ប្រមាណជា៣ខែចុងក្រោយ គេកត់សម្គាល់ថាតារាសម្ដែងដែលសុទ្ធតែគ្រងតំណែងតួឯកល្បីឈ្មោះ និងជាប្រុសសង្ហារក្នុងវិស័យភាពយន្តផងចំនួន៦ដួង បានប្រឡូកយ៉ាងខ្លាំងក្នុងវិស័យបាល់ទាត់។ តារាទាំងនោះ បានប្រកាសជំហរប្រឹងប្រែងក្នុងការបង្ហាញមុខប្រកួតប្រជែងក្នុងរយៈពេលយូរមិនកំណត់ បើទោះមិនមានបំណងចង់ក្លាយជាតារាបាល់ទាត់អាជីព។
១. លោក ហេង នរៈកក្កដា ៖ ខុសពីរយៈពេលមុន ដែលលោកប្រឹងប្រែងហាត់ប្រាណក្នុងក្លឹបដើម្បីបង្កើនយករាង លោកបែរជាប្ដូរទម្រង់ទៅលេងបាល់ទាត់ច្រើនជាង ដោយលោកកំពុងលេងឲ្យក្រុមមហាហង្ស ដែលចម្រុះដោយតារាសម្តែងប្រុសៗជាច្រើនរូបទៀត។ លោកត្រូវបានគេចាត់ទុកជាជើងខ្លាំងក្នុងក្រុមនោះផង ដោយសារតែលោករមែងរកបានគ្រាប់បាល់ជួយឲ្យក្រុមមហាហង្សឈ្នះគ្រាប់បាល់លើគូប្រកួតគួរឲ្យសរសើរ។ លោកបានប្រកាសថា សុខចិត្តមិនទទួលការងារទាំងឡាយណា រាល់ពេលក្រុមមហាហង្សជ្រើសជាពេលប្រកួតនោះឯង។
២. លោក ភឹម តារាវិបុល៖ តួឯកប្រុសរូបនេះ គឺរឹតតែសកម្មក្នុងវិស័យបាល់ទាត់ទៅទៀត តាំងពីត្រូវបានជ្រើសជាសមាជិកមួយរូបក្នុងក្រុមមហាហង្ស។ ដ្បិតថាក្នុងពេលខ្លះលោកអាចរកគ្រាប់បាល់ឲ្យក្រុម ឬ រកមិនបាន ប៉ុន្តែសឹងមិនមានការប្រកួតរបស់ក្រុមមហាហង្សណាមួយដែលគ្មានវត្តមានរបស់លោកនោះទេ បើទោះជាលោកជាប់កុងត្រាសម្ដែងច្រើនរឿង ក្រៅពីជាប់ការងារជាមួយផលិតកម្មមហាហង្ស។
៣. ជា សុណ្ណនរាហ៍៖ ក្រោយពីត្រូវបានជ្រើសជាសមាជិកក្នុងក្រុមមហាហង្ស គេកត់សម្គាល់ថាតួឯកប្រុសក្នុងភាពយន្តរាប់មិនអស់រូបនេះ លេចមុខយ៉ាងសកម្មគ្រប់ពេលក្រុមបាល់ទាត់មហាហង្សបង្ហាញខ្លួនលើទីលាន។ ទោះរវល់ជាប់សម្ដែងកម្រិតណា ក៏លោកបង្ហាញខ្លួនមួយតង់ក្នុងការប្រកួតនោះដែរ។
៤. លឹម ជាឡាយ៖ តួឯកប្រុសក្នុងរឿង«ក្រមុំបាយឆា» រូបនេះ ក៏លេចធ្លោមិនខុសគ្នាក្នុងវិស័យបាល់ទាត់ ចាប់តាំងពីក្រុមមហាហង្សត្រូវបានបង្កើតឡើង។ លោកប្រកាសថា វិស័យបាល់ទាត់កាលពីមុនក៏លេងច្រើនដែរ ប៉ុន្តែមកពីមិនសូវមានតារាសិល្បៈលេងជាមួយទើបលោកបានត្រឹមលិបល។ លោកចាត់ទុកក្រុមមហាហង្សដែលចម្រុះដោយតារាសិល្បៈ ជួយកន្ត្រាក់អារម្មណ៍ឲ្យលោកចង់លេងខុសពីមុន ទើបលោកកម្របាត់មុខរាល់ពេលក្រុមមហាហង្សចេញប្រកួត។
៥. ហូ ប៉ូសេង៖ តារាដែលប្រើឈ្មោះក្នុងពិភពសិល្បៈថា ហូ នរមង្គល រូបនេះ តាំងពីបានចូលក្រុមមហាហង្ស គឺបង្ហាញមុខលេងយ៉ាងសកម្មមិនណយនោះទេ ប្រមាណជា៣ខែចុងក្រោយ។ លោកក៏ជាធនធានម្នាក់ក្នុងក្រុម ដែលជួយឲ្យក្រុមមហាហង្សទទួលបានគ្រាប់បាល់ គ្រប់ពេលប្រកួតនោះផង។
៦. អូន ឧស្សាហ៍៖ ក្នុងនាមជាតារាផ្ដាច់មុខរបស់ផលិតកម្មមហាហង្សរូបនេះ រឹតតែលេចធ្លោទៅទៀត តាំងពីក្រុមមហាហង្សបង្កើតជាក្រុមបាល់ទាត់។
លោក អ៉ិន ជាអ្នកដឹកនាំក្រុមបាល់ទាត់មហាហង្ស បានអះអាងថា ប្រមាណជាជាង៣ខែតាំងពីក្រុមមួយនេះបង្កើតឡើង កាន់តែប្រមូលបានតារាសម្ដែងល្បីឈ្មោះច្រើនឡើងឲ្យចូលក្នុងក្រុម។ លោកថាក្រៅពីតួឯកប្រុសទាំង៦ខាងលើ ក្នុងក្រុមបាល់ទាត់មហាហង្សក៏មានតារាជាច្រើនទៀតចូលលេងផងដែរ ដោយគ្រាន់តែមិនសកម្មដូចតួឯកប្រុសទាំង៦ខាងលើ។ លោកក្រុមនេះនឹងក្លាយជាបណ្ដុំតារាសម្ដែងច្រើនឡើង ដោយការបង្កើតក្រុមនេះ មានបំណងតែមួយគត់ គឺប្រមូលតារាសម្ដែងលេងកីឡាដើម្បីសុខភាព និងបើកការប្រកួតជាមួយក្រុមផ្សេងឲ្យកាន់តែខ្លាំង ដើម្បីឲ្យដឹងថាតារាសិល្បៈក៏មានសមត្ថភាពលេងបាល់បានខ្លាំង។ ស្ទើររៀងរាល់ចុងសប្ដាហ៍លោកថា ក្រុមមហាហង្សរមែងរៀបចំការប្រកួតជាមួយក្រុមផ្សេង ដោយឆ្លងកាត់ការប្រកួតជាង១០លើក ទើបតែចាញ់មួយលើក និងស្មើមួយលើកប៉ុណ្ណោះ៕
មតិយោបល់