ព័ត៌មានសិល្បៈ និងកម្សាន្ត

យ៉េយ៉េ កាន់តែប្រយ័ត្នប្រយែង

មកទល់ពេលនេះគេចាត់ទុកថាក្រុមកំប្លែងយ៉េយ៉េ កាន់តែមានទីផ្សារនៅក្នុងវិថីសិល្បៈដោយសារតែទេពកោសល្យសិល្បៈរបស់នាង និងក្រុមដៃគូ។ យ៉ាងក៏ដោយគេនៅតែមើលឃើញ នាងមានការប្រយ័ត្នប្រយែងជាងមុន ដោយមិនមែនល្បីឈ្មោះហើយក៏ចេះតែប្រហែសខ្លួននោះទេ។

តារាកំប្លែងយ៉េយ៉េបានសារភាពថា នាងអាចរកចំណូលបានមិនក្រោម៥ពាន់ដុល្លារនោះទេក្នុងមួយខែ ដោយក្រុមរបស់នាងអាចនិយាយបានថារកថ្ងៃសម្រាកផ្ទះមិនបាននោះផង។ នាងបានបញ្ជាក់ពីហេតុផលថា ទីផ្សារកាន់តែមានការទទួលស្គាល់នោះ គឺដោយសារតែនាងកែទម្រង់សម្ដែងរបស់ក្រុមមិនឲ្យច្រំដែល ដែលមានន័យថាមិនមែនអាងថាល្បីឈ្មោះហើយសម្ដែងឆិនឆៃនោះទេ។ នាងថាការងារសិល្បៈកាន់តែល្បីនាងកាន់តែប្រយ័ត្នដោយគ្រប់ការសម្ដែងនាងត្រូវចំណាយពេលច្រើនក្នុងរៀបចំសាច់រឿង និងរកស្ទីលសម្ដែងប្លែកៗដើម្បីកុំឲ្យអ្នកទស្សនាមានអារម្មណ៍ធុញទ្រាន់។ ទោះសម្ដែងក្នុងក្លិបតែកញ្ញា ប្រាប់ថាមិនអាចសម្ដែងទម្រង់រឿងដដែលៗបានទេ ក្នុងពេលដែលក្រុមកំប្លែងរបស់នាងត្រូវការការប្រកួតប្រជែងនៅក្នុងពិភពសិល្បៈ។ ក្នុងនោះសូម្បីតែតម្លៃ និងអត្តចរិតក៏កញ្ញា និងក្រុមជាសមាជិកមានការប្រយ័ត្នប្រយែងផងដែរ។ កញ្ញានិយាយថា ចាទូទៅតម្លៃក្នុងការសម្ដែងគឺបានដំឡើងខ្ពស់ ប៉ុន្តែសម្រាប់កម្មវិធីដែលរាប់អានគ្នា ឬកម្មវិធីដែលអាចបន្ធូរបន្ថយគ្នាបាន ក៏ក្រុមនាងទទួលសម្ដែងនោះ ដោយមិនប្រកាន់ថាទាល់តែដល់តម្លៃទើបទទួលសម្ដែងទេ។ នាងប្រកាសថាត្រីធំក៏ចាប់ត្រីតូចក៏ចាប់ ដោយសូម្បីតែការសម្ដែងក្នុងព្រឹត្តិការណ៍សប្បុរសធម៌តូចធំ ក៏នាងទទួលចេញមុខនោះដែរ ដើម្បីពង្រីកទីផ្សារ និងប្រជាប្រិយ។

យ៉េយ៉េ បានសារភាពថាតាំងពីមានកេរ្តិ៍ឈ្មោះ នាងមិនហ៊ានចោលកម្មវិធីអញ្ជើញដោយសិល្បៈណាម្នាក់នោះទេ ដើម្បីកុំឲ្យថានាងប្រកាន់ប្ញក និងទទួលបង្ហាញមុខតែកម្មវិធីតារាល្បីៗ។ នាង និងក្រុមជាសមាជិករមែងដាក់ខ្លួនជាប្រចាំ ពិសេសគឺភាពរួសរាយរាក់ទាក់ ដែលនាងយល់ថាកាន់តែល្បីត្រូវតែប្រយ័ត្នប្រយែង ដើម្បីបញ្ចៀសនូវការរិះគន់ថាក្រុមនាងល្បីក៏ប្រែប្រួលចរិត។ នាងនៅតែអះអាងថាភាពប្រយ័ត្នក្នុងការផលិតសាច់រឿង និងការសម្ដែងប្លែកៗ បូករួមទាំងភាពយោគយល់ក្នុងការកំណត់តម្លៃ និងការដាក់ខ្លួន គឺជាចលករធ្វើឲ្យក្រុមកំប្លែងរបស់នាងរក្សាកេរ្តិ៍បានយូរក្នុងពេលឡើងកូដនាពេលនេះ៕

មតិយោបល់