ព័ត៌មានសិល្បៈ និងកម្សាន្ត

អ្នកស្រី ឌី សាវ៉េត លេចធ្លោក្នុងកម្មវិធីប្រគល់ពាននៅប្រទេសថៃ

ភ្នំពេញៈ កាលពីថ្ងៃទី២៧ ឧសភា អ្នកស្រីឌី សាវ៉េត ដែលជាតារាល្បីប្រចាំនៅក្នុងប្រទេសកម្ពុជាត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធី Nine Entertainment Award 2016 ដែលជាកម្មវិធីប្រគល់ពានដ៏ធំប្រចាំប្រទេសថៃ។ អ្នកស្រីក៏ត្រូវបានគណៈកម្មការផ្ដល់កិត្តិយសឲ្យឡើងវេទិកា និងបានថតរូបជាមួយតារាជើងចាស់ល្បីល្បាញរបស់ថៃ គឺលោកសម្បត្តិ មេថានី ដែលជាដៃគូសម្ដែងចាស់របស់អ្នកស្រី ធ្វើឲ្យមានការភ្ញាក់ផ្អើលផងដែរ។

គួរបញ្ជាក់ថា កាលពីអំឡុងទស្សវត្សទី៧០ លោកសម្បត្តិ មេថានី ដែលជាតារាថៃ និងអ្នកស្រីឌី សាវ៉េត ត្រូវបានផលិតករភាពយន្តល្បីឈ្មោះមួយឲ្យសម្ដែងជាតួឯករួមគ្នាក្នុងរឿង «ជីវិតផ្សងព្រេង» ដែលខ្សែរឿងនោះ ត្រូវបានទទួលភាពល្បីល្បាញយ៉ាងសម្បើមនៅក្នុងប្រទេសថៃ ទើបអ្នកស្រីឌី សាវ៉េត ក៏ត្រូវបានមហាជនថៃស្គាល់ច្បាស់មិនខុសគ្នាពីកេរ្តិ៍ឈ្មោះរបស់អ្នកស្រីនៅក្នុងស្រុក។

ជាមួយនឹងការជួបគ្នាដ៏កម្រនៅលើវេទិកាប្រគល់ពានដ៏ធំរបស់ប្រទេសថៃនោះ ទាំងមហាជនថៃ និងខ្មែរសុទ្ធតែបង្ហាញភាពភ្ញាក់ផ្អើលដោយសារតែតារាទាំងពីរបែកគ្នាយូរហើយ លុះដល់ជួបគ្នាក៏ស្ថិតក្នុងកម្មវិធីធំ។
លោក សម្បតិ្ត មេថានី បានថ្លែងនៅលើវេទិកាថា សប្បាយចិត្តណាស់ដែលបានជួបដោយផ្ទាល់ជាមួយអ្នកស្រីឌី សាវ៉េត បន្ទាប់ពីបានបែកអស់ច្រើនឆ្នាំ ក្រោយពីអ្នកទាំងពីរបានសម្ដែងរឿង «ជីវិតផ្សេងព្រេង» ជាមួយគ្នាតាំងពីក្មេងរៀងខ្លួន។ លោកថាអនុស្សាវរីយ៍រវាងលោក និងអ្នកស្រី នៅតែបានដក់ជាប់ បើទោះជាវ័យរបស់អ្នកទាំងពីរបានចាស់រៀងខ្លួន។

មិនខុសគ្នាដែរអ្នកស្រី ឌី សាវ៉េត ក៏មានអារម្មណ៍សប្បាយចិត្តដូចគ្នានឹងលោក សម្បតិ្ត មេថានីផងដែរ ក្នុងពេលដែលអ្នកស្រីត្រូវបានអញ្ជើញទៅកាន់កម្មវិធីនោះ ហើយត្រូវបានអ្នករៀបចំកម្មវិធីឲ្យឡើងបង្ហាញក្ដីនឹកជាមួយលោកសម្បត្តិ មេថានី ដែលជាតារាល្បីរបស់ថៃ និងជាអតីតដៃគូសម្ដែង។ អ្នកទាំងពីរត្រូវគេឃើញបង្ហាញក្ដីនឹករលឹកដាក់គ្នានៅលើវេទិកាសឹងនឹងដើរចុះពីលើឆាកមិនរួច ហើយអ្នកទស្សនារាប់ពាននាក់ក៏ត្រូវគេឃើញចង់ស្រក់ទឹកភ្នែក ព្រោះតែរំភើបនឹងសកម្មភាព ព្រមទាំងពាក្យសម្ដីដ៏គួរឲ្យចាប់អារម្មណ៍របស់តារាជើងចាស់ទាំងពីរផងដែរ៕

photo_2016-05-28_09-24-19photo_2016-05-28_09-24-21photo_2016-05-28_09-24-22photo_2016-05-28_09-24-25photo_2016-05-28_09-24-20photo_2016-05-28_09-24-16photo_2016-05-28_09-24-18

មតិយោបល់