ភ្លាមៗបន្ទាប់ពីទទួលបានគ្រឿងឥស្សរយស ពីសម្តេចគតិព្រឹទ្ធបណ្ឌិត កាលពីល្ងាចថ្ងៃ១១ មករា តារាចម្រៀងពេជ្រ សោភា បានយកគ្រឿងឥស្សរយសរបស់ខ្លួន ទៅបំពាក់អោយខ្មោចឪពុកភ្លាមៗ ដោយនាងបញ្ជាក់ថាដើម្បីឧទ្ទិសភាពជោគជ័យ ដែលខ្លួនបានទទួលជូនដល់អ្នកមានគុណ ដែលចាកចោលនាង។
ពេជ្រ សោភា និយាយថានេះជាលើកទី១ ដែលនាងត្រូវបានបំពាក់គ្រឿងឥស្សរយស ពីថ្នាក់ដឹកនាំកំពូល បើទោះជានាងបានចំណាយ ពេលជួយច្រៀងដល់សង្គម ជាពិសេសគឺបានចូលរួមសកម្មភាពច្រៀងផ្សព្វផ្សាយ ដល់កាកបាទក្រហមអស់រយៈពេលច្រើនឆ្នាំ។ នាងថាក្នុងចំណោម តារាទាំង៣៨នាក់ ដែលទទួលបានមេដាយ និងគ្រឿងឥស្សរយសកាលពីថ្ងៃម្សិលមិញ នាងទទួលបានខ្សែពាក់ឈាង បន្ទាប់ពីនាងក៏បានចូលរួមផ្សព្វផ្សាយ ក្នុងយុទ្ធនាការរបស់កាកបាទក្រហមកម្ពុជា ជាពិសេសគឺច្រៀងជួយដល់សង្គម។ នាងបានសម្រេចយកឈាងដែលខ្លួនទទួលបាន ទៅបំពាក់ជូនដល់រូបថតខ្មោចឪពុក ដោយនាងឧទ្ទិសថា ជីវិតដែលឪពុកផ្ដល់អោយមិនត្រឹមតែ ជួយអោយនាងមានលទ្ធភាពរស់បានដោយថ្លៃថ្នូរប៉ុណ្ណោះទេ តែក៏បានទទួលគ្រឿងឥស្សរយស ដែលមនុស្សមួយចំនួនមិនមានឱកាសទទួលផងដែរ។ នាងថាខ្លួនចង់ស្រក់ទឹកភ្នែក នៅពេលពិធីទទួលខ្សែពាក់ឈាងជាគ្រឿងឥស្សរយស មិនមានវត្តមានរបស់ឪពុកបានឃើញ បានដឹង ក្នុងពេលដែលចង់អោយអ្នកមានគុណ ជាមនុស្សទី១ បានឃើញនូវភាពជោគជ័យរបស់ខ្លួន។
ពេជ្រ សោភា ថាខ្លួនសប្បាយចិត្ត ប៉ុន្តែទន្ទឹមនឹងអារម្មណ៍រំភើបទឹកភ្នែក ចេញពីចិត្តក៏បានហូរស្រក់ផងដែរ នៅពេលដែលនាងពាក់ឈាង ហើយអត់មានឪពុកនៅក្បែរ។ នាងរំពឹងថាការឧទ្ទិសរបស់នាងនឹងបានដឹងដល់វិញ្ញាណរបស់ឪពុក ហើយធ្វើអោយលោកសប្បាយចិត្ត ទើបនាងសម្រេចចិត្តតម្កល់ឈាងកិត្តិយសបំពាក់ជូនខ្មោចឪពុក ដោយនាងយល់ថាកិត្តិយស ដែលនាងទទួលបាន សមជារបស់ឪពុក ដែលជាអ្នកផ្ដល់កំណើតទៅវិញទេ៕
មតិយោបល់