ព័ត៌មានជាតិ

សំណាងណាស់! ឡិចស៊ីសLX៥៧០ពន្លះស្មាស់ពេញទំហឹង តែមិនបណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ធ្ងរ!

ភ្នំពេញៈ បុរសម្នាក់បើករថយន្តឡិចស៊ីស LX ៥៧០ មួយគ្រឿង ដឹកស្រី្តជាជនជាតិកូរ៉េ ធ្វើដំណើរតាមផ្លូវ ក៏បានបុកគ្នាជាមួយម៉ូតូស្មាស់មួយគ្រឿង ចំពីមុខគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អគ្មានអ្នករងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២៥នាទីយប់ ថ្ងែទី១៣ ខែកក្កដា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវលេខ២៩៤ កែងនិងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស LX៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AM- 8686 រួមទាំងស្រ្តីជនជាតិកូរ៉េម្នាក់ នៅក្នុងរថយន្ត បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៩៤ ក្នុងទិសដៅពីកើតមកលិច ខណ:ពេលមកដល់កន្លែងកើតហេតុខាងលើ ក៏មានបុរសម្នាក់ទៀត ជិះម៉ូតូមួយគ្រឿងម៉ាក ស្មាស់ ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខ ភ្នំពេញ 1FC- 0078 ធ្វើដំណើរតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ២៨៤ ក្នុងទិសដៅពីលិចទៅកើត បញ្រ្ចាសទិសគ្នា បុកគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តនិងម៉ូតូរងការខូចខាតទាំងសងខាង ប៉ុន្លែមិនបង្កឲ្យមានមនុស្សរងរបួសធ្ងន់ធ្ងរនោះឡើយ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាងបានធ្វើការដោះស្រាយគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ ដើម្បីកុំឲ្យវែងឆ្ងាយទៀត៕

មតិយោបល់