ព័ត៌មានសិល្បៈ និងកម្សាន្ត

អនាគត ម្ដាយក្មេក វ៉ាន់ នីឡា កាន់តែភ័យពីចំណងស្នេហ៍កូនៗ

បើទោះជាតារាកំប្លែង វ៉ាន់ នីឡា និងគូដណ្ដឹងចាប់ផ្ដើមស្ងប់ស្ងាត់ជុំវិញរឿងរ៉ាវបែកបាក់គ្នាក្រោយពីត្រូវឪពុកម្ដាយទាំងសងខាងចេញមុខបកស្រាយ ក៏ចំណងស្នេហ៍មួយនេះនៅត្រូវគេមើលឃើញថាមានភាពផុយស្រួយ។ សូម្បីម្ដាយរបស់ភាគីខាងប្រុស គឺអនាគតរបស់ម្ដាយខាងស្រី ក៏បង្ហាញពីការភ័យបារម្ភចំពោះករណីនេះដែរ។

អ្នកស្រី សួង ធី ថៅកែល្ខោនភី សុគន្ធី និងជាម្ដាយបង្កើតរបស់លោកផន រង្សី បានអះអាងថាបើទោះជាគូស្នេហ៍វ័យក្មេងទាំង២ បានត្រូវរ៉ូវគ្នាជាថ្មី ប៉ុន្តែអ្នកស្រីនៅតែបារម្ភពីភាពផុសស្រួយ បន្ទាប់ពីតារាកំប្លែងជាអនាគតកូនប្រសារបានផ្ទុះអារម្មណ៍តូចចិត្តរហូតដល់ចង់បែកគ្នាមួយប្រ៉ាវមុន។
អ្នកស្រីថាកូនប្រុសរបស់អ្នកស្រី ជាមនុស្សប្រច័ណ្ឌច្រើន ឆេវឆាវច្រើន ហើយពូកែតូចចិត្ត ទើបរមែងធ្វើឲ្យទំនាក់ទំនងគូស្នេហ៍ទាំង២ចេះតែមានរឿងអន់ចិត្តដាក់គ្នាមិនអស់មិនហើយ។

អ្នកស្រីថា កញ្ញាវ៉ាន់ នីឡា ចង់ឲ្យគូដណ្ដឹងយកចិត្តទុកដាក់ និងបង្ហាញខ្លួនជួយនេះជួយនោះ តែកូនប្រុសរបស់អ្នកស្រីហាក់មិនសូវស្ទុះស្ទារនោះទេ ក្នុងពេលដែលលោកក៏រវល់នឹងការងាររៀបចំការប្រគំតន្ត្រី និងវង់ល្ខោនរាល់ថ្ងៃ។ អ្នកស្រីថាបើអ្នកស្រីជា វ៉ាន់ នីឡា ក៏អ្នកស្រីតូចចិត្តដូចគ្នា ក្នុងពេលដែលមានគូដណ្ដឹងប៉ុន្តែគូដណ្ដឹងមិនសូវមានពេលជូនទៅនេះទៅនោះ ដោយបណ្ដោយឲ្យខ្លួនទៅច្រៀងទៅកំប្លែងតែឯងៗ ក្នុងពេលដែលកូនប្រុសរបស់អ្នកស្រីក៏ពូកែតូចចិត្ត និងពូកែប្រច័ណ្ឌផង។

អ្នកស្រីនិយាយថា «២នាក់ហ្នឹងបែកគ្នាទេអូន ប៉ុន្តែពួកគាត់សម្បូរបញ្ហាដោយសារកូនប្រុសខ្ញុំគាត់ចេះតែតូចចិត្តថានីឡាស្អាតមិនសមនឹងគាត់ ហើយគាត់ប្រច័ណ្ឌច្រើន ហើយនីឡានោះ គាត់ចេះតែចង់ឲ្យកូនប្រុសខ្ញុំទៅជួយមើលខុសត្រូវគាត់ ដល់អ៊ីចឹងខ្ញុំជាម្ដាយចេះតែភ័យដែរដល់ឃើញកូនចឹង!»។

អ្នកស្រីបង្ហាញពីការបារម្ភចំពោះជោគវាសនាចំណងស្នេហ៍មួយគូនេះ ដោយសារតែកូនប្រុសរបស់អ្នកស្រីដឹងតែពីខំរកលុយហើយមិនសូវមានពេលឲ្យនីឡា ហើយលោកពូកែប្រច័ណ្ឌផង ទើបចេះតែធ្វើឲ្យនីឡា ដែលមានអារម្មណ៍ឯកោមិនខុសពីនារីមិនទាន់មានគូស្នេហ៍កើតអារម្មណ៍អន់ចិត្ត រហូតដល់ពេលខ្លះក៏ឆាតឈ្លោះគ្នាជាដើម។ អ្នកស្រី និងលោកតាវ៉ិចទ័រចង់រៀបការពួកគេក្នុងអំឡុងឲ្យបានឆាប់ៗ ប៉ុន្តែបណ្ដាលមកពីឆ្នាំខែពួកគេរៀបការក្នុងអំឡុង២ឆ្នាំខាងមុខមិនសូវល្អ ទើបអ្នកស្រីពិបាកដោះស្រាយ។ អ្នកស្រីថាតាមគ្រូទស្សន៍ទាយ គឺត្រូវរង់ចាំឲ្យនីឡាអាយុ២០ឆ្នាំយ៉ាងតិច ទើបអ្នកទាំង២នឹងល្អសម្រាប់ការចាប់ដៃគ្នាក្នុងមង្គលការ តែអ្នកស្រីមិនចង់ទុកយូរដល់ថ្នាក់នោះទេ ក្នុងពេលដែលឃើញកូនៗចេះតែសម្បូររឿងដាក់គ្នាបែបនេះ។

អ្នកស្រីប្រកាសថាបើអ្នកទាំង២បានរៀបការហើយ នោះបញ្ហាប្រចែប្រច័ណ្ឌ និងជម្លោះអន់ចិត្តពិតជាឈប់កើតមាន ហើយអ្នកស្រីក៏អស់បារម្ភផងដែរ ប៉ុន្តែបើស្ថិតក្នុងស្ថានភាពជាគូដណ្ដឹងនៅឡើយបែបនេះគឺពិតជាពិបាក។ យ៉ាងណាមិញ អ្នកស្រីប្រាប់ថាអ្នកស្រី និងលោកតាវ៉ិចទ័រ បានប្រឹងប្រែងសម្របសម្រួល និងធ្វើឲ្យអ្នកទាំង២យល់ចិត្តគ្នាជាងមុន ដូចជាឧស្សាហ៍បង្កើតបរិយាកាសឲ្យនីឡា និងគូដណ្ដឹងទៅណាមកណាញឹកញាប់ក្រោយពេលផ្សះផ្សារ។

មិនខុសគ្នាដែរលោកសុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រ ក៏សម្ដែងក្ដីបារម្ភផងដែរ ដោយលោកប្រកាសថាចង់រៀបការកូនស្រីនៅមុនអាយុ២០ឆ្នាំបន្តិច ចង់ពន្យារពេលរង់ចាំឲ្យនាងបានអាយុ២០ឆ្នាំបន្តិច។ មកទល់ពេលនេះលោកថានីឡាមានអាយុពេញ១៨ឆ្នាំហើយ ហើយបើលោកតាមដានសភាពគូស្នេហ៍ទាំង២អាចពន្យារពេលបានគូនឹងរង់ចាំ២ឆ្នាំខាងមុខ ប៉ុន្តែបើមិនស្រួលគឺអាចនឹងគិតមុនកំណត់៕

មតិយោបល់