ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល

រដ្ឋាភិបាលអាមេរិក បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មី ទៅលើអ៊ីរ៉ង់ ដោយសំដៅទៅលើបុគ្គល និងអង្គភាពរបស់ប្រទេសនេះចំនួន ១៨ ពាក់ព័ន្ធនឹងការគាំទ្រនូវអ្វីដែលខ្លួន បានសំអាងថា ជាទង្វើខុសច្បាប់ ឬសកម្មភាពឧក្រិដ្ឋឆ្លងដែន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert កាលពីថ្ងៃអង្គារ បានចោទប្រកាន់ការធ្វើតេស្ត និងការអភិវឌ្ឍមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ថា ជាការរំលោភបំពានដោយផ្ទាល់លើដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្នុងនោះលោកស្រី ក៏បានបញ្ជាក់ដែរថា «អាមេរិកព្រួយបារម្ភខ្លាំងបំផុត ចំពោះសកម្មភាពដ៏អាក្រក់របស់អ៊ីរ៉ង់ នៅទូទាំងមជ្ឈឹមបូព៌ា ដែលធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពសន្តិសុខ និងវិបុលភាពក្នុងតំបន់ រួមទាំងការគាំទ្ររបស់ប្រទេសនេះ ទៅលើក្រុមប្រដាប់អាវុធរបបស៊ីរី និងក្រុមឧទ្ទាមហ៊ូតូ នៅប្រទេសយេម៉ែនជាដើម។

គួរបញ្ជាក់ដែរថា ឆ្លើយតបនឹងបញ្ហានេះ សភាអ៊ីរ៉ង់ បានសងសឹកទៅវិញ ដោយការបោះឆ្នោត ដើម្បីផ្តល់មូលនិធិបន្ថែម សម្រាប់ការអភិវឌ្ឍកម្មវិធីមីស៊ីលក្នុងប្រទេសខ្លួន ហើយក្រសួងការបរទេសអ៊ីរ៉ង់ ក៏បានលើកទ្បើងទៀតថា នឹងដាក់ទណ្ឌកម្មផ្ទាល់ខ្លួនមួយ ដើម្បីប្រឆាំងនឹងជនជាតិអាមេរិក៕

មតិយោបល់