ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ានីឡា វ៉ាក់អើនឹងសង្សារចាស់ ក្រោយតុលាការប្រកាសសាលក្រម

ក្រោយពីតុលាការចេញសាលក្រមបានប៉ុន្មានថ្ងៃ តារាចម្រៀងនាងសុខ ចិន្តា ហៅ វ៉ានីឡា បានអះអាងថាកញ្ញាបានជួបជាមួយលោក គុយ សិទ្ធិស័ក្ដ នៅប៉ុន្មានថ្ងៃក្រោយតុលាការចេញសាលក្រម ដោយក្នុងពេលនោះរូបនាងជិះឡាន ហើយអតីតសង្សាររបស់នាងជិះកង់ដើរលេង ដែលហាក់មើលទៅមិនមានបញ្ហារឿងភ័យបារម្ភពីការកាត់ក្ដីរបស់តុលាការនោះឡើយ។ កញ្ញាថាជារឿងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលកញ្ញាមិនដែលបានជួបមុខគូជម្លោះរបស់ខ្លួនទាល់តែសោះស្រាប់តែមកវ៉ាក់អើដាក់គ្នា នៅប៉ុន្មានថ្ងៃក្រោយតុលាការចេញសាលក្រមកាត់ក្ដី។

កញ្ញានិយាយថា ហេតុការណ៍ដែលនាំឲ្យនាងវ៉ាក់អើជាមួយលោកគុយ សិទ្ធិស័ក្ដ នោះ គឺបានកើតឡើងនៅម្ដុំបុរីទួលសង្កែ ដោយក្នុងពេលនោះ គឺនាងជិះឡានឆ្លងកាត់ម្ដុំនោះ ហើយអតីតសង្សារជិះកង់ក្នុងរបៀបហាត់ប្រាណដោយនាង និងលោកបានសម្លឹងមុខគ្នាតែម្ដង។

នាងថាមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងក្នុងពេលដែលនាងមិនទាន់នឹងមានអារម្មណ៍កក់ក្ដៅពាក់ព័ន្ធនឹងសុវត្ថិភាពផង ស្រាប់តែមកវ៉ាក់អើយ៉ាងចៃដន្យដោយលោក និងនាងក៏បានឃើញគ្នា។ យ៉ាងណាមិញ នាងថារវាងនាង និងលោកក្រោយពេលសម្លឹង មើលមុខគ្នាបានមួយឆាវ ក៏បានងាកមុខចេញរៀងខ្លួន ហើយធ្វើដំណើរចាកចេញរៀងខ្លួន។

នាងថាគ្រាន់តែឃើញលោក គុយ សិទ្ធិស័ក្ដ វ៉ាក់អើជាមួយនាងនៅក្នុងថ្ងៃនោះ គឺមានអារម្មណ៍ស្រឡាំងកាំងតែម្ដង ហើយនាងគ្រាន់តែជួបមុខដោយផ្ទាល់ជាមួយសង្សារក៏ភ័យបុកពោះ ជាពិសេសក្នុងពេលដែលការវ៉ាក់អើនោះ គឺទើបតែមានសាលក្រមតម្រូវឲ្យនាងឈ្នះក្ដីពីតុលាការផង។ នាងនិយាយថាគ្រាន់តែឃើញមុខភ្លាមគឺស្ទុះបើកឡានចេញភ្លាម ក្នុងពេលដែលលោកគុយ សិទ្ធិស័ក្ដឯណោះវិញ គ្រាន់តែងាកមើលមុខនាងក៏ទាញកង់ជិះចេញដូចគ្នា ដោយមិនមានសកម្មភាពចង់រករឿងនាងនោះទេ។

