ព័ត៌មានសិល្បៈ និងកម្សាន្ត

ខេមរៈ ភារុណ លាក់កុងត្រា ខេមរៈ សិរីមន្ត ខណៈការវិភាគរឿង ព្រាប សុវត្ថិ ក្លាយជាចំណុចរសើប !

វត្តមានរបស់លោកខេមរៈ សិរីមន្ត បានធ្វើឲ្យមានការវិភាគច្រើនឡើងដោយសារតែលោក និងលោកព្រាប សុវត្ថិ គឺជាកំពូលតារាចម្រៀងដែលធ្លាប់តែគ្រងតំណែងជាស្ដេចខ្លានៅក្នុងផលិតកម្ម២ផ្សេងទៀត។ បើទោះជាមានការទម្លាយថាហង្សមាសសុខចិត្តទទួល លោក ខេមរៈ សិរិមន្ត គឺដោយសារតែលោកយល់ព្រមចុះកុងត្រាធ្វើជាតារាចម្រៀងពេញសិទ្ធិជាថ្នូរនឹងលក្ខខណ្ឌមួយចំនួន ក៏បងប្រុសរបស់លោកគឺ ខេមរៈ ភារុណ បានលាក់យ៉ាងជិតពីព័ត៌មានលម្អិតពាក់ព័ន្ធនឹងបញ្ហានោះ។

លោក ខេមរៈ ភារុណ ជាបងប្រុសរបស់លោក សេរីមន្ត និយាយថា លោកមិនអាចបញ្ជាក់ឲ្យដឹងថាលោក ខេមរៈ សិរីមន្ត កុងត្រាជាមួយហង្សមាសប៉ុនមាននោះទេ ដោយលោកបញ្ជាក់ថាបើចង់ដឹងរឿងនេះ ឲ្យព្យាយាមជជីកសួរផលិតកម្មហង្សមាសទើបអាចឆ្លើយបាន។ បន្ថែមពីលើនោះ ក៏បានច្រានចោលនូវការសម្ភាសន៍ទាំងឡាយណាដែលចង់ដឹងពីយុទ្ធសាស្រ្តបែបណាដើម្បីឲ្យលោក ខេមរៈ សិរីមន្ត បន្តឈរជើងធ្វើជាតារាជួរមុខក្រោយចូលហង្សមាស ដែលប៉ះសុទ្ធតែស្ដេចខ្លានៅក្នុងពិភពសិល្បៈនោះផង។

លោកបញ្ជាក់យ៉ាងខ្លីថា រវាងលោក និងប្អូនប្រុសពិតជាបានចូលជ្រកនៅក្នុងផលិតកម្មហង្សមាស តែរឿងសម្ភាសន៍ណាមួយ លោកថាឲ្យទៅសួរភាគីខាងផលិតកម្មទើបអាចនិយាយបានដោយសារតែលោកក៏បានព្រមព្រៀមមិនផ្ដល់សម្ភាសន៍ពីព័ត៌មានលើសពីការទទួលស្គាល់ថាលោកខេមៈ សិរីមន្ត ពិតជាចូលហង្សមាស។

ជាមួយនឹងវត្តមានរបស់លោកមានការលើកឡើងយ៉ាងច្រើនថា រវាងលោក ខេមរៈ សិរីមន្ត និងលោក ព្រាប សុវត្ថិ មិនអាចធ្វើស្ដេចខ្លានៅលើភ្នំតែមួយនោះទេ គឺពិតជាមានម្នាក់ត្រូវតែបោះបង់កៅអីរបស់ខ្លួនចេញ ដើម្បីឲ្យនៅលើភ្នំហង្សមាសមានស្ដេចខ្លាតែម្នាក់ដូចដើម បើទោះជាមុននេះបន្តិចអ្នកណាក៏មើលឃើញថាលោក ខេមរៈ សិរីមន្ត ត្រូវគេទទួលស្គាល់ថាជាកំពូលតារាចម្រៀងដែលមិនខុសពីស្ដេចម្នាក់នៅសាន់ដេ ហើយលោក ព្រាប សុវត្ថិ ក៏មិនខុសពីស្ដេចចម្រៀងប្រចាំហង្សមាស។ អ្នកទាំងពីរត្រូវគេកត់សម្គាល់ថាមានយុវវ័យស្រឡាញ់ភាគច្រើនប្រហែលគ្នា ដោយបទចម្រៀងរបស់លោក ខេមរៈ សិរីមន្ត មានយុវវ័យ និងក្មេងៗ ពេញចិត្តច្រើនជាងនោះផង នាពេលចុងក្រោយ ទើបម្នាក់ៗមានការវិភាគយ៉ាងខ្លាំងថាវាអាចទៅរួចទៅដែលតារាចម្រៀងរូបនេះរត់ទៅជ្រកនៅហង្សមាស ហើយអាចបន្តតំណែងជាស្ដេចដូចមុន ក្នុងពេលដែលនៅហង្សមាសគេមានលោក ព្រាប សុវត្ថិ ជាស្ដេចតែម្នាក់ក្នុងពិភពចម្រៀងទៅហើយ។

យ៉ាងណាមិញ មានការពន្លយថាហង្សមាស មិនខ្វល់រឿងអ្នកណាជាខ្លាចាស់ឬខ្លាថ្មីនោះទេ ប៉ុន្តែហង្សមាសនឹងលើកតារាម្នាក់ៗផ្អែកតាមទីផ្សារ ទើបអ្នកខ្លះក៏យល់ថាលោក ខេមរៈ សិរីមន្ត អាចនឹងប៉ែងតំណែងរបស់លោក ព្រាប សុវត្ថិ បានដែរ គឺមិនខុសពីហង្សមាសទាញ ឱក សុគន្ធកញ្ញា ចូល ហើយក្រោមមកក៏លើកឲ្យក្លាយជាកំពូលតារាចម្រៀងលប់លើ សុគន្ធ និសា និង ពេជ្រ សោភា ដែលជាសមាជិករបស់ខ្លួននោះទេ។

អ៉ីចឹងហើយទើបម្នាក់ៗយល់ថាលោក ខេមរៈ សិរីមន្ត អាចនឹងមានឱកាសលោតលើលោក ព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងចាស់វស្សា ប៉ុន្តែក៏អាចប្រឈមកប់ស្ញិញដូចគ្នានឹងតារាចម្រៀងមួយចំនួនបន្តរក្សាតំណែងរបស់ខ្លួនមិនបាននោះផងដែរ។ មហាជនកំពុងចាំអ៊ុតមើលថា តើរវាងលោខេមរៈ សិរីមន្ត ហក់ចូលហង្សមាសនឹងឈានឡើងទីផ្សារឬបានត្រឹមតែមួយប្រ៉ាវដំបូង ខណៈដែលអ្នមនុស្សភាគច្រើនបានជឿជាក់ថាហង្សមាសមិនអាចលើក សិរីមន្ត ឲ្យខ្ពស់ជាងលោក ព្រាប សុវត្ថិ បានទេ ដោយសារតែលោក ព្រាប សុវត្ថិ ជាតារាដែលមានកេរ្តិ៍ឈ្មោះល្អជាង និងសមាជិកចាស់របស់ខ្លួននោះ៕

មតិយោបល់