាប្រិយនៅឡើយនៅក្នុងពិភពសិល្ប:។ អ្នកនាងនឹងបង្ហាញខ្លួនជាពិធីការិនីក្នុងកម្មវិធី «Komsan Talkshow» នៅល្ងាចថ្ងៃសុក្រសប្ដាហ៍នេះ វេលាម៉ោង៦ និង៣០នាទី ដើម្បីបើកកិច្ចសម្ភាសន៍ជាមួយតារាកិត្តិយសនៅក្នុងកម្មវិធី។

អ្នកនាងនឹងកាន់កម្មវិធីនេះ ជាមួយអ្នកនាងលី ម៉ារីណា ដោយមានការរំពឹងថាវត្តមានរបស់អ្នកនាងនឹងកាន់តែធ្វើឲ្យកិច្ចសម្ភាសន៍តារាសិល្ប:ដ៏ក្ដៅគគុករបស់ «Komsan Talkshow» ទទួលបានការចាប់អារម្មណ៍ ដោយសារតែអ្នកនាងក្រៅពីជាតារាចម្រៀងក្រមិចក្រមើមល្បីឈ្មោះ ក៏ជាអតីតពិធីការិនីសម្បូររវោហារស័ព្ទដែលធ្លាប់ធ្វើឲ្យកក្រើកកម្មវិធីសំណូមពរបទចម្រៀង និងសំណេះសំណាលតាមទូរសព្ទរបស់ប៉ុស្តិ៍លេខ៩ កាលពី១២ឆ្នាំមុនរួចទៅហើយ មុនពេលអ្នកនាងក្លាយជាតារាចម្រៀងល្បី។

អ្នកនាងម៉ៅ ស៊ីណាត និយាយថា អ្នកនាងបានបោះបង់ចោលអាជីពជាពិធីការិនីប្រមាណ១២ឆ្នាំមកហើយ ដោយសារតែរវល់នឹងការច្រៀងរាំ និងក្រោយមកក៏គ្មានអ្នកចាប់អារម្មណ៍ពីអាជីពចាស់របស់អ្នកនាងទាល់តែសោះ ក្រោយស្ទុះឡើងក្នុងពិភពចម្រៀង។ អ្នកនាងប្រាប់ថាសម្រាប់កម្មវិធីកិច្ចសម្ភាសន៍គឺជាចំណូលចិត្ត និងជាជំនាញមួយដែលអ្នកនាងធ្លាប់កាន់ ទើបអ្នកនាងសម្រេចចិត្តទទួលយកតំណែងជាពិធីការិនីក្នុងកម្មវិធី «Komsan Talkshow» ជំនួយឲ្យអវត្តមាន លោក នាង វ៉ាងសាន់ បើទោះជាមានការរវល់។

អ្នកនាងថានឹងទទួលយកកម្មវិធីនេះដោយគ្មានកំណត់ពេលវេលានោះទេ តែបើមានការរិះគន់ណាមួយនៅក្នុងករណីដែលអ្នកនាងធ្វើកម្មវិធីនេះមិនបានល្អ នោះអ្នកនាងនឹងដកខ្លួនដើម្បីកុំបាក់មុខកម្មវិធី និងកេរ្តិ៍ឈ្មោះរបស់អ្នកនាង។ យ៉ាងណាមិញ អ្នកនាងបញ្ជាក់ថាខ្លួននឹងបង្ហាញសមត្ថភាព និងវិជ្ជាគុនចាស់ៗដែលទុកកប់ចោលឲ្យអស់ពីលទ្ធភាព ដោយសារអាជីពពិធីការិនី មិនមែនជារឿងថ្មីរបស់ខ្លួននោះទេ គឺអ្នកនាងបានប្រឡូកយ៉ាងជោគជាំយូរមកហើយ មុនពេលអ្នកនាងក្លាយជាតារា ចម្រៀងកុងត្រា៕

មតិយោបល់