តារាកំប្លែង ប្រិមប្រិយ បានធ្វើឲ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំងក្នុងពេលដែលនាងបានសារភាពថាពិតជាផ្ដាច់ពាក្យជាមួយអាណិកជនអាមេរិក ដែលទើបនឹងបានភ្ជាប់ពាក្យបានប្រមាណជាង១ខែមុន។ មិនត្រឹមតែមិនពិបាកចិត្ត នាងថែមទាំងបានអរគុណដល់មនុស្សម្នាក់ ក្រោយពេលផ្ដាច់ពាក្យនោះផង។
ប្រិមប្រិយនិយាយថា ទាំងពេលភ្ជាប់ពាក្យ និងក្នុងពេលកើតមានបញ្ហាគឺមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលបានដឹងច្បាស់ពីបញ្ហារបស់នាង ដោយមនុស្សម្នាក់នោះថែមទាំងមិនកាន់ជើងនាង ឬអតីតគូដណ្ដឹងក្នុងពេលកើតមានបញ្ហានោះផង។
នាងនិយាយថាមុនពេលភ្ជាប់ពាក្យក៏បុគ្គលម្នាក់នោះបានដាស់តឿនដល់នាងជាប្រចាំថានាងពិតជាច្បាស់ក្នុងចិត្តហើយឬនៅ ហើយក្នុងពេលផ្ទុះរឿងចម្រូងចម្រាស់ក៏បុគ្គលដដែលនេះបានដើរតួសម្រុះសម្រួល និងលើកទឹកចិត្តម្តងហើយម្ដងទៀត រហូតដល់ដំណាក់កាលដោះស្រាយលែងចេញ ហើយក៏យល់ព្រមឲ្យនាងផ្ដាច់ពាក្យដើម្បីបញ្ចប់បញ្ហាផងដែរ។ បុគ្គម្នាក់នោះ នាងថាគឺបងស្រីបង្កើតរបស់នាង ដែលក្រោយពីនាងអត់ពីម្ដាយទៅ គឺមានតែបងស្រីរបស់នាងម្នាក់នេះគត់ ដែលធ្វើឲ្យនាងបានស្គាល់នូវភាពកក់ក្ដៅ។
នាងថាបងស្រីតែងផ្ដល់ការប្រឹក្សាឲ្យនាង និងលោក សៅ រ៉ានីត ជាអតីតគូដណ្ដឹង មុនពេលផ្ដាច់ពាក្យមិនខុសពីចាស់ទុំម្នាក់ ដោយមិនមានការលម្អៀងមករកនាងជាប្អូន ឬមានការស្ដីបន្ទោសចំពោះលោកសៅ រ៉ានីត ដូចគ្នា ដោយនាងបញ្ជាក់ថាបើទោះជាបានកាត់ផ្ដាច់ទំនាក់ទំនងជាមួយគូដណ្ដឹង ក៏បងស្រីរបស់នាង និងលោកសៅ រ៉ានីត នៅតែមិនលម្អៀងក្នុងការផ្ដល់យោបល់ដដែល។ នាងថាអរគុណខ្លាំងណាស់អរគុណបងស្រីដែលបានដើរតួទីប្រឹក្សា និងយកចិត្តទុកដាក់ចំពោះនាងមិនដែលធុញទ្រាន់ ហើយនាងក៏សប្បាយចិត្ត និងមានមោទនភាពជាមួយបងស្រីរបស់ខ្លួនផងដែរ ទើបនាងមិនដែលពិបាកចិត្តបើទោះជាមានបញ្ហាណាមួយកើតឡើង ដោយសូម្បីតែរឿងផ្ដាច់ពាក្យពេលនេះ។ នាងនិយាយថា «រាល់ថ្ងៃអស់ពីម្ដាយទៅ គឺបងស្រីខ្ញុំតែម្នាក់គត់ដែលជាកម្លាំងចិត្ត គាត់ល្អគ្រប់ដប់ ហើយគាត់មិនមែនល្អតែមួយខ្ញុំទេ គឺសូម្បីតែរ៉ានីតធ្វើដាក់ខ្ញុំអ៉ីចឹង ក៏គាត់នៅតែផ្ដល់គំនិតល្អៗដែរគាត់ជាមនុស្សស្មើ តែបារម្ភ និងយកចិត្តទុកដាក់ចំពោះខ្ញុំ ទើបខ្ញុំអត់ភ្លេចទេចំពោះភាពកក់ក្ដៅដែលគាត់ឲ្យខ្ញុំរាល់ថ្ងៃហ្នឹង!»។
នាងប្រកាសថាមុនពេលផ្ដាច់ពាក្យគឺខ្លួនសម្រេចចិត្តច្បាស់ព្រោះតែបានប្រឹក្សាជាមួយបងស្រីនេះឯង ហើយបើកុំតែមានកម្លាំងចិត្តពីបងស្រីរបស់ខ្លួន ក៏ពិតជាធ្វើឲ្យនាងស្មុគចិត្តផងដែរ នៅពេលដែលភ្ជាប់ពាក្យមិនដល់ជាង១ខែផងស្រាប់តែមានរឿងបែកបាក់បែបនេះ៕
មតិយោបល់