ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ច័ន្ទសីហា ពរពោះជាង២ខែ ថ្ងូរថាស្វាមីខ្វះការមើលថែ !

មានការបញ្ជាក់ចេញពីមាត់របស់តារាសម្ដែង លី ច័ន្ទសីហា ថា អ្នកនាងពរពោះកូនក្នុងផ្ទៃប្រមាណជាជិត៣ខែហើយ ដោយសុខភាពរបស់នាងក៏ត្រូវធ្វើទុក្ខណាស់ដែរ តែសុខចិត្តមិនលេបថ្នាំ ដើម្បីកុំឲ្យប៉ះពាល់សុខភាពកូនក្នុងផ្ទៃ។ អ្វីដែលធ្វើឲ្យនាងខ្វះភាពកក់ក្ដៅទៀតនោះ គឺនាងត្រូវការការថែទាំយ៉ាងពេញទំហឹងពីមនុស្សដែលនាងស្រឡាញ់ ប៉ុន្តែស្វាមីរបស់នាងហាក់មិនបានបំពេញនូវតួនាទីនេះចំពោះបានល្អនោះទេ។

លី ច័ន្ទសីហា សរសេរនៅលើហ្វេសប៊ុកថា «ខ្ញុំឈឺណាស់ហើយ តែមិនហ៊ានញាំថ្នាំទេ ខ្លាចប៉ះពាល់កូន! មានដែរគិតថាចង់មើលថែរក្សាខ្ញុំ ដូចម៉ាក់ប៉ាខ្ញុំទេ?»។ ការលើកឡើងរបស់នាងបានធ្វើឲ្យមានការចាប់អារម្មណ៍គួរសមពីសំណាក់អ្នកលេងហ្វេសប៊ុក ដោយម្នាក់ៗមានការភ្ញាក់ផ្អើលនឹងពាក្យសម្ដីរបស់នាង និងបានស្ដីបន្ទោសដល់ស្វាមីរបស់នាងនោះផង។

យ៉ាងណាមិញនាងបានពន្យល់អ្នកធ្វើការរិះគន់នោះវិញថា ហេតុផលដែលនាងបង្ហោះថាខ្លួនពរពោះតែខ្វះការថែទាំពីស្វាមី ថែរក្សាឲ្យបានដឹតដល់នោះ មិនមែនសំដៅថាស្វាមីរបស់នាងមិនស្រឡាញ់ មិនបារម្ភ ចំពោះនាង និងកូនក្នុងផ្ទៃនោះទេ ប៉ុន្តែបណ្ដាលមកពីលោករវល់ចំពេលនាងពិបាកក្នុងខ្លួន ទើប ធ្វើឲ្យនាងមានអារម្មណ៍ឯកា ហើយក៏ផុសឲ្យធូរចិត្ត។ នាងថាតាំងពីពរពោះសុខភាពរបស់នាងពិបាកទ្រាំណាស់ តែសុខចិត្តមិនលេបថ្នាំដើម្បីប៉ះពាល់សុភាពកូនក្នុងពោះរបស់ខ្លួន។ មកទល់ពេលនេះកូនក្នុងផ្ទៃរបស់នាង មានរយ:ពេលជាង២ខែជិត៣ខែហើយ តែនាងនៅចាញ់ និងមានអាការ:ធីងធោងដែលចង់តែឲ្យនាងលេបថ្នាំម្ដងៗ។ អ៊ីចឹងហើយទើបនាងកើតអារម្មណ៍តប់ប្រមល់ក្នុងពេលដែលនាងពិបាកក្នុងខ្លួន ហើយស្វាមីរបស់នាងទៅធ្វើការបាត់ៗ ដែលធ្វើឲ្យនាងមានអារម្មណ៍ខ្វះភាពកក់ក្ដៅ។ នាងបានឆ្លើយប្រាប់អ្នករិះគន់ស្វាមីថា ស្វាមីរបស់នាងមើលថែនាងមិនខុសពីស្វាមីទូទៅនោះទេ ប៉ុន្តែមកពីលោករវល់ច្រើន ទើបមិនអាចនៅក្បែរនាងគ្រប់ពេលបាន។

យ៉ាងណាមិញនៅលើហ្វេសប៊ុក គេឧស្សាហ៍ឃើញនាងផុសពីអារម្មណ៍ហត់នឿយ និងស្មុគស្មាញបែបនេះជារឿយៗ ដែលហាក់ដូចជានាងកំពុងលាក់បាំងស្ថានភាពមិនសប្បាយចិត្តក្រោយពេលរៀបការ។ មកទល់ពេលនេះកូនក្នុងផ្ទៃរបស់នាង នៅមិនទាន់ដឹងថាជាកូនប្រុស ឬកូនស្រីនៅឡើយទេ ខណ:ដែលនាងបញ្ជាក់ថាកូនប្រុសក៏ស្រឡាញ់ និងជាស្រីក៏ស្រឡាញ់៕

មតិយោបល់