ព័ត៌មានសិល្បៈ និងកម្សាន្ត

រកឃើញជ័យលាភីស្រីស្រស់ប្រុសសង្ហារ ប្រចាំឆ្នាំ២០១៧ ក្នុងក្លឹបGL

កាលពីយប់ថ្ងៃទី២៩ កក្កដា ការប្រកួតស្រីស្រស់ស្រីសង្ហារ បានធ្វើឲ្យកក្រើកក្លឹបកម្សាន្តGL ដែលជាអ្នកចំណាយទុនរៀបចំយ៉ាងខ្លាំង ដោយព្រឹត្តិការណ៍នោះត្រូវគេឃើញអ្នកទស្សនាយ៉ាងណែនតាន់តាប់ពេញក្លិប អមដោយការសម្ដែងកំប្លែងផង និង Show ពិសេសផងរបស់ក្រុមយ៉េយ៉េនោះផង។ ជ័យលាភី៦រូបគឺស្រី៣ប្រុស៣ ត្រូវគេជ្រើសបាន ដោយម្នាក់ៗសុទ្ធតែមានរូបរាង និងមុខមាត់ស្រស់ស្អាត។

លោកប៊ុន ខេវិន អ្នកគ្រប់គ្រងទូទៅប្រចាំក្លិបGL បានអះអាងថាការប្រកួតមួយនេះ គឺបានធ្វើឡើងពេញរយ:ពេលមួយខែ ដោយគ្រប់បេក្ខជនបេក្ខនារីដែលបានជាប់ឈ្មោះក្នុងវគ្គប្រុស២០ និងស្រី២០ ត្រូវបានក្រុមការងារផលិតជួលគ្រូឲ្យបង្វឹកផ្នែកដើរម៉ូត និងជំនាញសិល្ប:ផ្សេងទៀតនោះផង ដើម្បីឲ្យអ្នកប្រកួតកាន់តែមានជំនាញសិល្ប:បើទោះជាធ្លាក់ឬជាប់។ អ៊ីចឹងហើយទើបបេក្ខជនបេក្ខនារី ដែលឈានដល់វគ្គផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី២៩ កក្កដា ត្រូវគេកត់សម្គាល់ថាសុទ្ធតែមានសមត្ថភាព និងទេពកោសល្យ មិនចាញ់គ្នា។ លោកថាការប្រកួតនេះបានចំណាយអស់ច្រើន ប៉ុន្តែអ្វីដែលក្លឹបរបស់លោកចង់បានគឺចង់បណ្ដុះអ្នកមានទេពកោសល្យ និងស្រលាញ់សិល្ប: ឲ្យមានឱកាសបានក្លាយជាតារាសិល្ប:។ ជាគោលការណ៍ម្ចាស់ជ័យលាភី៦រូបដែលទើបបានជាប់នឹងត្រូវបានជ្រើសដោយស្វ័យប្រវត្តិឲ្យដើរម៉ូត ឬបម្រើការនៅក្នុងក្លឹបរបស់លោកដើម្បីប្រាក់ចំណូល និងបើកឱកាសឲ្យពួកគេបានឡើងបង្ហាញសមត្ថភាពនៅលើកញ្ចក់ទូរទស្សន៍ផង ដើម្បីឲ្យអ្នកទាំង៦បានក្លាយជាតារាចម្រៀងអាជីព។ ក្រោយការបញ្ចប់ការប្រកួតដ៏ស្វិតស្វាញនេះ លោកថាក្លឹបនឹងមានកម្មវិធីប្រលងរាំបែបអន្តរជាតិមួយទៀត ដោយគ្រោងចំណាយលុយដល់រាប់ពាន់ដុល្លាររៀបចំ និងជួលគ្រូដែលជំនាញរាំមកបង្ហាត់បេក្ខជនបេក្ខនារីដែលចូលប្រលងឲ្យហ្វឹកហាត់រាំក្នុងអំឡុងពេលប្រកួត ដើម្បីឲ្យអ្នកប្រកួតកាន់តែមានជំនាញនោះផង។

លោកគួច ខេវិន ដែលត្រូវបានជ្រើសជាអ្នកផ្ដល់ពិន្ទុមួយរូប បានហៅការប្រកួតនេះថាជាការបើកឱកាសឲ្យយុវវ័យឲ្យក្លាយជាតារាសិល្ប:។ លោកថាក្នុងនាមជាផលិតករមួយរូបលោកនឹងផ្ដល់ឱកាសឲ្យអ្នកទាំង៦ឡើងសម្ភាសន៍នៅលើកញ្ចក់ទូរទស្សន៍ និងឡើងច្រៀងរាំក្នុងកម្មវិធីដែលលោករៀបចំ ដើម្បីជួយឲ្យម្ចាស់ជ័យលាភីពីព្រឹត្តិការណ៍នេះកាន់តែមានកេរ្តិ៍ឈ្មោះនៅក្នុងសិល្ប:។ លោកក៏ត្រូវបានកម្មវិធីឲ្យឡើងបំពាក់ឈាង និងប្រគល់ពានដល់ចំណាត់ថ្នាក់លេខ១នៅក្នុងពិធីនោះផង។

លោកទទូចឲ្យអ្នកជាប់ជ័យលាភីប្រឹងប្រែងសម្រាប់ជំហានបន្តនៅក្នុងការប្រឡូកសិល្ប: និងលើកទឹកចិត្តឲ្យអ្នកធ្លាក់ មិនជាប់ចំណាត់ថ្នាក់កុំបាក់ទឹកចិត្ត ដោយលោកប្រកាសថាឲ្យតែមានសមត្ថភាព ទោះមិនបានទទួលចំណាត់ថ្នាក់ណាមួយក៏មានឱកាសក្លាយជាតារាល្បីផងដែរ។

នៅក្នុងពិធីនោះ ក្រៅពីភ្ញៀវកិត្តិយសកុះករ តារាសិល្ប:ល្បីៗក៏បានបង្ហាញខ្លួនទៅទស្សនារហូតដល់ចប់កម្មវិធីផងដែរ ដូចជាលោកប៉ែន ចំរ៉ុង លោកម៉ាដូណា លោកហេរ៉ូ និងតារាចម្រៀង តារាសម្ដែងជាច្រើនរូបទៀត ដែលអមដំណើរមកជាមួយលោកគួច ខេវិន៕

មតិយោបល់