ក្រោយពីការប្រគល់សិទ្ធិពាក់កណ្ដាលទៅឲ្យផលិតករកូរ៉េ គឺអ្នកស្រី យូលីណា ដែលត្រូវគេស្គាល់ថាជាម្ចាស់ជំនួញវ៉ាល់លានជនជាតិកូរ៉េសញ្ជាតិកម្ពុជា និងជាអ្នករៀបចំព្រឹត្តិការណ៍តន្ត្រីសប្បុរសធម៌ ដោយមានតារាចម្រៀងឱក សុគន្ធកញ្ញា ចូលរួមនោះ បានអះអាងថាតារាល្បីៗលំដាប់ពិភពរបស់កូរ៉េ នឹងត្រូវបណ្ដាក់គ្នា នៅកម្ពុជា។ នោះគឺដោយសារតែទូរទស្សន៍ NTV សម្រេចប្រគល់ឲ្យអ្នកស្រីនិងប្រកាសប្ដូរឈ្មោះជាទូរទស្សន៍កូរ៉េ UNS TV កាលពីថ្ងៃទី១៦ សីហា។ វត្តមានតារាល្បីៗកូរ៉េទាំងនោះ មានការប្រកាសថានឹងធ្វើឲ្យNTV ក្រោយការប្ដូរឈ្មោះ ក្លាយជាប៉ុស្តិ៍កម្សាន្តនាំមុខនោះផង។
អ្នកស្រី យូលីណា និយាយថា ក្រោយកិច្ចព្រមព្រៀង ទូរទស្សន៍NTV បានប្រគល់ឲ្យអ្នកស្រីធ្វើការទទួលខុសត្រូវដោយអ្នកស្រីប្រកាសបោះទុនរហូតដល់ច្រើនលានដុល្លារ ដើម្បីឲ្យUNS TV មានកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិតាមរយៈការចំណាយប្រាក់យកតារាល្បីៗរបស់កូរ៉េមកច្រៀងរាំនៅកម្ពុជា។ យ៉ាងមិញលោកស្រីថា NTV មិនមែនលក់ផ្ដាច់ឲ្យអ្នកស្រីនោះទេ គឺគ្រាន់តែព្រមព្រៀងគ្នា ដោយភាគីខាងកម្ពុជា ក៏មានអគ្គនាយកចាស់គឺលោកបណ្ឌិត្យ សាបូរ អូហ្សាណូ ផងដែរ។
អ្នកស្រីថាខ្លួនបោះទុនមិនក្រោម១០០០លានដុល្លារ ដើម្បីសាងសង់ស្ទីយោស្ថានីយ៍ទូរទស្សន៍ស្ដង់ដា និងបំពាក់ដោយឧបករណ៍កម្រិតទំនើប។ ក្នុងចំណោមទឹកប្រាក់ទាំងនេះ អ្នកស្រីក៏នឹងជួលក្រុមតារាលំដាប់ពិភពលោកបណ្ដាក់គ្នាដូចភ្លៀងរលឹមមកច្រៀងរាំនៅកម្ពុជា។
អ្នកស្រីថាប្រសិនបើគ្មានកិច្ចសហការ ទម្រាំទូរទស្សន៍UNS TV ដំណើរការគឺចំណាយពេលយូរ ទើបអ្នកស្រីយល់ថា ការចាប់ដៃជាមួយ NTV ជួយឲ្យអ្នកស្រីចំណេញពេលវេលា ដោយគ្រាន់តែបន្តសាងសង់ស្ទីឌីយោ និងផលិតកម្មវិធីបណ្ដើរៗជាការស្រេច។ អ្នកស្រីថា ក្នុងពេលដ៏ខ្លី UNS TV នឹងផ្សាយបន្តផ្ទាល់នូវព្រឹត្តិការណ៍តន្ត្រីធំៗដែលមានវត្តមានកំពូលតារាល្បីៗមកពីប្រទេសកូរ៉េចូលរួមបណ្ដាក់គ្នា ដោយមិនខ្លាចសម្រាប់ការចំណាយនោះទេ ដើម្បីឲ្យតារាល្បីៗរបស់កូរ៉េ កាន់តែស្គាល់កម្ពុជា និងជួយឲ្យពិភពលោកមានការចាប់អារម្មណ៍។
លោក សាម៉ន បណ្ឌិត្យ តំណាងអោយ UNS TV ភាគីខាងកម្ពុជា បានអះអាងថា ដោយសារតែ អ្នកស្រី យូរីណា ធ្វើអោយទូរទស្សន៍ NTV ក្រោយការប្ដូរឈ្មោះមានកម្មវិធីកម្សាន្តប្រកួតប្រជែង ទើបកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៧ សីហា ត្រូវបានកើតឡើង។ ក្នុងនោះអ្នកស្រីក៏ប្រកាសទិញសិទ្ធិពីកម្មវិធីរបស់ប្រទេសកូរ៉េមួយចំនួនយកមកផលិតនៅកម្ពុជាដូចគ្នានឹងហង្សមាស
ទិញសិទ្ធិកម្មវិធីធំៗផងដែរ ទើបលោកយល់ថាការសម្រេចរបស់លោកណ្ឌិត្យ សាបូរ អូហ្សាណូ និងលោកស្រី ណាវីន ជាភរិយា មិនខុសពីជួយឲ្យទូរទស្សន៍មួយនេះក្លាយជាទូរទស្សន៍មានការប្រកួតប្រជែងក្នុងនាមជាទូរទស្សន៍កូនពៅ។ លោកថា លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសាទរចំពោះគម្រោងនេះ ដោយលោកប្រកាសថា បើអ្នកស្រីយូលីណា អាចចំណាយលុយឲ្យតារាល្បីៗរបស់កូរ៉េមកកាន់កម្ពុជាបានបច្រើនប្រាកដមែន គឺមិនត្រឹមអ្នកគាំទ្រក្នុងស្រុកទេ សូម្បីពិភពលោកទាំងមូលក៍ពិតជាភ្ញាក់ផ្អើលចំពោះកម្ពុជានោះដែរ៕
មតិយោបល់