ព័ត៌មានសិល្បៈ និងកម្សាន្ត

អេឡិច ចន្ត្រា រៀបបង្វិចទៅទ្វីប២បន្តកន្ទុយគ្នា

យោងតាមការបញ្ជាក់ លោក អេឡិច ចន្ត្រា ដែលជាតារាចម្រៀង និងជាម្ចាស់ក្រុមហ៊ុន ELEXENTERTAIMENT នឹងចាកចេញពីប្រទេសកម្ពុជាទៅកាន់ទ្វីបអូសេអានីដើម្បីឆ្ពោះទៅប្រទេសអូស្ត្រាលីនៅកណ្ដាលខែ៨នេះហើយ ដោយគ្រោងទៅដើរកម្សាន្ត និងរៀបចំចាត់ចែងមង្គលមួយរហូតដល់រយ:ពេលមួយខែ។ គ្រាន់តែចប់បេសកកម្មនៅទីនោះភ្លាម លោកក៏នឹងបន្តទៅសម្ដែងយកប្រាក់ត្រឡប់មកវិញនៅទ្វីបអឺរ៉ុបថែមមួយបន្តទៀត បន្ទាប់ពីខាងស្ថានទូតបារាំងទើបតែទម្លាក់វីហ្សាឲ្យផ្លូវការ ជាមួយនឹងអ្នកនាង ខាត់ សុឃីមកាលពីមុននេះ។

ឱកាសចេញទៅក្រៅប្រទេសក្នុងពេលបន្តបន្ទាប់គ្នានេះ គឺជារឿងដ៏កម្ររបស់តារាសិល្ប:។ អ៊ីចឹងហើយទើបម្នាក់ៗមានការកោតសរសើរថា លោក អេឡិច ចន្ត្រា ពិតជាយីអ៊ុនឡើងមែនទែន ដែលខាងស្ថានទូតបារាំងទើបតែផ្ដល់វីហ្សាឲ្យចេញទៅសម្ដែងសោះ ក៏មានអ្នកអូស្ត្រាលី ធានាឲ្យចេញទៅដើរលេង និងជួយចាត់ចែងមង្គលការនៅទីនោះ ក្នុងនាមជាអ្នកជំនាញខាងរៀបចំពិធីមង្គលប្រចាំនៅក្នុងក្រុមហ៊ុនរបស់លោកនៅកម្ពុជា។ លោកអះអាងលោក នឹងបាត់មុខពីប្រទេសកំណើតច្រើនយ៉ាងហោច២ខែ ដោយចេញទៅអូស្ត្រាលីនៅពាក់កណ្ដាលខែ៨រយ:ពេលមួយខែ ហើយនៅពាក់កណ្ដាលខែ៩ ក៏រៀបបង្វិចទៅបារាំងទៀតភ្លាម ក្នុងគម្រោងចេញសម្ដែងរួមគ្នាជាមួយអ្នកនាងខាត់ សុឃីម និងស្វាមីអ្នកនាង។

យ៉ាងណាមិញលោកថា ការងារទទួលអាហ្វែប្រចាំនៅក្នុងក្រុមហ៊ុនរបស់លោកនៅបន្តដំណើរការទទួលការងារនៅឡើយទេ ដោយមានអ្នកចាត់ចែងជំនួសមិនលំបាកនោះផង។ លោកថាហេតុផលដែលលោកទទួលចេញទៅចាត់ចែងមង្គលការមួយនៅប្រទេសអូស្ត្រាលី និងចេញទៅសម្ដែងនៅបារាំងបណ្ដាក់គ្នា គឺដោយសារតែក្នុងអំឡុងខែ៨ ដល់ចុងខែ១០ គឺជាពេលវេលាមិនសូវមមាញឹកការងារនៅកម្ពុជាប៉ុណ្ណោះ បើកុំតែអ៊ីចឹងលោកមិនចេញក្រៅស្រុកនោះទេ។

លោកថាខ្លួននឹងវិលពីប្រទេសអូស្ត្រាលីមុនរយ:ពេលមួយខែ ដើម្បីចេញទៅបារាំងកុំឲ្យខកពេល។ ការសម្ដែងនៅទ្វីបអឺរ៉ុបនោះ ក៏មានរយ:ពេលមិនលើសពី១ខែដូចគ្នានោះដែរ ដោយសារតែលោកក៏ជាប់កុងត្រារៀបចំពិធីមួយចំនួនដែលមិនអាចអវត្តមានរបស់លោកក្នុងអំឡុងចុងខែតុលា។ លោកថាដំណើរត្រឡប់មកវិញ នឹងអាចស្ថិតក្នុងអំឡុងចុងខែ តុលា ២០១៧ ឬយ៉ាងយូរដើមខែ១១ ដោយហើយពាក់ព័ន្ធនឹងករណីពន្យារពេលសម្ដែងមិនបាននេះ លោក និង អ្នកធានាទៅបារាំងព្រមព្រៀងគ្នារួចហើយ។ លោកនឹងវិលមកកាន់កម្ពុជាស្របគ្នាជាមួយអ្នកនាង ខាត់ សុឃីម លោកផាណូ និងខាត់ សួស្ដី ដែលជាប់សម្ភាសន៍ទៅសម្ដែងនៅបារាំងក្នុងគម្រោងនោះដូចគ្នា៕

មតិយោបល់