ព័ត៌មានអន្តរជាតិ

ពាក់កណ្តាលពលរដ្ឋអាមេរិកនៅកោះហ្គាម ព្រួយបារម្ភយ៉ាងខ្លាំង រឿងគំរាមកំហែងពីកូរ៉េខាងជើង

អាមេរិកៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ភាគច្រើនស្ទើរតែពាក់កណ្ដាល់ នៃប្រជាពលរដ្ឋរស់នៅកោះហ្គាម កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការគំរាមវាយប្រហារ ដោយកាំជ្រួចមីស៊ីលពីសំណាក់កូរ៉េខាងជើង ចំពេលមានសង្គ្រាមវោហាសាស្ត្រដ៏ខ្លាំងក្លារវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១​ ខែសីហា ឆ្នាំ២០១៧។

តាមការស្ទង់មតិតាមប្រព័ន្ធអ៊ីនធឺណេត ដែលបានធ្វើឡើងដោយសារព័ត៌មាន Pacific Daily នៅលើគណនី Twitter ផ្លូវការផ្ទាល់ខ្លួន ជាមួយនឹងការផ្តល់នូវជម្រើសបី សម្រាប់អ្នកចូលរួមដើម្បីបង្ហាញអារម្មណ៍របស់ពួកគេ នៅពេលប្រឈមនឹងបញ្ហានេះ គឺទី១ «ព្រួយបារម្ភយ៉ាងខ្លាំង» ទី២ «ព្រួយបារម្ភ» និងទី៣ «មិនមានការព្រួយបារម្ភ»។

ក្នុងចំណោមប្រជាពលរដ្ឋ ៣.០៦៩ នាក់ ដែលបានចូលរួមនៅក្នុងការស្ទង់មតិនេះ គឺមាន ៤៦% បានជ្រើសរើសយក «ការព្រួយបារម្ភយ៉ាងខ្លាំង» ខណៈដែល ២៧% និង ២៦% បានជ្រើសរើសយក «ព្រួយបារម្ភ» និង «មិនមានការព្រួយបារម្ភ»។

សូមជំរាបថា យោធាកូរ៉េខាងជើង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា ត្រៀមខ្លួនរួចជាស្រេច ដើម្បីវាយប្រហារមូលដ្ឋានយោធាអាមេរិក នៅកោះហ្គាម ជាមួយកាំជ្រួចមីស៊ីលចំនួន ០៤ គ្រាប់ នាពាក់កណ្តាលខែសីហាខាងមុខ ហើយផែនការនេះ នឹងអាស្រ័យលើការសម្រេចចិត្តរបស់មេដឹកនាំកំពូលលោក គីម ជុងអ៊ុន។

ការថ្លែងយ៉ាងដូច្នេះ បានធ្វើទ្បើងបន្ទាប់ពីការព្រមានយ៉ាងម៉ឺងម៉ាត់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថា «បើសិនជាកូរ៉េខាងជើង មានបំណងចង់វាយប្រហារដែនដីអាមេរិកមែននោះ ពួកគេនឹងត្រូវប្រឈម ជាមួយវិធានការក្ដៅៗ របស់អាមេរិក ដែលពិភពលោកមិនធ្លាប់បានឃើញពីមុនមក»៕

មតិយោបល់