ចាត់ទុកថាជារឿងភ្ញាក់ផ្អើល ដែលតារាកំប្លែងប្រិមប្រិយ ទើបតែភ្ជាប់ពាក្យកាលពីថ្ងៃទី១៦ មិថុនា ប្រមាណជា២ខែមុនសោះស្រាប់តែមានដំណឹងថាបានផ្ដាច់ពាក្យគ្នាហើយ ដោយនាងបានទទួលស្គាល់រវាងនាង និងគូដណ្ដឹង ពិតជាផ្ដាច់ពាក្យគ្នាហើយ ដោយគ្រាន់តែកន្លងមក នាងមិនចង់បកស្រាយ។
អ្វីដែលគេមិនគួរនឹងជឿថែមទៀត គឺនាងប្រកាសថាមិនអាចបកក្រោយបានទេ បើទោះជានាង និងគូដណ្ដឹងត្រូវគេដឹងថាស្រឡាញ់គ្នាមិនក្រោម៧ឆ្នាំមុនសម្រេចចិត្តភ្ជាប់ពាក្យក៏ដោយ។
ម៉ក់ សុគន្ធស្រីនិច្ច ហៅប្រិមប្រិយ បានសារភាពថា រវាងនាង និងលោក សៅ រ៉ានីត តារាចម្រៀងសម័យរស់នៅសហរដ្ឋអាមេរិក ជាគូដណ្ដឹងពិតជាបានសម្រេចចិត្តផ្ដាច់ពាក្យជាមួយគ្នាប្រមាណជា១ខែមកហើយ គឺផ្ដាច់ពាក្យនៅប៉ុន្មានថ្ងៃក្រោយពីអតីតគូដណ្ដឹងឡើងទៅដល់សហរដ្ឋអាមេរិក។ នាងបដិសេធធ្វើការបញ្ជាក់ឲ្យដឹងពីមូលហេតុដែលនាំទៅដល់ការបាក់បែកនោះ ដោយគ្រាន់តែអះអាងថាគឺបណ្ដាលមកពីបញ្ហាមិនចុះសម្រុងគ្នា។
នាងសម្ដែងអារម្មណ៍ភ្ញាក់ផ្អើលដូចគ្នាក្នុងពេលដែលនាង និងលោក សៅ រ៉ានី មានទំនាក់ទំនងស្រឡាញ់គ្នារហូតដល់៧ឆ្នាំ ស្រាប់តែសម្រេចចិត្តផ្ដាច់ពាក្យគ្នានៅប៉ុន្មានថ្ងៃក្រោយពិធីភ្ជាប់ពាក្យត្រូវបានធ្វើឡើងយ៉ាងអធឹកអាធ័មនៅរាជធានីភ្នំពេញ កាលពីពាក់កណ្ដាលខែ៦។
នាងចាត់ទុកថាការសម្រេចចិត្តគឺជាដំណោះស្រាយសម្រាប់ស្នេហា ដើម្បីកុំឲ្យឈានដល់ពិធីរៀបការហើយចុងក្រោយក៏ត្រូវបែកគ្នាធ្វើឲ្យនាងឈឺចាប់។ ក្នុងនោះនាងក៏អះអាងថាមិនមានបញ្ហាពិបាកចិត្ត ឬខូចចិត្តនោះផងដែរ បើទោះជាស្នេហានោះត្រូវបានសាងឡើងទាំងលំបាកស្រាប់តែត្រូវបែកគ្នាតែក្នុងរយៈពេលខ្លី។
នាងថាចំណងស្នេហ៍នោះបែកគ្នាមួយរយៈមកហើយ ប៉ុន្តែមកពីនាងមិនទាន់ចង់បញ្ជាក់ ឬទទួលស្គាល់ទើបមិនដែលផ្ដល់សម្ភាសន៍។ យ៉ាងណាក៏ដោយនាងថាខ្លួនសុខចិត្តទទួលស្គាល់ គឺដោយសារតែស្នេហានេះ មិនអាចឈានដល់ការផ្សះផ្សារ បន្ទាប់ពីនាង និងលោកសៅ រ៉ានីត សុទ្ធតែប្រកាន់ជំហរមិនវិលបកក្រោយ។
ជាមួយនឹងសារភាពរបស់នាងនេះហើយ ដែលធ្វើឲ្យម្នាក់ៗភ្ញាក់ព្រឺត ដោយសូម្បីតែសមាជិកក្នុងក្រុមកំប្លែងរបស់នាងក៏សម្ដែងអារម្មណ៍ស្រឡាំងកាំងដូចគ្នា កុំថាឡើយដល់មហាជន ដែលទើបតែសម្ដែងអារម្មណ៍អបអរ និងសរសើរថានាងជានារីសំណាងដែលមានកំលោះអាមេរិកចុះមកភ្ជាប់ពាក្យយ៉ាងអធឹកអធ័មនោះ៕
មតិយោបល់