ព័ត៌មានសិល្បៈ និងកម្សាន្ត

យូអ៊ីន គ្មានគម្រោងងាកចេញពីសិល្បៈ រត់ទៅបើកជំនួញដូចប្អូនស្រី!

ក្នុងពិធីខួបកំណើត ផ្គួបនឹងពិធីប្រកាសបើកមុខជំនួញរបស់ប្អូនស្រីជីដូនមួយកាលពីយប់ថ្ងៃទី៨ សីហា លោកខន រ៉ាម៉ន ហៅយូអ៊ីន ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្មJH និងជាតួសម្ដែង បានអះអាងថាបើទោះជាប្អូនស្រីរបស់លោកបានក្លាយជាម្ចាស់ជំនួញផ្នែកគ្រឿងសម្អាងជោគជ័យម្នាក់ ក៏លោកប្រកាសថាខ្លួនមិនមានបំណងចង់ងាកចេញពីការងារសិល្បៈនោះឡើយ។ យ៉ាងណាមិញ លោកថាខ្លួននឹងគាំទ្រអាជីពប្អូនស្រី ដោយសារតែលោកក៏ចង់ជំរុញឲ្យអាជីវកម្មរបស់នាងមានការរីកចម្រើនដើម្បីជាប្រយោជន៍ដល់លោកនៅពេលត្រូវការដៃគូវិនិយោគលើវិស័យភាពយន្តផងដែរ។

លោក យូអ៊ីន និយាយថាសប្បាយចិត្តដែលអ្នកនាង នុត រាត្រី ជាប្អូនស្រីរបស់លោកបានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូលផលិតកម្មគ្រឿងសម្អាងម៉ាកល្បីរបស់កូរ៉េ ដោយមុនទទួលបានសិទ្ធិផ្ដាច់មុខក៏បានពង្រីកទីផ្សារធ្វើឲ្យមានការទទួលស្គាល់តាមផ្សារទំនើប និងតាមបណ្ដាហាងធំៗនៅខេត្តនានាផងដែរ។
លោកថានេះជាអាជីវកម្មមួយដែលមានសន្ទុះតែក្នុងរយៈពេលខ្លី តែលោកមិនមានចំណូលចិត្តនោះទេ ទើបលោកមិនមានគម្រោងដាក់ហ៊ុនក្នុងគម្រោងអាជីវកម្មនេះ ដោយលោកប្រកាសថានៅចង់បន្តផលិតបទចម្រៀង និងទុកពេលទទួលសម្ដែងឲ្យបានច្រើនជាង។

មិនខុសគ្នាដែរអ្នកនាង នុត រាត្រី ក៏បានប្រកាសមិនទាន់មានគម្រោងចង់វិនិយោគលើវិស័យផលិតកុន និងផលិតបទចម្រៀងដូចគ្នានឹងលោកយូអ៊ីននោះដែរ ដោយសារតែអ្នកនាងហាក់ចំណូលចិត្តពាក់ព័ន្ធនឹងការលក់ដូរនូវគ្រឿងសម្អាងច្រើនជាង។ អ្នកនាងផលិតផល Make Up ម៉ាក Merrezca ដែលអ្នកនាងទទួលសិទ្ធិផ្ដាច់មុខនឹងវាយលុកទីផ្សារដោយមិនលំបាកនោះទេ ដោយសារតែមានបងប្រុសជាម្ចាស់ផលិតកម្មជួយជំរុញ និងមានតារាសិល្បៈមួយចំនួនជាអ្នកគាំទ្រ។

អ្នកនាងក៏មានគម្រោងពង្រីកការចែកចាយនេះឲ្យកាន់តែធំជាងមុនផងដែរ ទើបសម្រេចធ្វើពិធីប្រកាសមុខជំនួញចំថ្ងៃខួបកំណើត ដោយបានទាំងទាំងអញ្ជើញម្ចាស់ដេប៉ូធំៗ និងតារាសិល្បៈមួយចំនួនឲ្យជប់លៀងរាំច្រៀងកាលពីយប់ថ្ងៃទី៨ សីហា។
អ្នកនាងបញ្ជាក់ថាពិធីដែលបានធ្វើនោះបើអ្នកនាងចង់ធ្វើឲ្យធំជាងនេះ គឺពិតជាអញ្ជើញតារាសិល្បៈច្រើននាក់ ឲ្យចូលរួមកុះករ ដោយសារតែអ្នកនាង និងលោក យូអ៊ីន សុទ្ធតែមានទំនាក់ទំនងភាគច្រើនជាមួយតារាសិល្បៈ៕

https://youtu.be/M9Lu0ILA33I

មតិយោបល់