វិវត្តិន៍ខ្លួនពីអាជីពផាត់មុខឲ្យតារាល្បីៗ តារាភេទទី៣ កញ្ញា ភី សម័យ ដែលមានឈ្មោះពិតថា វ៉ែន ផានិត បានក្លាយជាតារាសម្ដែងយ៉ាងរំភើយនាពេលចុងក្រោយ។ អ្វីដែលគេទ្រាំលាន់មាត់មិនសរសើរមិនបាន គឺនាងឲ្យតែបានតែងមុខលើកណា គឺលេច សម្រស់ដូចប្រែកាឡា ស្របគ្នាដែលមុខមាត់របស់ក៏ស៊ីកាមេរ៉ា សឹងច្រឡំសម្រស់ស្រីពិត។
នៅក្នុងរង្វង់អ្នកសិល្បៈស្ទើរមិនមានតារាសិល្បៈច្រើនឡើយមិនស្គាល់ថាភី សម័យ គឺជាអ្នកផាត់មុខដែលមានជំនាញម្នាក់។
នាងរមែងមានឱកាសផាត់មុខ និងធ្វើសក់ឲ្យតារាល្បីៗមិនថាតារាចម្រៀង និងក្រុមតារាសម្ដែងជាហូរហែរ ដោយមានសមត្ថភាពអាចប្រែកាយមនុស្សជាតួអង្គបែបនេះបែបនោះ តាមការចង់បានរបស់ក្រុមផលិតករ និងតួសម្ដែងនោះផង។ អ៊ីចឹងហើយទើបក្រោយពេលនាងបានក្លាយជាតារាសម្ដែងខ្លួនឯង គឺអ្នកណាៗក៏ឲ្យមេដាយថានាងពូកែប្រែកាឡា ធ្វើឲ្យសម្រស់ក្លាយជាមនុស្សមួយបែបផ្សេង។ នាងត្រូវបានគេដឹងថាបានក្លាយជាតារាសម្ដែងតាមរយៈសកម្មភាពខាងក្រៅចូលចិត្តលេងសើច ក្រមិចក្រមើម និងមានទេពកោសល្យសិល្បៈពេញខ្លួន ជាពិសេសគឺការលេងចរឹតអោយត្រូវនឹងសម្ដែងណាមួយដែលតម្រូវឲ្យត្រាប់តាម។
ភី សម័យ ត្រូវបានផលិតកម្មចក្រវាទ្បពេជ្របើកឱកាសឲ្យសម្ដែងមុនគេក្នុងរឿង«ស្ទឹងស្នេហា» ហើយដោយសារតែភាពក្រមិចក្រមើម និងសមត្ថភាព ទើបចេះតែជួយឲ្យនាងបន្តឱកាសបានសម្ដែងស្ទើរគ្មានពេលសម្រាក រហូតចាប់ផ្ដើមរយាលពីការងារទទួលផាត់មុខឲ្យតួ។
ក្នុងពេលថ្មីៗ នាងក៏ត្រូវបានផលិតករតម្លើងឲ្យសម្ដែងជាតួអង្គកាន់តែសំខាន់ក្នុងរឿង «ស្នេហ៍បញ្ច្រាសទិស» រឿង «ប្រពន្ធក្រៅបេះដូង» រឿង«លេខាថ្មី» រឿង «ផ្កាព្រៃស្រទាប់មាស» រឿង «ក្រមុំឆ្នាស់ប៉ះមេស្រុកឆ្នើម» និងរឿង «ប្ដីម៉ែទេកូន» ជាដែលសុទ្ធតែភាពយន្តភាគទូរទស្សន៍ ដោយតម្រូវឲ្យនាងបានសម្ដែងជាតួភេទទី៣លេងខ្លួន ដែលនាំឲ្យថ្មីដៃតែងមុខរបស់នាងត្រូវបានលេចឡើងមិនខុសពីប្រែកាឡា។
ភី សម័យ ធ្លាប់បាននិយាយថា ការសម្ដែងដ្បិតមិនមែនជាអ្វីដែលនាងធ្លាប់រំពឹងទេ ប៉ុន្តែក្រោយមានឱកាសគឺនាងត្រូវតែក្ដាប់ឲ្យជាប់ ជាពិសេសគឺការសម្ដែងជាតួភេទទី៣ក្រមិចក្រមើម និងចេកចូចនៅក្នុងផ្ទៃរឿង។ យ៉ាងណាមិញ នាងថាចូលចិត្តគេឲ្យសម្ដែងជាភេទទី៣លែងខ្លួនស្អាតៗច្រើនជាង ជាពិសេសគឺការសម្ដែងជាកូនស្រីអ្នកមាន ដែលមានឱកាសតែងខ្លួនបានប្លែកៗមិនចាញ់នារីពិតៗនោះ។ នាងទទួលស្គាល់ថាតារាជាច្រើន បូករួមទាំងផលិតករផង មិនចង់ជឿភ្នែកនោះទេក្រោយនាងតុបតែងមុខហើយ ដោយសារតែត្រេមុខរបស់នាងឆាប់ប្ដូរតាមប្រភេទសក់ សម្លៀកបំពាក់ និងការផាត់មុខ។ អ៊ីចឹងហើយទើបនាងរមែងអាចតែងមុខមាត់ឲ្យមើលទៅឃើញប្លែក រហូតដល់គេនិយាយបានថានាងជាភេទទី៣ ជំនាញជំនាញប្រែកាឡា។ នាងប្រកាសទទួលសម្ដែងឲ្យជាប់ តែក៏មិនភ្លេចជំនាញផាត់មុខនោះដែរ ដោយសារតែនាងប្រកាសថានោះជាឆ្នាំងបាយប្រចាំថ្ងៃ និងថាបើគ្មានអាជីពផាត់មុខ ក៏មិនស្គាល់សិល្បៈសម្ដែងស្ថិតនៅជ្រុងណា។ នាងប្រកាសពង្រឹងសមត្ថភាពសម្ដែងឲ្យកាន់តែល្អ ដោយគ្រោងដណ្ដើមយកតំណែងក្រមើចក្រមើមខ្លាំងក្នុងការសម្ដែងភាពយន្ត អោយខ្លាំងដូចជំនាញតែងមុខដែលមានការទទួលស្គាល់នោះផង៕
មតិយោបល់