មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយថាតារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សោភា និងតារាសម្ដែង លោកឆឹម សក្កដា បានចាប់ដៃគ្នាធ្វើជាគូស្នេហ៍មួយគូថ្មី មិនខុសពីស្នេហារបស់អ្នកនាងខាត់ សុឃីម និងអ្នកនាងគង់ សុជាតិ នៅក្នុងពិភពសិល្បៈ។ ភាគីខាងប្រុសបានប្រកាសថាខ្លួនរំភើបចិត្តដែលពេជ្រ សោភា ទទួលយកស្នេហារបស់ខ្លួន ខណៈដែលភាគីខាងស្រីក៏អះអាងថាអ្វីដែលលោកឆឹម សក្កដា ប្រកាសនៅលើហ្វេសប៊ុក គឺមានការពិត។
លោកឆឹម សក្កដា ដែលគេស្គាល់ថាជាពិធីករផង និងជាតារាសម្ដែងផង បានសរសេរនៅលើគណនីផ្ទាល់ខ្លួនថា រវាងលោក និងពេជ្រ សោភា ពិតជាបានស្រឡាញ់គ្នា ដោយលោក ប្រកាសថាពេជ្រ សោភា គឺជាមនុស្សសំខាន់ក្នុងជីវិតរបស់លោក និងថាលោកសប្បាយចិត្តបំផុតដែលត្រូវបាននារីម្នាក់គឺពេជ្រ សោភា ទទួលយកចំណងស្នេហ៍របស់ខ្លួន បន្ទាប់ពីបានចំណាយពេលតស៑ូ។ ក្រោយការបើកផ្លូវ លោកថានឹងធ្វើឲ្យពេជ្រ សោភា សប្បាយចិត្ត ហើយបើទោះជាពេជ្រ សោភា ធ្លាប់បានរៀបការ និងមានអតីតកាលជាស្ត្រីមេម៉ាយ តែលោកថាខ្លួនជាបុរសមានសំណាង ដែលតារាស្រីល្បីឈ្មោះរូបនេះមិនរើសអើងចំពោះខ្លួន។ លោកបានបង្ហាញនាឡិកាគូស្នេហ៍ដែលពេជ្រ សោភា ប្រគល់ឲ្យ ក្នុងពេលដែលលោកក៏បានប្រគល់តុក្កតាពណ៌ស្វាយធំមួយដល់នាង កាលពីថ្ងៃ២៤ ធ្នូ មុនមួយថ្ងៃបុណ្យណូអែលមួយថ្ងៃ។ នៅលើហ្វេសប៊ុករបស់លោក បានបង្ហោះសារជាច្រើនបង្ហាញភាពការវិវត្តន៍ស្នេហា ដោយក្នុងចំណោមសារទាំងនោះ ភាគច្រើនមានខ្លឹមសារថាលោកមិនអាចខ្វះពេជ្រ សោភា បានពីក្នុងជីវិតរបស់ខ្លួន។ សូម្បីតែពេលលោកធ្វើអ្វី ទៅណាសុទ្ធតែបានប្រកាសឲ្យនាងបានដឹង ខណៈពេជ្រ សោភា ក៏ត្រូវគេឃើញតបសារយ៉ាងផ្អែមល្ហែមលែងមានការលាក់បាំងពីចំណងស្នេហ៍មួយនេះ។
ពេជ្រ សោភា បានអះអាងថា លោក ឆឹម សក្កដា ពិតជាបានធ្វើរឿងច្រើនយ៉ាងឲ្យនាងរំភើបចិត្តមិនខុសពីអ្វីដែលបានបង្ហោះឡើង តែនាងមិនទាន់ហ៊ានប្រាកដចិត្តថាអ្វីដែលនាងផ្ដល់ឱកាសឲ្យលោកចូលខ្លួននៅក្នុងជីវិតរបស់នាង នឹងអាចឈានដល់អនាគតដូចគ្នានឹងស្នេហារបស់អ្នកនាង ខាត់ សុឃីម ឬ អ្នកនាង គង់ សុជាតិនោះឡើយ ដោយសារការប្រកាសសុំស្នេហ៍របស់លោក ឆឹម សក្កដា លឿនពេក។ នាងថា តារារូបនេះ ជាអ្នកសិល្បៈទី១ដែលបានចូលខ្លួនមកពាក់ព័ន្ធក្នុងជីវិតរបស់នាង ហើយនាងទទួលយក ដែលខុសពីការចូលខ្លួនរបស់តារាប្រុសកន្លងមក។
នាងសារភាពថាមានរឿងរាប់មិនអស់ដែលលោកធ្វើឲ្យនាងរំជួលចិត្តក្រោយពីបានសម្ដែងក្នុងបទចម្រៀងរបស់នាង មុននឹងនាងសម្រេចចិត្តទិញនាឡិកាគូស្នេហ៍ឲ្យលោក កាលពីថ្ងៃ២៤ ធ្នូ។ នាងថាលោកឆឹម សក្កដា សារភាពច្រើនលើកថាសុំខ្លួនថែទាំនាង តែនាងមិនទាន់ឆ្លើយនៅឡើយទេ ក្រៅពីបើកឱកាសឲ្យលោកបង្ហាញទង្វើស្រលាញ់នាពេលចុងក្រោយ។ នាងនៅតែភ័យរឿងការពេបជ្រាយ ក្រោយប្រកាសថារវាងនាង និងលោកឆឹម សក្កដា មានទំនាក់ទំនងលើសពីធម្មតា។ ប៉ុន្តែនាងក៍ប្រកាសថា មិនខ្លាចប្រឈមផងដែរ បន្ទាប់ពីលោក ឆឹម សក្កដា ធ្វើឲ្យនាងកក់ក្ដៅរាប់មិនអស់។ នាងថាតារាប្រុសរូបនេះ ជាចំណែកសំខាន់ធ្វើឲ្យជីវិតនាងមានន័យជាពិសេសគឺពាក្យសម្ដី និង ទង្វើរ៉ូមែនទិច ដែលលោកផ្តល់ឲ្យ ដែលនាងប្រកាសថាមិនធ្លាប់បានទទួលពីបុរសដែលនាងស្រលាញ់កន្លងមក៕
មតិយោបល់