ព័ត៌មានសិល្បៈ និងកម្សាន្ត

ប៉ែន ចំរ៉ុង រងការរិះគន់ រឿងតែងខ្លួនស្ទីលថៃក្នុងកម្មវិធី «ស៊ីអារម្មណ៍» !

គ្រាន់តែកម្មវិធី «ស៊ីអារម្មណ៍» របស់ទូរទស្សន៍PNN ត្រូវបានបញ្ចប់ភ្លាមៗកាលពីយប់ថ្ងៃទី៨ សីហា លោកប៉ែន ចំរ៉ុង ដែលជាពិធីករត្រូវបានមហាជនផ្ទុះប្រតិកម្មយ៉ាងចាស់ដៃតែម្ដង ដោយសារតែលោកបានតុបតែងខ្លួនស្ទើរតែដូចគ្នាបេះបិទនឹងទម្រង់សម្លៀកបំពាក់របស់ជនជាតិថៃ។

ទីប្រឹក្សាក្រសួងព័ត៌មានមួយរូប ក៏បានបង្ហាញប្រតិកម្មជុំវិញរចនាបទដែលស្ដែងឡើងក្នុងកម្មវិធី «ស៊ីអារម្មណ៍» នាយប់នោះផងដែរ។

គ្មានអ្នកណាមិនចាប់អារម្មណ៍នោះទេ ក្នុងពេលដែលលោក ប៉ែន ចំរ៉ុង ស្រាប់តែតុបតែងសម្លៀកបំពាក់មួយឈុតដោយមានទាំងចងក្បាលនឹងក្រណាត់ពណ៌ផង ដែលការតែងតែងខ្លួនបែបនោះគឺត្រូវគេស្គាល់ភាគច្រើនថាលុះត្រាតែជនជាតិថៃទើបមានរចនាបទបែបនោះ។

នេះជាការបង្ហាញទម្រង់បែបថៃដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងកម្មវិធី «ស៊ីអារម្មណ៍» ដែលបានចាក់ផ្សាយកាលពីយប់មិញ ដោយកម្មវិធីនោះផ្ដោតកិច្ចសម្ភាសន៍ជុំវិញរឿង «ហ្លួងព្រះស្ដេចកន» តែសម្លៀកបំពាក់របស់ពិធីករ និងរចនាបទរបស់កម្មវិធី គឺបើក្រឡេកមួយភ្លែតអត់មានអ្នកណាយល់ថាជាកម្មវិធីរបស់ខ្មែរទាល់តែសោះ។ អ្នកលេងហ្វេសប៊ុកជាច្រើនបានសម្ដែងប្រតិកម្មភ្លាមៗ នៅពេលកម្មវិធីមួយនេះរំលេចទម្រង់របស់វប្បធម៌ថៃ ក្នុងពេលដែលតួអង្គ លោកប៉ែន ចំរ៉ុង គឺជាមុខសញ្ញាដែលត្រូវគេធ្វើការរិះគន់ជាងគេ ដោយសារតែលោកគឺជាតារាល្បីឈ្មោះមួយរូបតែបែរជាធ្វើតាមការតម្រូវរបស់កម្មវិធី ដោយត្រូវអ្នករិះគន់ថាបានចូលរួមបំភ្លៃពីវប្បធម៌របស់ខ្មែរ។

ទន្ទឹមនឹងការរិះគន់ ម្នាក់ៗក៏សម្ដែងអារម្មណ៍ហួសចិត្តផងដែរ ថាតើជនជាតិខ្មែរនៅក្នុងសម័យស្ដេចកនពិតជាតុបតែងកាយតាមលំនាំថៃបេះបិទដូចដែលប៉ែន ចំរ៉ុង បានបង្ហាញ ឬក៏កម្មវិធីមួយនេះមានចេតនា លើកកម្ពស់របស់វប្បធម៌ថៃ ដើម្បីបំភ្លៃថាខ្មែរនៅក្នុងសមយ័នេះក៏បានចម្លងវប្បធម៌របស់ថៃមកប្រើទៅវិញ។

លោក សាម៉ន បណ្ឌិត្យ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអ្នកជំនាញក្នុងការផលិតកម្មវិធីសិល្បៈ វប្បធម៌ និងអប់រំ បានសម្ដែងការហួសចិត្តបន្ទាប់ពីមានការសាកសួរជុំវិញទម្រង់កម្មវិធី និងសម្លៀកបំពាក់របស់លោក ប៉ែន ចំរ៉ុង នៅក្នុងកម្មវិធី «ស៊ីអារម្មណ៍!» ដែលបានចាក់បញ្ចាំងនៅPNN កាលពីយប់ថ្ងៃទី៨ សីហា។ លោកបានសួរច្រាសមកវិញថា តើរចនាបទរបស់កម្មវិធី និងការតែងខ្លួនរបស់តារាខ្មែរ គឺត្រូវតាមលក្ខណៈរបស់ខ្មែរដែរឬទេ ហើយតើមានការត្រួតពិនិត្យកម្រិតណា ពីរចនាបទនោះ?

