កូរ៉េ: លោក Jung Ji Hoon ដែលប្រិយមិត្តគាំទ្រផ្កាប់មុខ ស្ទើរជុំវិញពិភពលោក បានស្គាល់ថា នាយ Rain ស្តេចចម្រៀង K-pop នៅក្នុងអាណាចក្រសិល្បៈ ប្រចាំប្រទេសកូរ៉េខាងត្បូង ដោយទទួលបាននូវប្រជាប្រិយភាព កម្រិតកំពូលផុតលេខនោះ ខណៈនេះកំពុងធ្វើឱ្យហ្វេនរបស់ខ្លួន ភាន់ភាំងនឹងចំណូល ខ្ទង់វាល់លានដុល្លារអាមេរិក គួរឱ្យងឺងឆ្ងល់។ យោងតាមគេហទំព័របរទេស ចុះផ្សាយថ្ងៃទី៣១ ឧសភា ២០១៦។
ទាក់ទិននឹងតួលេខចំណូល ក្នុងឆ្នាំ២០១៦នេះ គិតតាំងពីឆ្នាំ២០១៤ កន្លងមក មុនពេល តារាចម្រៀង Rain ចូលបម្រើក្នុងជួរកងយោធាកូរ៉េខាងត្បូង គឺទទួលបាននូវប្រភពចំណូល ហូរចូលដូចទឹកបាក់ទំនប់ ជាមួយនឹងយុទ្ធនាការចេញផ្សាយ នៃអាល់ប៊ុមស្ទូឌីយោទីប្រាំពីររបស់នាយ បានកើនឡើងយ៉ាងលឿន ទៅកាន់ចំណុចកំពូល នៅក្នុងតារាងអាល់ប៊ុម Goan ប្រចាំសប្តាហ៍របស់វិស័យសិល្បៈចម្រៀង ប្រចាំប្រទេសកូរ៉េខាងត្បូង។
ស្តេចចម្រៀង K-pop នេះ បានចំណាយពេលភាគច្រើន នៃឆ្នាំចុងក្រោយ មុនពេលចូលបម្រើកាតព្វកិច្ចយោធាឱ្យប្រទេសជាតិ សម្រាប់បម្រើប្រជាជាតិខ្លួន ដោយផ្តោតសំខាន់លើតួនាទីការសម្ដែង ជាច្រើន រួមទាំងរឿងភាគស្នេហា ភាពយន្តខ្នាតធំ និងតន្ត្រី នានា ញ៉ាំងឱ្យវិស័យសិល្បៈកូរ៉េខាងត្បូង ហក់ឡើងលើឆាកអន្តរជាតិ ខ្ពស់ជាលំដាប់ រហូតឈានដល់ចំណុចជោគជ័យហ្នឹង។ អ៊ីចឹង សក្តិសមបំផុត ដែលនាយទទួលបានទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិដូច្នេះ។
គួរបញ្ជាក់ថា ចំណូលរបស់ស្តេចចម្រៀង K-pop ផ្នែកបុរស នាយ Rain ក្នុងឆ្នាំ២០១៦នេះ បានហក់ឡើងខ្ទង់ ៣,៨លានដុល្លារអាមេរិក ($3.8 Million) ហើយ គិតត្រឹម ២ឆ្នាំ ប៉ុណ្ណោះ។ ព្រោះការបង្កើនប្រជាប្រិយភាពរបស់ខ្លួន ទាំងនៅក្នុងឆាកតន្ត្រី និងនៅលើវិស័យសម្តែងខ្នាតធំ នឹងមិនទាន់រាប់បញ្ចូល នូវចំណូលលើ ផ្នែកផ្សព្វផ្សាយស្ពតពាណិជ្ជកម្ម ធ្វើឱ្យតារាចម្រៀងរូបនេះ អាចឈរនៅលើទីខ្ពស់ នៃបញ្ជីរចំណូលកំពូលតារា ប្រចាំឆ្នាំក្រោយ ផងដែរ៕
មតិយោបល់