កាលពីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ បើទោះជាតារាភាគច្រើនសុទ្ធតែជាប់ទៅកម្មវិធីរៀងខ្លួន ពិសេសកម្មវិធីខួបកំណើតតារាសិល្បៈជាន់ជើងគ្នា និងត្រូវទៅចូលរួមអបអរព្រឹត្តិការណ៍ដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកដល់យប់អធ្រាត ក៏ពិធីខួបកំណើតរបស់តារាចម្រៀង Cambodian Idol ហ៊ិន លីដា នៅតែផ្អើលភោជនីយដ្ឋានវីហ្វ្រេនកោះពេជ្រ។ តារាសិល្បៈក្មេងៗ ដែលរួមមានតារាសម្ដែង និងតារាចម្រៀង បង្ហាញខ្លួនយ៉ាងគរជើងគ្នា ធ្វើឲ្យខួបរបស់នាងមានភាពគគ្រឹកគគ្រេងមិនធម្មតានោះឡើយ បើទោះជាពិធីរបស់នាងត្រូវធ្វើឡើងសាមញ្ញ មិនធ្វើក្នុងសណ្ឋាគារលំដាប់ទំនើប។
ហ៊ិន លីដា និយាយថា នាងធ្វើខួបលើកនេះគឺជាទ្រង់ទ្រាយធំ ដើម្បីគម្រប់អាយុ១៨ឆ្នាំ និងដើម្បីមានឱកាសបានជួបជុំតារាសិល្បៈ។ នាងថាពិធីខួបរបស់ខ្លួនបានទទួលការអញ្ជើញការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស និងតារាសិល្បៈសឹងមិនបាត់មុខនោះទេ ដោយតារាសិល្បៈទាំងនោះបានទាំងបណ្ដាក់គ្នាច្រៀងរហូតដល់ពាក់កណ្ដាលអធ្រាតទៀតផង។ នាងថាមិនទាន់មានគម្រោងចូលផលិតកម្មចម្រៀងណានៅឡើយទេ ដោយសារតែមិនចង់ឲ្យមានផលិតកម្មណាមួយចងជើង។ ក្នុងពិធីខួបកំណើតរបស់នាង ត្រូវគេកត់សម្គាល់ថាតារាចម្រៀងមកពីកម្មវិធី Cambodian Idol និងផ្កាយរះក្នុងសួន ក្នុងជំនាន់របស់នាង គឺបង្ហាញខ្លួនភាគច្រើន៕
មតិយោបល់