ព័ត៌មានអន្តរជាតិ

លោក Tillerson ៖ អាមេរិក មិនមានបំណងចង់ផ្តួលរំលំរបបកូរ៉េខាងជើងនោះទេ

អាមេរិកៈ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បាននិយាយថា​ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនបានព្យាយាមផ្តួលរំលំរបបដឹកនាំកូរ៉េខាងជើងរបស់លោក គីម ជុងអ៊ុននោះទេ ប៉ុន្តែបានព្រមានថា អាមេរិកត្រូវតែបញ្ឈប់កម្មវិធីមីស៊ីលនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧។

បើទោះបីអាមេរិក បន្តកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីដាក់សម្ពាធលើក្រុងព្យុងយ៉ាងក៏ពិតមែន ប៉ុន្តែលោក Tillerson បានបញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន នៅតែមានឆន្ទៈចង់ជួបពិភាក្សាជាមួយរដ្ឋាភិបាលកូរ៉េខាងជើង ប្រសិនបើមេដឹកនាំរបស់ពួកគេ យល់ព្រមធ្វើការដកហូតអាវុធនោះ។

ក្នុងនោះលោក Tillerson បានព្រមានផងដែរថា អាមេរិក គឺមិនអាចមានកិច្ចសន្ទនាណាមួយ ជាមួយកូរ៉េខាងជើងបានទ្បើយ ខណៈដែលពួកគេនៅតែរក្សាជំហរផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួននោះ ប៉ុន្តែលោក ក៏បានព្យាយាមអះអាងដល់របបផ្តាច់ការ ដែលដាច់ស្រយាលមួយនេះដែរថា វាមិនចាំត្រូវការឃ្លាំងអាវុធនុយក្លេអ៊ែរ ដើម្បីការពារខ្លួនពីការវាយប្រហាររបស់អាមេរិកនោះទេ។

ដោយលោក បានសន្យាថា «យើងមិនមានបំណងស្វែងរកការផ្លាស់ប្តូរ ឬចង់ផ្ដួររលំរបបនេះ ឬក៏ធ្វើឲ្យមានការបែងចែកនៅលើឧបទ្វីបកូរ៉េទ្បើយ»៕

មតិយោបល់