លោកអះអាងថាសម្លៀកបំពាក់របស់លោក ប៉ែន ចំរ៉ុង និងរចនាបទរបស់កម្មវិធី«ស៊ីអារម្មណ៍»នាយប់នោះ គឺជាឈុតដែលគេមើលឃើញភាគច្រើនថាជាទម្រង់ថៃ ដោយលោកប្រកាសថាបើមិនបានស្ដាប់សំឡេង និងភាសាក្នុងការសន្ទនា គឺអត់មានអ្នកណាឆ្លើយថានោះជាកម្មវិធីរបស់ខ្មែរនោះឡើយ។

លោកថាសម័យស្ដេចកនមិនអាចប្រើឈុតតាមលំនាំរបស់ជនជាតិថៃដូចដែលបានបង្ហាញនោះទេ ដោយលោកបានស្នើអោយមានការសិក្សាពីកម្មវិធីរបស់ទូរទស្សន៍ដែលចេះតែយករចនាបទខុសទម្រង់របស់ខ្មែរយកទៅបង្ហាញនៅក្នុងកម្មវិធីដូចដែលមានប្រតិកម្មនោះផង។ លោកថាតើមានទក្ហីករណ៍ណាខ្លះបញ្ជាក់ថា សម្លៀកបំពាក់ និងការចងក្រណាត់ក្បាលរបស់ប៉ែន ចំរ៉ុង គឺជារចនាបទរបស់ខ្មែរ ដែលបានកើតឡើងនៅក្នុងសម័យស្ដេចកន? លោកស្នើឲ្យក្រសួងវប្បធម៌ និងអ្នកជំនាញវប្បធម៌ ធ្វើការបកស្រាយនូវការរៀបចំពីរចនាបទនោះ ដើម្បីកុំឲ្យមានការយល់ច្រឡំថាខ្មែរគឺជាអ្នកចម្លងនូវវប្បធម៌របស់ថៃទៅវិញ។

ខុសពីអ្នកលេងហ្វេសប៊ុក ដែលនាំគ្នាដាក់កំហុសទៅលោក ប៉ែន ចំរ៉ុង សម្រាប់ទីប្រឹក្សាក្រសួងព័ត៌មានរូបនេះ បែរជាអះអាងថាលោកកំហុសដែលត្រូវទទួលខុសត្រូវគឺអ្នកដឹកនាំកម្មវិធី ដែលលោកចង់សំដៅលើផលិតករថៃរបស់PNN និងការធ្វេសប្រហែសមិនមានការត្រួតពិនិត្យកម្មវិធីពាក់ព័ន្ធនឹងវប្បធម៌របស់ទូរទស្សន៍ជាមុន ពីសំណាក់ក្រសួងវប្បធម៌។

យ៉ាងណាមិញ លោកក៏បានដាក់កំហុសចំពោះលោក ប៉ែន ចំរ៉ុង ផងដែរ ដោយលោកបញ្ជាក់ថាក្នុងនាមជាតារាសិល្បៈជើងចាស់មួយរូបបែរជាតុបតែងកាយតាមការចាត់ចែងរបស់អ្នកផលិតកម្មវិធី ដោយមិនគិតថាខ្លួននឹងរងការរិះគន់បើមានប្រតិកម្មកើតឡើង។ ទន្ទឹមនឹងនោះ លោកសាម៉ន បណ្ឌិត្យ ក៏បានយល់ថាសម្លៀកបំពាក់ដែលប្រើប្រាស់ក្នុងរឿង «ហ្លួងព្រះស្ដេចកន» ហាក់មានរចនាបទមិនចំជារចនាបទរបស់ខ្មែរនោះផង។

ពាក់ព័ន្ធនឹងប្រតិកម្មខាងលើ ផលិតករPNN ជាជនជាតិថៃរបស់កម្មវិធី «ស៊ីអារម្មណ៍» មិនទាន់អាចសុំការបំភ្លឺបានទេ ប៉ុន្តែសម្រាប់ទស្សនៈរបស់លោក សាម៉ន បណ្ឌិត្យ ជុំវិញថាតួអង្គក្នុងរឿង «ហ្លួងព្រះស្ដេចកន» មានរចនាបទបែបថៃមិនចំខ្មែរ លោក ម៉ៅ អាយុទ្ធ ដែលជាអ្នកដឹកនាំរឿងធ្លាប់បានប្រកាសថាសម្លៀកបំពាក់ដែលបានតុបតែងនោះ គឺឆ្លងកាត់ការស្រាវជ្រាវយ៉ាងម៉ត់ចត់ ដោយលោកបញ្ជាក់ថានោះជាសម្លៀកបំពាក់ដែលខ្មែរបានប្រើនៅក្នុងសម័យស្ដេចកន ប៉ុន្តែមកពី សម័យក្រោយៗខ្មែរមិនសូវនិយម ហើយថៃគេប្រើជាប់លាប់ជាងទើបធ្វើឲ្យមានការយល់ច្រឡំ។

យ៉ាងណាមិញ អ្នកលេងហ្វេសប៊ុកនៅតែព្រួតគ្នាយល់ថា ការតុបតែងខ្លួនរបស់ លោកប៉ែន ចំរ៉ុង ក្នុងកម្មវិធី«ស៊ីអារម្មណ៍»កាលពីយប់ថ្ងៃទី៨ សីហា ថាលើសពីការតុបតែងខ្លួនបែបចង់ច្រឡំថៃក្នុងរឿង «សេ្ដចកន» នោះទៅទៀត ដោយសារតែលោកក្រៅពីស្លៀកឈុតបែបសម្លៀកបំពាក់ចង់ច្រឡំថៃហើយ គឺថែមទាំងចងក្បាលតាមលំនាំថៃ។ កម្មវិធីនាយប់នោះ ក៏មានតាំងបង្ហាញសម្ភារៈមួយចំនួនសឹងនឹងមានលក្ខណៈរចនាបទថៃទាំងស្រុងនៅក្នុងសម័យបុរាណផងដែរ ទើបបណ្ដាលឲ្យមានការរិះគន់៕

មតិយោបល់