ព័ត៌មានសិល្បៈ និងកម្សាន្ត

សាស្ត្រាចារ្យ ព្រឿង ឈៀង មានប្រសាសន៍បែបនេះ! ក្រោយឃើញវីដេអូចម្រៀង «វីរៈនារី» របស់ទេព បូព្រឹក្ស

(ភ្នំពេញ)៖ MV ចម្រៀងបទ “វីរនារី” ឬ “Top Of The Lady” របស់ ទេព បូព្រឹក្ស បានចេញជាផ្លូវការនៅថ្ងៃទី ២៧ ខែ វិច្ឆកា ឆ្នាំ ២០២១

ទោះបីជាយ៉ាងណា បើតាមសាស្ត្រាចារ្យ ព្រឿង ឈៀង ដែលជាបុគ្គលម្នាក់ពីក្រោយនៃការច្នៃឈុតមួកមេទ័ពរបស់ ទេព បូព្រឹក្ស ក្នុងនាមជាអ្នកផ្ដល់យោបល់បានគួសបញ្ជាក់ថា ការសម្រេចរៀបចំឈុតមួកមេទ័ពស្រ្តីបែបនោះ មិនមែនជារឿងងាយពេកទេ។ កូនសិស្សរបស់លោកគ្រូម្នាក់ បានខិតខំច្នៃឡើងយ៉ាងអស់ពីចិត្ត ក្រោមការប្រឹក្សាយោបល់ពីលោកគ្រូផ្ទាល់ ដោយឈរលើគោលការណ៍អភិរក្ស និងអភិវឌ្ឍន៍ ដោយយកតួអង្គ ហនុមាន ជាប្រុសនៅក្នុងរឿងរាមកេរ្តិ៍ ច្នៃឱ្យទៅជាមេទ័ពជាស្ត្រី ដោយយកលំនាំតាមបុរាណ។
ឯកឧត្ដមសាស្ត្រាចារ្យថា « ខ្ញុំអត់ចង់ឱ្យល្អដូចជប៉ុន ខ្ញុំអត់ចង់ឱ្យល្អដូចកូរ៉េទេ ខ្ញុំចង់ឱ្យល្អបែបខ្មែរ គេមើលមកឃើញថាខ្មែរតែម្ដង»។

បើតាមឯកឧត្ដមស្រាស្ត្រាចារ្យ ពីដំណាក់កាលមួយទៅដំណាក់មួយ តែងមានការអភិវឌ្ឍ ប៉ុន្តែយកការអភិរក្សជាគោល ព្រោះធម្មតាសិល្ប:មិនអាចស្ថិតនៅមួយកន្លែងបានទេ។ ទោះបីជាយ៉ាងណា អ្វីដែលលោកគ្រូផ្ដល់គុណតម្លៃក្នុងនាមជាសិល្បករផ្នែកបុរាណមួយរូបនោះ គឺការដាក់បញ្ចូលសិល្ប:បុរាណខ្មែរក្នុងបទចម្រៀងមួយនេះ ដែលជាការចូលរួមចំណែកលើកស្ទួយសម្បត្តិវប្បធម៌ដូនតាយើង។

សូមបញ្ជាក់ថា បទចម្រៀង “វីរនារី” ត្រូវបានតារាចម្រៀង ទេព បូព្រឹក្ស ចាត់ទុកថា បទចម្រៀង “វីរនារី” ដែលចំណាយអស់ថវិកាជាច្រើនក្នុងការផលិតនេះ គឺជាការសម្រេចសេចក្តីប្រាថ្នាបង្ហាញកេរ្តិ៍ដំណែលដូនតាដោយភាពជឿជាក់។ នាងថា សមិទ្ធផល នេះកើតឡើងបានដោយទំនុកចិត្តក៏ដូចជាកម្លាំងចិត្តពីបងប្អូនខ្មែរទាំងអស់គ្នា ។ តារាស្រីវ័យក្មេងរូបនេះ ស្នើរឱ្យរួមគ្នាជាចង្កឹះ មួយបាច់ ជួយគ្នាលើក តម្កើង វប្បធម៌ខ្មែរបន្ថែមទៀត៕

មតិយោបល់