នាងបានបង្ហើបទៀតថា មុនពេលតុលាការប្រកាសសាលក្រមប៉ុន្មានថ្ងៃ លោកគុយ សិទ្ធិស័ក្ដ ក៏បានផ្ញើសារមកសុំចរចារជាមួយនាងផងដែរ ប៉ុន្តែនាងមិនបានឆ្លើយតប ទើបសំណើរចរចារនោះមិនបានផ្លែផ្កា ហើយប៉ុន្មានក្រោយមកក៏ឈានដល់ការប្រកាសសាលក្រមពីតុលាការតែម្ដង។

នាងសន្និដ្ឋានថាអតីតសង្សារប្រហែលមិនមានអារម្មណ៍តក់ស្លុតក្រោយពីត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធធនាគារ១ឆ្នាំ និងបង់ជំងឺចិត្តដល់នាង២០០លានរៀលនោះឡើយ ទើបនៅលើហ្វេសប៊ុករបស់អតីតសង្សារនៅតែមានការបង្ហោះសកម្មភាពថ្មីៗជាហូរហែរដូចមិនមានរឿងអ្វី និងថែមទាំងឃើញជិះកង់យ៉ាងសប្បាយចិត្តក្នុងថ្ងៃដែលនាងវ៉ាក់អើជួបមុខដោយផ្ទាល់នោះទៅទៀត។

ស្របគ្នាដែលនាងមិនទាន់ដឹងថាសាលក្រមដែលបានប្រកាសឡើងដោយតុលាការមិនទាន់អនុវត្តន៍នោះផង ទើបនាងនៅមិនទាន់សប្បាយចិត្តបើទោះជាត្រូវតុលាការកាត់ក្ដីឲ្យឈ្នះទៅហើយ។

យ៉ាងណាក៏ដោយនាងជឿជាក់ថាសាលក្រមដែលបានប្រកាសឡើងនឹងមិនអាចបន្តអូសបន្លាយដោយមិនអើពើនោះទេ គឺពិតជាឈានដល់ការចាប់ខ្លួនជនល្មើសដែលបានធ្វើឲ្យនាងឈឺចាប់មកផ្ដន្ទាទោសតាមច្បាប់ឲ្យស្របតាមអ្វីដែលសាលក្រមតុលាការប្រកាសឡើង។

នាងបានចាត់ទុកថាជារឿងភ្ញាក់ផ្អើលមិនធម្មតានោះទេ ក្នុងពេលដែលមុនប្រកាសសាលក្រមលោកកុយ សិទ្ធិស័ក្ដ ផ្ញើសារមកសុំចរចារ ហើយដល់ពេលតុលាការទើបតែប្រកាសឲ្យនាងបានឈ្នះត្រឹមតែប៉ុន្មានក្រោយ ស្រាប់តែនាង និងបុរសដែលជាគូជម្លោះជួបមុខគ្នានៅទីសាធារណៈ ហើយថែមទាំំងឃើញមុខគ្នាទៅវិញទៅមក ដោយសារលោកគុយ សិទ្ធិស័ក្ដ ស្រាប់តែជិះកង់មកកាត់ខាងមុខរថយន្តរបស់នាង។ នាងនៅតែមានអារម្មណ៍មិនទាន់កក់ក្ដៅ ក្នុងពេលឃើញបុរសដែលចាញ់ក្ដីនាង នៅតែមានអារម្មណ៍ដើរហើរហាក់មិនមានបញ្ហា ដោយនៅលើហ្វេសប៊ុកក៏នាងកត់សម្គាល់ឃើញថានៅតែមានការបង្ហោះជាហូរហែរ ដែលមិនខុសពីមានសេរីភាព ហើយមិនខ្វល់ទាល់តែសោះ។

យ៉ាងណាមិញ នាងថាអ្វីដែលនាងប៉ាន់ស្មានអាចមិនត្រូវក៏ថាបាន ដោយនាងនិយាយថាសកម្មភាពនៅលើហ្វេសប៊ុករបស់អតីតសង្សារ និងការជិះកង់ហាត់ប្រាណ ឬដើរលេងផង អាចជាការបន្លប់ទុក្ខ និងភាពអាម៉ាសក៏ថាបាន៕

មតិយោបល់