បើទោះជាតារាសម្ដែង និងជាតារាភេទទី៣ នាងប៉ុបពី ព្យាយាមមិនតបចំពោះការមាក់ងាយយ៉ាងណា ក៏តារារូបនេះនៅតែរងការប្រមាថដដែលជាដដែល ឆ្លើយតបនឹងការបង្ហោះដងខ្លួនស៊ិចស៊ីរបស់នាងនៅលើហ្វេសប៊ុក ជាពិសេសគឺចាប់តាំងពីនាងបានបង្ហើបឲ្យដឹងថាខ្លួនក៏ចង់បានប្ដីមួយមិនខុសពីនារីទាំងពួងដែរ។
ជាមួយនឹងគ្នានោះក៏លេចឮថានាងទទួលរងនូវសម្ពាធស្នេហាព្រោះតែខំស្រឡាញ់គេអស់ពីបេះដូង តែមនុស្សដែលនាងភព្វប្រសព្វ រមែងក្បត់នាងទៅស្រឡាញ់នារីផ្សេងម្ដងជា២ដងនោះផង។
នៅលើសង្គមហ្វេសប៊ុកក្នុងប៉ុន្មានថ្ងៃនេះ កញ្ញាប៉ុបពី ហាក់មិនសូវមានយីអ៊ុនខ្ពស់នោះទេ ដោយសារតែមានអ្នកបញ្ចេញទស្សនាមាក់ងាយចំពោះនាងដដែលជាដដែល ក្នុងន័យបន្ទោសបង្អាប់ដល់នាងដែលជានារីភេទទី៣មិនពេញលក្ខណៈជាស្រីស្អាតពីធម្មជាតិ។ មិនថានារី ឬបុរស គឺមិនអត់នោះទេ ក្នុងការប្រើពាក្យថានាងជានារីមិនប្រមាណខ្លួន និងប្រើពាក្យសំដៅលើនាងជាខ្ទើយបែបនេះបែបនោះជាដើម ក្នុងន័យបំបាក់ទឹកចិត្ត រាល់ពេលដែលនាងបង្ហោះពីអារម្មណ៍ក្រោយការវះកាត់ និងបង្ហាញពីរូបរាងស្រឡូនដែលអ្នកឃើញទូទៅសរសើរថាស្អាតមិនចាញ់នារីស្រស់ស្អាតម្នាក់។
អ្នកលេងហ្វេសប៊ុកបានទាំងប្រមាថដោយពាក្យសម្ដីមិនសមទំនងឲ្យនាង ដែលធ្វើឲ្យនាងផ្ទុះកំហឹងចង់តបតម្ដងៗនោះផង។ បើទោះជានាងអះអាងថាមានអារម្មណ៍ធម្មតាសម្រាប់ការប្រមាថទាំងនេះ តែប៉ុបពីក៏មិនសូវសប្បាយចិត្តប៉ុន្មានដែរ នៅពេលដែលនាងធ្វើអ្វី ឬគ្រាន់តែបង្ហោះរូបបង្អួតពីរាងកាយ និងដើមទ្រូងស៊ិចស៊ីរបស់ខ្លួនក៏ត្រូវមនុស្សមួយចំនួនប្រើពាក្យមិនពិរោះពិសារ។ នាងក៏មិនសប្បាយចិត្តនោះដែរ ជាមួយនឹងការប្រមាថថានាងជាភេទទី៣ដូរប្រុសមិនរើសមុខ ក្នុងពេលដែលនាងក៏មានជំហរចង់បានបុរសតែម្នាក់មកធ្វើជាគូមិនខុសពីនារីទាំងពួងប៉ុន្តែបណ្ដាលមកពីបុរសភាគច្រើនដែលនាងភពប្រសព្វជាអ្នកបាយបាយចោលនាង តែបែរជាបន្ទោសថានាងជាភេទទី៣ដែលតែងយកបេះដូងរបស់បុរសដែលនាងបានស្គាល់មកលេងសើចហើយបោះបង់ទៅវិញ។
បន្ថែមពីការបញ្ជាក់ជាច្រើនពាក់ព័ន្ធនឹងការមាក់ងាយមិនអស់មិនហើយនោះ ប៉ុបពី ក៏នឹងបង្ហាញខ្លួនក្នុងកិច្ចសម្ភាសន៍បន្តផ្ទាល់នៅវេលាម៉ោង៧យប់ថ្ងៃទី២៤ សីហានេះផងដែរ ដោយនាងរំពឹងថាការលាតត្រដាងពីអារម្មណ៍ និងការឆ្លើយតបចំពោះអ្នកមើលងាយនាងពិតជាធ្វើឲ្យពួកគេយល់ហើយបញ្ចប់ការប្រមាថចំពោះនាងបន្តទៅទៀត៕
មតិយោបល់