ទើបតែឃើញបណ្ដើរនារីជាសង្សារ ដែលអះអាងថា ជាស្នេហាកម្សត់កម្រចូលក្នុងកម្មវិធីផ្សេងៗលែងបិទបាំង មហាជនដូចមុនបានត្រឹមតែមួយរយៈខ្លីសោះ មានការទម្លាយថាតារាសម្ដែង ដែលត្រូវគេស្គាល់ថា ជាម្ចាស់តារាសម្ដែងឆ្នើម ក្នុងកម្មវិធីស្ពានលេខ១១របស់ប៉ុស្ដិ៍អប្សរា លោក ឈួន ពន្លឺ និងតារាស្រីជាតួម៉ូដែលម្នាក់ជាសង្សារ បានបែកគ្នាហើយកាលពីពាក់កណ្ដាលខែមិថុនានេះ។
សាមីខ្លួនខាងប្រុសបានទទួលស្គាល់ពីបញ្ហានេះ ទាំងស្ទាក់ស្ទើរ និងទម្លាយខ្លះៗ ពីហេតុផលដែលនាំអោយស្នេហ៍ ដែលធ្លាប់ផ្អែមល្ហែមមួយនោះរុះរោយ។ ប្រភពពីតារាសិល្បៈច្រើនឡើង បានអះអាងថា លោក ឈួន ពន្លឺ បែកគំនិតដើរផឹកខុសប្លែកពីធម្មតា បន្ទាប់ពីបានសុំបែកសង្សារ ដែលផ្ទុយពីបុរសភាគច្រើន ដែលក្លាហានដល់ថ្នាក់សុំបែកសង្សារ គឺមានតែប្រឹងរកថ្មី។ តារាទាំងនោះ បានអះអាងថាលោកប្រឹងញញឹមតែលើឆាក និងក្នុងវេទិកាសិល្បៈតូចធំ ទ្រាំបៀបឈឺចាប់ព្រោះតែនារីជាស្រឡាញ់លែងធ្វើអោយលោកកក់ក្ដៅនោះផង។
ក្នុងកិច្ចសម្ភាសន៍សួរនាំពីរឿងនេះ លោកបានបញ្ជាក់ថា ខ្លួន និងនារីដែលលោកអោយតម្លៃស្មើនឹងកែវភ្នែកនោះ ពិតជាបែកគ្នាមែន ដោយលោកយល់ថានោះជាអ្វីមិនគួរនឹងអាចកើតឡើងនោះផង។ លោកថាបើទោះជាការងារ សិល្បៈរបស់លោកឈានឡើង ដែលនាំអោយលោកកាន់តែមានឱកាស បានស្គាល់តារាស្រីផ្សេងទៀត នាពេលចុងក្រោយ តែលោកមិនដែលមានចិត្តរេចុះរេឡើង ទៅរកអ្នកនេះអ្នកនោះនោះទេ ដោយសារតែលោក បានចាត់ទុកនារីជាសង្សារ គឺនារីកម្សត់កម្ររបស់ខ្លួន។
ប៉ុន្តែលោកទទួលយកមិនបានក្នុងពេលដែលនាងស្រាប់តែកើតអារម្មណ៍ប្រច័ណ្ឌមិនដូចមុន រករឿងជាងមុន ហើយអ្វីដែលលោកទទួលយកមិនបាន គឺនាងអោយតែខឹងម្ដងៗ គិតតែចង់គំរាមសម្លាប់ខ្លួន ដូចជាហ៊ានអារដៃខ្លួនឯងជាដើម ដែលធ្វើអោយលោកចាប់ផ្ដើមខ្លាចនាង នៅពេលឃើញនាងមានចិត្តសាហាវបែបនោះ។ លោកថាខ្លួនពិបាកទ្រាំណាស់ នៅពេលនាងខឹងដឹងតែទាញកាំបិតអារដៃ និងហ៊ានធ្វើរឿងច្រើនទៀត ដែលធ្វើអោយលោកកាន់តែយល់ថា នឹងក្លាយជាគ្រោះថ្នាក់មួយបើនាងគិតខ្លីទាំងលោកមិនបានខុស។
លោកថាខ្លួនមិនមែនជាមនុស្សស្រឡាញ់ប្រុសដែលនាងត្រូវប្រច័ណ្ឌនោះទេ ដោយសារតែគ្រប់សារទាំងអស់ ដែលពាក់ព័ន្ធនឹងប្រុសឆាតមកគឺនាងមើលឃើញទាំងអស់ថា លោកបានឆាតអ្វីតប ប៉ុន្តែអ្វីដែលនាងផ្ទុះអារម្មណ៍ ប្រច័ណ្ឌចម្លែកគឺនាងប្រច័ណ្ឌគ្រប់មនុស្សស្រីតែម្ដង ហើយអោយតែហ៊ានមិនបកស្រាយគឺពិតជាអារដៃជើង ឬគំរាមសម្លាប់ខ្លួនតែម្ដង។ លោកបានប្រកាសដើរចេញ ដោយទុកអោយអតីតសង្សារស្ងប់ចិត្ត ដើម្បីការពារជីវិតរបស់នាងផង និងដើម្បីកុំអោយលោកមានរឿងបើនាងគិតខ្លីនោះផង។ លោកថានារីកម្សត់កម្រដែលទើបបែកនោះមិនហ៊ានសម្លាប់ខ្លួននោះទេ បើរស់នៅបែកឆ្ងាយពីលោក ព្រោះលោកដឹងថានាងមិនអាចគិតខ្លីឈានដល់រឿងនោះ ប៉ុន្តែបើនៅជាមួយលោកគឺនាងអ្វីក៏ហ៊ានដែរ ដោយសារតែចង់ឈ្នះចាញ់ដោយមិនជ្រើសយកវិធីផ្សេងមកដោះស្រាយ។ លោកថាខ្លួនឈឺចាប់ ប៉ុន្តែលោកមិនអាចបន្តបានទេ បើនាងកាន់តែធ្វើខ្លួនប្លែក ហើយធ្វើអោយលោកស្រម៉ៃឃើញរូបភាពដែលនាងអារដៃ និងធ្វើរឿងគួរអោយខ្លាចរាល់ពេលដែលនាងអន់ចិត្តម្ដងៗ។
លោកមិនទាន់ច្បាស់ថាចំណងស្នេហ៍នឹងវិលត្រូវគ្នាវិញទេ ដោយគ្រាន់តែអះអាងថាស្ថានភាពរាល់ថ្ងៃគឺអត់ច្រើនជាង ដោយសារតែលោកបានកត់សម្គាល់ឃើញថានារីជាអតីតសង្សារ ក្រោយពេលលោកសុំបែក ហាក់ដូចជារឹងមាំច្រើន ហើយមិនយកជម្រើសសម្លាប់ខ្លួនមកគំរាម៕
មតិយោបល់